ដោយៈ សរិទ្ធ / ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១០ យប់ បានឃាត់ខ្លួនជនសង្ស័យ ចំនួន បីនាក់ ករណីជួញដូរ និងផ្ដល់ទីតាំង ឲ្យប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ដាវកែច្នៃ) ស្ថិតត្រង់ចំណុចផ្លូវបេតុង មុខផ្ទះគ្មានលេខ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា បុរសជាជនសង្ស័យចំនួន បីនាក់នេះ មានៈ ១-ឈ្មោះ រុន ប៉ាលី អាយុ ២៩ ឆ្នាំ, ២-ឈ្មោះ ចាន់ថា ណារិន អាយុ ៣៨ ឆ្នាំ ទាំងពីរនាក់ ជាជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ និងមានទីលំនៅ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ និង ៣-ឈ្មោះ ភុំ សាន អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ វត្ថុតាង ដកហូត រួមមាន ក្រាមពណ៌សថ្លាចំនួន ៦កញ្ចប់ (២កញ្ចប់ធំ និង ៤កញ្ចប់ថង់តូច), ដាវកែច្នៃ ២ ដើម, សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យទាំង បីនាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ច ធ្វើការសាកសួរ នៅអធិការដ្ឋាននគបាលខណ្ឌដង្កោ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕  V / N