ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ភាគីកូរ៉េ សន្យាថា នឹងបង្កើនកូតាពលករកម្ពុជា ឱ្យបានលើស មួយម៉ឺននាក់ ក្នុងឆ្នាំ២០២៣ និងកាន់តែច្រើន នៅឆ្នាំបន្តបន្ទាប់ទៅមុខទៀត។ ខណៈពេល ក្នុងឆ្នាំ២០២២ កន្លងមកថ្មីៗនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ល្អ ក្នុងវិស័យបញ្ជូនពលករ ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ហើយតាមរយៈការវាយតម្លៃ ពីខាងភាគីកូរ៉េ ឃើញថា ពលករកម្ពុជា មានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់នឹងការងារ ធ្វើឱ្យនិយោជកកូរ៉េ ស្រលាញ់ពេញចិត្តជាខ្លាំង។

គួរបញ្ជាក់ថា លទ្ធផលនៃកិច្ចពិភាក្សានេះ ធ្វើឡើងរវាង លោក UH SOOBONG  ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស នៃសាធារណរដ្ឋកូរ៉េ ជាមួយលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ ដើម្បីពិភាក្សា អំពីវិធីសាស្រ្តក្នុងការជ្រើសរើស ទទួលពលករ ឱ្យបានឆាប់រហ័ស និងស្វែងយល់អំពី គម្រោងធ្វើសមាហរណកម្មពលករកម្ពុជា ក្រោយពេលត្រឡប់មកមាតុភូមិវិញ។

នៅក្នុងជំនួបនោះ លោក អុិត សំហេង បានលើកឡើងថាៈ សាធារណរដ្ឋកូរ៉េ ជាមិត្តដ៏ល្អ ដែលបានចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យការទូត និងកិច្ចសហប្រតិបត្តិការ របស់ប្រទេសយើងទាំងពីរ បានក្លាយជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថាៈ បើទោះស្ថិតក្នុងដំណាក់កាលកូវីដ -១៩ ក្តី សាធារណរដ្ឋកូរ៉េ នៅតែបន្តជ្រើសរើសពលករកម្ពុជា ទៅបម្រើការងារ នៅទីនោះ ព្រមទាំងមើលថែទាំ និងគាំពារពលករកម្ពុជា បានយ៉ាងល្អទៀតផង។ ជាមួយការដែល ពលករកម្ពុជា បានវិលត្រឡប់ ពីបម្រើការងារ នៅសាធារណរដ្ឋកូរ៉េវិញ លោកបណ្ឌិត សង្កេតឃើញថា ពួកគាត់មានវឌ្ឍនភាព និងមានការប្រែប្រួលសេដ្ឋកិច្ចជីវភាពយ៉ាងខ្លាំង ដោយអ្នកខ្លះប្រែក្លាយ ជាសហគ្រិនភាព និងជាអ្នកវិនិយោគ ដ៏ល្បីល្បាញ។

ទាក់ទិនក្នុងរឿងនេះ លោក អុិត សំហេង បានថ្លែងអំណរគុណដល់ ក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ ផ្តល់សេវាការងារ ជូនដល់ពលករកម្ពុជា បានយ៉ាងល្អ ដោយនៅក្នុងឆ្នាំ២០២៣ នេះ ភាគីកូរ៉េសន្យា ផ្តល់កូតាជូនពលករកម្ពុជា ជាងមួយម៉ឺននាក់ទៀតនោះ តាមរយៈគណៈកម្មាធិការបណ្តុះ បណ្តាល និងបញ្ជូនពលករទៅបរទេស (MTOSB) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងធ្វើការជ្រើសរើសពលករកម្ពុជា ដែលមានសមត្ថភាព និងឧស្សាហ៍ព្យាយាម ក្នុងការបំពេញការងារ ជូនដល់និយោជកកូរ៉េ ឱ្យកាន់តែមាន ផលិតភាពខ្ពស់។

ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស នៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ជូនលោក រដ្ឋមន្ត្រីថាៈ ភាគីកូរ៉េ នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញ ដល់ពលករបរទេស ដែលចប់ អាណត្តិការងារ នៅកូរ៉េ ដោយក្នុងនោះ កម្ពុជាអាចនឹងក្លាយជាប្រទេសអាទិភាព ដែល ទទួលបានពីគម្រោងថ្មីនេះ ដោយគម្រោងនេះ មានគោលដៅផ្តល់ប្រាក់កម្ចី ជួយដល់ ពលករ ដើម្បីអាចបើកអាជីវកម្មមួយបានសមរម្យ និងមានប្រាក់ចំណូលបានយ៉ាងប្រសើរ។

លោក អុិត សំហេង បានថ្លែងថាៈ ពិតជារីករាយចំពោះ គម្រោង ដែលភាគីកូរ៉េ ជួយបណ្តុះ បណ្តាលជំនាញ ដល់ពលករបរទេស ដែលចប់អណត្តិការងារ នៅកូរ៉េ ទទួលបាន ការបណ្តុះបណ្តាលជំនាញ ដ៏ជាក់លាក់មួយ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបង្កើត អាជីវកម្មផ្ទាល់ខ្លួន។

លោករដ្ឋមន្ត្រី ចង់ឱ្យពលករកម្ពុជា ស្ថិតក្នុងអាទិភាពខ្ពស់មួយ ក្នុងចំណោមប្រទេស ដទៃទៀត ដែលកូរ៉េគិតថា នឹងធ្វើការជ្រើសរើស៕/V-PC