អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ​រុះរើ​ផ្ទាំង​ប៉ាណូ​ចាស់​ទ្រុឌទ្រោម​ចេញ តាម​ការស្នើ​ឡើង​ពី​ពលរដ្ឋ​

1226
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ សហការ​ជាមួយ​មន្ទីរជំនាញ​ក្នុង​ខេត្តកោះកុង កាលពី​ថ្ងៃទី​១២ ខែកក្កដា បានសម្រេច​ចុះ​កាត់​រុះរើ​ផ្ទាំង​ប៉ាណូ​ពាណិជ្ជកម្ម ដែល​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ដើម្បី​ជៀសវាង​ការបង្ក​គ្រោះថ្នាក់​ជាយ​ថា ហេតុ​ណាមួយ​ដល់​ប្រជាពលរដ្ឋ​អ្នកដំណើរ​ឆ្លងកាត់​ជុំវិញ​ផ្សារ​ដងទង់​។​

​លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេមរភូមិន្ទ បានឱ្យ​រស្មី​កម្ពុជា​ឱ្យដឹងថា វិធានការ​កាត់​រើ​ផ្ទាំង​ប៉ាណូ​ពាណិជ្ជកម្ម​ចាស់​នេះ ដោយ​ប្រើ​រថយន្ត​ស្ទួ​ច​ចំនួន​២​គ្រឿង ធ្វើឡើង​តាម​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​បារម្ភ​ពី​សុវត្ថិភាព​រាល់ពេល​ធ្វើដំណើ​រ​ទៅមក ខ្លាច​ដែក​ចាស់​ច្រោះ​បាក់​លើ​ខ្លួន ខណៈ​រដូវវស្សា​មាន​ខ្យល់​បោកបក់​ខ្លាំង​។​

​អភិបាលក្រុង​ខេមរភូមិន្ទ បានបញ្ជាក់​ទៀតថា ផ្ទាំង​ប៉ាណូ​ពាណិជ្ជកម្ម​ដែលមាន​ស្ថានភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង មាន​បណ្តោយ​៦​ម៉ែត្រ និង​ទទឹង​៥​ម៉ែត្រ​ពុំមាន​ក្រុមហ៊ុន​ណាមួយ បន្ត​សុំ​សិទ្ធិ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឡើយ​។ គ្រា​ជាង​១០​ឆ្នាំមុន ជា​ផ្ទាំង​ប៉ាណូ​នេះ​ទទួល​ផ្សាយពាណិជ្ជកម្ម​ដោយ​ក្រុមហ៊ុនទូរស័ព្ទ Hello បច្ចុប្បន្ន​សមាហរណកម្ម​ជាមួយ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត Smart​។​

​លោក ឈេ​ង សុវណ្ណ​ដា ក៏បាន​អរគុណ​រាល់​ការ​សំណូមពរ និង​មតិ​រិះគន់​ក្នុងន័យ​ស្ថាបនា​កែលម្អ​ឲ្យ​ល្អប្រសើរ​ក្នុងសង្គម​មូលដ្ឋាន​រស់នៅ​របស់​ព​ល​រដ្ឋ​ផងដែរ​។ និយាយ​បែបនេះ ពុំមែន​អាជ្ញាធរ​ប្រ​ងើយ​កន្តើយ​នឹង​មតិ​ស្នើសុំ​ឡើង​របស់​ពលរដ្ឋ​ទេ ពោលគឺ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​សិទ្ធិ​ពេញលេញ​រៀបចំ​សណ្តាប់ធ្នាប់ និង​ផ្តល់​សេវាសាធារណៈ​គ្រប់ពេលវេលា ប៉ុន្តែ​បញ្ហា​ខ្លះ​ក៏ត្រូវ​ការ​ពេលវេលា​ដើម្បី​សិក្សា​ពី​សាវតា​នៃ​រឿងរ៉ាវ​សិន មុននឹង​ដោះស្រាយ​។​

​សកម្មភាព​កាត់​ទម្លាក់​ផ្ទាំង​ប៉ាណូ​ចាស់​ក្បែរ​កាច់ជ្រុង​ផ្សារ​ដងទង់​នេះ ត្រូវបាន​លោក នាង ច​ន្ធា អ្នកលក់ដូរ​និង​លោក ញ៉ែម សឿន អ្នករត់ម៉ូតូឌុប និង​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បាន​សាទរ​ចំពោះ​ការយកចិត្តទុកដាក់​អំ​ពី​សុវត្ថិភាព​អ្នកដំណើរ​ជា និង​សណ្តាប់ធ្នាប់​សោ​ភណ្ឌ​ភាព​សាធារណៈ​។ ហើយ​សង្ឃឹមថា អាជ្ញាធរ​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត​អោយទាន់​ពេលវេលា ខណៈ​ខេត្តកោះកុង នឹង​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​ជុំ​ទី​២ ចុងឆ្នាំ​២០១៨​នេះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម