ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាអនុប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីនៅវិមានសន្តិភាពរាជធានី ភ្នំពេញនាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារីនិងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តីបានថ្លែងថាការអភិវឌ្ឍសមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំនៅថ្នាក់ជាតិនិងថ្នាក់ ក្រោមជាតិការអភិវឌ្ឍសមត្ថភាពដល់ស្ត្រីជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការជានារីនៅថ្នាក់ជាតិត្រូវបានយកចិត្តទុកដាក់ខ្ពស់ដោយថ្នាក់ដឹកនាំស្ថាប័ន។នៅរដ្ឋបាលថ្នាក់ក្រោម ជាតិក្រសួងកិច្ចការនារីបានរៀបចំកម្មវិធីអភិវឌ្ឍន៍សមត្ថភាពមន្ត្រីកិច្ចការនារីក្នុងការអនុវត្តការងារការស្វែងរកការគាំទ្រមតិ ការបញ្ជ្រាបយេនឌ័រ និងបរិយាបន្ន សីល ធម៌សង្គមនិងភាពជាអ្នកដឹកនាំនិងដាក់បញ្ចូលទៅក្នុងកម្មវិធីវិនិយោគ ឃុំ សង្កាត់ និង សមាហរ ណកម្មផែនការឃុំ សង្កាត់ ថ្នាក់ ក្រុង ស្រុក ខណ្ឌ។

នៅឆ្នាំ២០២២មន្ត្រីរាជការស្ត្រីមានចំនួន៦,៨២២នាក់នៃមន្ត្រីរាជការសរុប ២៨,៥៤២នាក់បានទទួលការពង្រឹងសមត្ថភាពលើចំណេះដឹងនិងជំនាញផ្សេងៗ ទាំងនៅក្នុង ប្រទេសនិងក្រៅប្រទេស។ ក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជាស្ត្រីបានក្លាយជាកម្លាំងចលករដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍសង្គម។កម្លាំងពលកម្ម ជាស្រ្តីមានប្រមាណ ៨៤ ភាគរយហើយស្រ្តីប្រមាណ ៦១ភាគរយ ជាម្ចាស់អាជីកម្មឬអ្នកធ្វើធុរកិច្ចដែលជាអត្រាខ្ពស់ក្នុងតំបន់ ។ នៅឆ្នាំ២០២២ ស្ត្រីជាម្ចាស់ក្រុមហ៊ុនមានកើន ឡើងចន្លោះពី ២០ភាគរយទៅ ២២ភាគរយនិងស្ត្រីជាម្ចាស់សហគ្រាសកើនពីចន្លោះពី ៣០ភាគរយទៅ ៣២ភាគរយ។

លោកស្រី អ៊ឹង កន្ថាផាវី បានបញ្ជាក់ថាទន្ទឹមនឹងលទ្ធផលសម្រេចបាននេះនៅមានបញ្ហាប្រឈមនិងកង្វល់មួយចំនួនដែលត្រូវបន្តរួមគ្នាដោះស្រាយតាម រយះយន្តការបញ្ជ្រាបយេនឌ័រនៅថ្នាក់ជាតិនិងក្រោមជាតិ កិច្ចការពារសិទ្ធិស្ត្រី តម្រូវឱ្យមានការអភិវឌ្ឍធនធានមនុស្សនិងការធ្វើទំនើបកម្មស្ថាប័នពង្រីក វិសាលភាពការងារ ដើម្បីឆ្លើយតបទៅការវិវត្តន៍ថ្មីៗនិងបញ្ហារបស់ស្ត្រីនិងក្មេងស្រីមានជាអាទិ៍ បទពិសោធន៍ ចំណេះដឹង ជំនាញ ទីផ្សារការងារ និងមុខរបរ និងសុវត្ថិភាពពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថលដើម។ល។

លោកស្រីរដ្ឋមន្រ្តីបានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងជាអនុប្រធានកិត្តិ យសនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដែលបានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ និងស្ថានភាពស្រ្តីលើគ្រប់វិស័យ និងគ្រប់កម្រិតក្នុងការ អនុវត្តច្បាប់គោលនយោបាយ និងវិធានការនានា តាមរយៈយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីដែលជានិច្ចកាលតែងផ្តល់នូវការ គាំទ្រយ៉ាងពេញទំហឹងទាំងស្មារតីនិងថវិកាដល់ដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ឱ្យសម្រេចបាននូវវឌ្ឍនភាពជាទីមោទនៈក្រោមសុខសន្តិភាពជាតិ ។

ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន បានសំដែងការរីករាយដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់ក្នុងការលើកម្ពស់សិទ្ឋិសេរីភាព សមភាពយែនឌ័រនិង ការចូលរួមរបស់ស្ត្រី ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីដែលបានរួមចំណែក យ៉ាងសកម្មក្នុងការកសាងនិងអភិវឌ្ឍសង្គមជាតិ។ សម្តេចតេជោបានបន្តថាបច្ចុប្បន្នស្ត្រីបានចូលរួមចំណែកក្នុងកិច្ចការងារជាច្រើនក្នុងវិស័យផ្សេងៗដូចជាវិស័យសុខាភិ បាល , វិស័យសេវាកម្ម ធនាគា សណ្ឋាគារ, ភោជនីដ្ឋាន និងគ្រូបង្រៀន រួមទាំងវិស័យយោធាផងដែរ។

សូមជម្រាបថា ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រីមានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយសនិងមានសម្តេចតេជោ ហ៊ុន សែនជាអនុប្រធានកិត្តិយស ។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ករុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី តែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍លើ ការងារមួយចំនួនរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទីពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី៕