ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមមន្ត្រីរុស្ស៊ីនិងប្រធានប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ដំណើរដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រធានាធិបតី ចូ បៃដិន ទៅកាន់ទីក្រុងគៀវកាលពីថ្ងៃចន្ទទី២០កុម្ភៈ បានបង្ហាញថា ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី គឺជា “អ្នកបម្រើ” របស់គាត់ និងជាការកត់សម្គាល់ការចាប់ផ្តើមនៃយុទ្ធនាការបោះឆ្នោតឡើងវិញនៅឆ្នាំ ២០២៤ របស់គាត់។
លោកបៃដិនបានចាកចេញពីទីក្រុងវ៉ាស៊ីនតោនដោយសម្ងាត់នៅម៉ោង ៤៖១៥ នាទីព្រឹកថ្ងៃអាទិត្យ ដោយហោះទៅកាន់ប្រទេសប៉ូឡូញហើយបន្ទាប់មកជិះរថភ្លើងរយៈពេល១០ ម៉ោង ដូច្នេះទើបគាត់អាចមកឈរជាមួយលោកហ្សេលេនស្គី នៅមុនបួនថ្ងៃមុននៃគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ី។
ដំណើរទស្សនកិច្ចសម្ងាត់នេះក៏បានកើតឡើងផងដែរនៅមួយថ្ងៃមុន ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងថ្លែងសុន្ទរកថាថ្នាក់រដ្ឋរបស់គាត់។
ទូរទស្សន៍រដ្ឋរុស្ស៊ីបាននិយាយថា ដំណើរទស្សនកិច្ចនេះបានបង្ហាញថា លោកបៃដិន “កំពុងធ្វើរឿងអ្វីមួយ” នៅក្នុងប្រទេសអ៊ុយក្រែន ដោយលោក វ្ល៉ាឌីមៀ រ៉ូហ្គូវ (Vladimir Rogov) ជាជនជាតិរុស្ស៊ីទទួលបន្ទុកតំបន់កាន់កាប់ ហ្សាប៉ូរីហ្សហ្សា (Zaporizhzhia) របស់អ៊ុយក្រែន បាននិយាយថា លោកហ្សេលេនស្គីមើលទៅហាក់ដូចជាអ្នកបម្រើនៅក្បែរលោកបៃដិន។
វិមានក្រឹមឡាំងបានយកលេសធ្វើសង្គ្រាមមួយផ្នែកដោយផ្អែកថារដ្ឋាភិបាលរបស់លោកហ្សេលេនស្គីត្រូវបានគ្រប់គ្រងដោយលោកខាងលិច។
សមាជិកសភាជាន់ខ្ពស់រុស្ស៊ីលោក កុងស្តង់ទីន កូសាឆេវ (Konstantin Kosachev) បាននិយាយនៅលើTelegramថា លោកបៃដិន អាយុ ៨០ ឆ្នាំ កំពុងប្រើអ៊ុយក្រែនជាឈ្នាន់ដើម្បីចាប់ផ្តើមយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ របស់គាត់។
លោកកូសាឆេវបាននិយាយថា “បៃដិននៅក្នុងទីក្រុងគៀវបានចាប់ផ្តើមយុទ្ធនាការបោះឆ្នោតរបស់គាត់ដោយធ្វើខ្លួនដូចជាវីរបុរសអ៊ីចឹង ដើម្បីបង្ហាញដល់មនុស្សគ្រប់គ្នាថា គាត់នៅតែអាចធ្វើវាបានដូចកាលពីអតីតកាល។ រដ្ឋាភិបាលក្រុងគៀវមិនត្រូវបានផ្តល់ជម្រើសអ្វីក្រៅតែពីព្យាយាមនិងជំរុញមនុស្សឱ្យទៅស្លាប់ដោយមិនដឹងខ្លួន ជាផ្នែកនៃយុទ្ធនាការបោះឆ្នោតរបស់បៃដិន”។
អ្នកអត្ថាធិប្បាយរបស់រុស្ស៊ីក៏បានកំណត់ចរិតលក្ខណៈរុស្ស៊ីថាជាភាគីថ្លៃថ្នូរផងដែរ ដោយផ្តល់ការធានាសន្តិសុខដល់រដ្ឋាភិបាលអាម៉េរិកមុនដំណើររបស់បៃដិនមកអ៊ុយក្រែន។
អ្នកវិភាគនយោបាយដែលគាំទ្រវិមានក្រឹមឡាំង លោក សឺហ្គេ ម៉ាកូវ (Sergei Markov) បាននិយាយថា “អ្នករាល់គ្នាដឹងថា ប្រសិនបើរុស្ស៊ីនិយាយថា ខ្លួននឹងមិនវាយប្រហារទីក្រុងគៀវក្នុងអំឡុងទស្សនកិច្ចរបស់រដ្ឋមួយចំនួននៅទីនោះ វាមានន័យថា រឿងនេះនឹងមិនកើតឡើងទេ ពីព្រោះយើងជាអ្នកដែលរក្សាពាក្យសន្យា និងជាភាគីប្រកាន់ខ្ជាប់នូវអំពើល្អនិងភាពស៊ីវិល័យ”។
សេតវិមានពិតជាបានលាតត្រដាងថា ខ្លួនបានជូនដំណឹងដល់វិមានក្រឹមឡាំង មុនពេលលោកបៃដិនឡើងមកកាន់រដ្ឋធានីអ៊ុយក្រែន។
ទីប្រឹក្សាសន្តិសុខជាតិលោក ជែក ស៊ូលលីវ៉ាន់ (Jake Sullivan) បាននិយាយថា រុស្ស៊ីត្រូវបានជូនដំណឹងជាមុនសម្រាប់ “គោលបំណងកុំបង្កជម្លោះ” មុនពេលលោកបៃដិនធ្វើដំណើរទៅកាន់តំបន់សង្គ្រាមសកម្ម កន្លែងដែលសហរដ្ឋអាម៉េរិកគ្មានវត្តមានយោធានិងមានតែបុគ្គលិកស្ថានទូតមួយចំនួនប៉ុណ្ណោះ៕
សម្ពន្ធមិត្តពូទីននិយាយថា ដំណើរទស្សនកិច្ចរបស់បៃដិនគ្រាប់តែជាផ្នែកនៃយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ របស់គាត់ រីឯហ្សេឡេនស្គីជា«ឆ្កែបំរើ»ដែលរុញប្រជាជនខ្លួនឯងឱ្យទៅស្លាប់ដោយមិនដឹងខ្លួន