ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​កាលពី​ថ្ងៃ​ចន្ទ​បាន​ទទូច​សុំ​អោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ថ្កោល​ទោស​ការបាញ់​កាំជ្រួច​ផ្លោង​ដ៏​ខុស​ច្បាប់​របស់​កូរ៉េខាងជើង តែ​ចិន​និង​រុស្ស៊ី​បាន​បន្ទោស​ភាព​តឹនតឹង​កាន់តែ​កើនឡើ​ង​នៅ​ឧបទ្វី​ប​កូរ៉េ​នេះ​ថា​មក​ពី​អាម៉េរិក​ពង្រីក​សមយុទ្ធ​យោធា​ដែល​ផ្តោត​លើ​កូរ៉េខាងជើង​។​

​នៅ​កិច្ចប្រជុំ​គ្រាអាសន្ន​មួយ ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី លីន​ដា ថូ​ម៉ាស​-​ហ្គ្រី​ន​ហ្វៀ​ល​(Linda Thomas-Greenfield)​បាន​ប្រាប់​ក្រុមប្រឹក្សា​ថា​សហរដ្ឋ​អាម៉េរិក​នឹង​ស្នើ​សេចក្តីថ្លែងការណ៍​មួយដើម្បី​សុំអោយ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​អនុវត្តតាម​សេចក្តីសំរេចចិត្ត​ដាក់ទណ្ឌកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​លើ​ខ្លួន និង​ចូលរួម​ការចរចា​ដ៏​មាន​ន័យ​។​

​សេចក្តីថ្លែងការណ៍​​ណាមួយ​ចេញពី​ក្រុមប្រឹក្សាសន្តិសុខ ទាមទារ​ការ​គា​ំទ្រ​ពី​សមាជិក​ទាំងអស់ រួម​ទាំង​សម្ពន្ធមិត្ត​កូរ៉េខាងជើង គឺ​ចិន​និង​រុស្ស៊ី​ផងដែរ​។​

​លោកស្រី លីន​ដា ថូ​ម៉ាស​-​ហ្គ្រី​ន​ហ្វៀ​ល បាន​និយាយថា សហរដ្ឋ​អាម៉េរិក​ថ្កោលទោស​ការបាញ់​កាំជ្រួច​ផ្លោង​ចម្ងាយ​ខ្លី​ពីរ​ដើម​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ការ​បាញ់​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​មួយ​កាលពី​ថ្ងៃ​សៅរ៍ ដោយ​រំលោភ​បំរាម​របស់​ក្រុមប្រឹក្សាសន្តិសុខ​ស្តីពី​ការបាញ់​កាំជ្រួច​ផ្លោង​របស់​កូរ៉េ​ខាងជើង​។​«​ការបាញ់​និងសម្តី​គំរាម​របស់​កូរ៉េខាងជើង កំពុង​បំផ្លាញ​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ​»​។​

​តែ​សម្ពន្ធមិត្ត​របស់​កូរ៉េខាងជើង គឺ​ចិន​និង​រុស្ស៊ីបាន​តប​វិញ​ថា អ្វី​ដែល​ត្រូវការ​នៅពេល​ឥឡូវ គឺ​ការចរចា​រវាង​កូរ៉េខាងជើង​និង​រដ្ឋការ​លោកបៃ​ដិន​ការបន្ថយ​សមយុទ្ធ​យោធា បន្ថយ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង និង​អនុម័ត​សេចក្តី​សំ​រេ​ចិត្ត​មួយ​ដែល​ប្រទេស​ទាំង​ពីរ​បាន​ផ្សព្វផ្សាយ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២១ ក្នុង​បំណង​ដោះស្រាយ​ស្ថានការណ៍​នៅលើ​ឧបទ្វីប​កូរ៉េ​។​

​សេចក្តីសំរេចចិត្ត​នោះ​សុំ​អោយ​ក្រុមប្រឹក្សា​សន្តិសុខ​បញ្ចប់​ទណ្ឌកម្ម​មួយចំនួន​លើ​កូរ៉េខាងជើង និង​អំពាវនាវ​អោយ​អាម៉េរិក​និង​កូរ៉េខាងជើង​បន្ត​ការ​ចរចាហើយ​ពិចារណា​ចាត់វិធានការ​បន្ធូរបន្ថយ​ភាព​តានតឹង​និង​ហានិភ័យ​នៃ​ការប្រឈមមុខ​ដោយ​យោធា​ដោយ​អនុម័ត​សេចក្តីប្រកាស​ឬ​សន្ធិសញ្ញា​សន្តិភាព​មួយ​ដើម្បី​ប​ញ​្ចប់​សង្គ្រាម​កូរ៉េ​១៩៥០-១៩៥៣​ជា​ផ្លូវការ​។​

​សូមបញ្ជាក់​ថា​សង្គ្រាម​កូរ៉េ​បាន​បញ្ចប់​ត្រឹម​សន្ធិសញ្ញា​ផ្អាក​សង្គ្រាម​មួយ​ប៉ុណ្ណោះ ដោយ​ទុក​អោយ​ឧបទ្វីប​កូរ៉េ​នៅក្នុង​ស្ថានភាព​មាន​សង្គ្រាម​នៅឡើយ​តា​ម​លក្ខណៈ​បច្ចេកទេស​។​

​ឯកអគ្គរដ្ឋទូត​រង​ចិន​លោក ដាយ បី​ញ​(Dai Bing)​បាន​និយាយថា សមយុទ្ធ​រួម​គ្នា​រវាង​យោធា​អាម៉េរិក​និង​កូរ៉េខាងត្បូង​ក្នុង​«​កំរិត​ខ្ពស់​និង​ទំហំ​ធំ​»ការបញ្ជូន​ទ្រព្យ​យុទ្ធសាស្ត្រ​យោធា​អាម៉េរិក​មកកាន់​ឧបទ្វីប​កូរ៉េ និង​ដំណើរ​ទស្សនកិច្ច​របស់​អគ្គលេខា​អង្គការ​ណា​តូ​ទៅកាន់​ទីក្រុង​សេ​អ៊ូ​ល​និង​តូ​ក្យូ​កាល​ពី​ពីរ​សប្តាហ៍​មុន សុទ្ធតែ​«​បង្ក​រឿង​ជា​ខ្លាំង​» ចំពោះ​កូរ៉េខាងជើងនិង​«​បង្កើន​អារម្មណ៍​អន្តិ​សុខ​ខ្លាំងឡើង​»​។​

​ចំណែក​ឯកអគ្គរដ្ឋទូត​រង​របស់​រុស្ស៊ី បាន​ប្រាប់​ក្រុមប្រឹក្សា​ថា កូរ៉េខាងជើង​កំពុង​ឆ្លើយតប​ជាមួយ​នឹង​ការសាកល្បង​កាំជ្រួច​ទៅនឹង​«​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​និង​ស៊ី​ជំរៅ​ដែល​មិន​ធ្លាប់​មាន​នៅក្នុង​តំបន់ក្រោម​ឆត្រ​អាម៉េរិក ដែល​វា​មាន​លក្ខណៈ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​ទាំងស្រុង​»​។​

​ក្នុងពេល​ជាមួយគ្នា​ឯកអគ្គ​រដ្ឋ​ទូត​ជប៉ុន ដែល​ប្រទេស​លោក​ប​ាន​កោះប្រជុំ​គ្រាអាសន្ន​នេះ បាន​ប្រាប់​ក្រុមប្រឹក្សា​ថា កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​របស់​កូរ៉េ​ខាងជើង​បាន​ធ្លាក់​ចូល​តំបន់​សេដ្ឋកិច្ច​ពិសេស​ជប៉ុន​កាលពី​ថ្ងៃ​សៅរ៍ នៅ​ចម្ងាយ​តែ​២០០​គីឡូម៉ែត្រ​ពី​កោះ​ហុក​កៃដូ កន្លែង​ដែល​មនុស្ស​អាច​មើ់ល​ឃើញ​វា​ធ្លាក់​ពីលើ​មេឃ​។​វា​គំរាម​ដល់​នាវា​និង​យន្តហោះ និង​ជា​«​អំពើ​បំភិតបំភ័យ​និង​ការប្រើ​កម្លាំង​គំរាម​។​ការ​នៅ​ស្ងៀមមិនប្រតិកម្មនឹង​គ្រាន់តែ​លើកទឹកចិត្ត​អោយ​អ្នក​បំពាន​ច្បាប់​ធ្វើ​ស្រេច​តែ​ចិត្ត​»៕

​ក្រោយ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា លោកស្រី លីន​ដា ថូ​ម៉ាស​-​ហ្គ្រី​ន​ហ្វៀ​ល​បាន​អាន​សេចក្តីថ្លែងការណ៍​មួយ​តាងនាម​អោយ​សមាជិក​១០​ប្រទេស​ក្នុង​ក្រុម​ប្រឹក្សា​និង​កូរ៉េខាងត្បូង ដោយធ្វើការ​ថ្កោលទោស​កូរ៉េខាងជើង និង​អំពាវនាវ​អោយ​សមាជិក​ប្រាំ​ទៀត​ក្នុង​ក្រុមប្រឹក្សា​ចូលរួម​ថ្កោលទោស​

​រូបភាព​បញ្ចេញ​ដោយ​កូរ៉េ​ខាងជើង បង្ហាញ​កាំជ្រួច​ផ្លោង​ដែល​ត្រូវ​បាញ់​ចេញ​ពី​ទីតាំង​មិន​ស្គាល់​មួយ​នៅ​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​២០​កុម្ភៈ​