ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រុស្ស៊ីកំពុងព្យាយាមប្រើការគំរាមកំហែងនុយក្លេអ៊ែររបស់ខ្លួនដើម្បីធ្វើឱ្យការគាំទ្រជាអន្តរជាតិចុះខ្សោយសម្រាប់អ៊ុយក្រែន នេះបើតាមចារកម្មរបស់រដ្ឋាភិបាលក្រុងគៀវ។
ក្រសួងការពារជាតិអ៊ុយក្រែនបានរាយការណ៍តាមរយៈ Telegram ថា រុស្ស៊ីបានចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំដែលពាក់ព័ន្ធនឹងកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួនឈរជើងសម្រាប់ការបាញ់នុយក្លេអ៊ែរទាំងតាមអាកាស ផ្លូវគោក និងសមុទ្រ ហើយដាក់អង្គភាពរបស់ខ្លួនឱ្យប្រុងជើងការខ្ពស់បំផុត។
សារបង្ហោះ ដែលបានចែករំលែកកាលពីថ្ងៃអាទិត្យ បានព្រមានថា រុស្ស៊ីកំពុងមានគម្រោងប្រើប្រាស់ “ការគំរាមកំហែងនុយក្លេអ៊ែរ” ដើម្បីធ្វើឱ្យការគាំទ្រពីបរទេសចុះខ្សោយ និងដើម្បីបញ្ឈប់ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន ទៅកាន់អឺរ៉ុបក្នុងសប្តាហ៍នេះ។
ទោះយ៉ាងណា លោកបៃដិនបានទៅដល់ប៉ូឡូញកាលពីថ្ងៃចន្ទទី២០កុម្ភៈដើម្បីជួបជាមួយប្រធានាធិបតី អង់ដ្រេ ឌូដា (Andrzej Duda) និងមេដឹកនាំអង្គការណាតូផ្សេងទៀត នៅមុនថ្ងៃគម្រប់ខួបមួយឆ្នាំនៃសង្គ្រាមអ៊ុយក្រែនក្នុងសប្តាហ៍នេះ។
មេដឹកនាំអាម៉េរិកមិនបានខ្វាយខ្វល់ពីការព្រមានរបស់រុស្ស៊ីទេហើយបានធ្វើដំណើរទស្សនកិច្ចដោយមិនប្រកាសទៅកាន់ទីក្រុងគៀវ បន្ទាប់ពីបានជូនដំណឹងដល់រុស្ស៊ីអំពីទស្សនកិច្ចនេះ ហើយបានសន្យាថានឹងឈរជាមួយអ៊ុយក្រែនជាដរាប ដោយសន្យាផ្តល់ជំនួយយោធាតម្លៃ ៥០០ លានដុល្លារទៀតផង។
យោងតាមរបាយការណ៍ចារកម្មបានឱ្យដឹងថា រុស្ស៊ីបានត្រួតពិនិត្យប្រព័ន្ធបញ្ជាកណ្តាលរបស់ខ្លួនហៅថា “Monolith”។
ប្រព័ន្ធដូចគ្នានេះត្រូវបានប្រើក្នុងអំឡុងវិបត្តិឆ្នាំ ១៩៦២ រវាងសហរដ្ឋអាម៉េរិកនិងសហភាពសូវៀត នៅពេលដែល “Monolith” ជួយបញ្ជូនបទបញ្ជាទៅកាន់កងកម្លាំងមីស៊ីលយុទ្ធសាស្ត្រ។
ស្ថាប័នផ្តល់គំនិតឯករាជ្យមួយរបស់អាម៉េរិក ហៅថា Global Security បានកត់សម្គាល់ថា “គុណវិបត្តិដ៏ធ្ងន់ធ្ងរបំផុតនៃប្រព័ន្ធនេះគឺថា បទបញ្ជាពីទីក្រុងមូស្គូក្នុងការបាញ់មីស៊ីល មិនអាចលុបចោលបានទេ”។
ប្រព័ន្ធថ្មីត្រូវបានណែនាំតាំងពីពេលនោះមកដើម្បីបំបាត់ចោលចំណុចខ្វះខាតទាំងនេះ៕
កងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ពូទីនត្រូវបានដាក់ឱ្យប្រុងជើងការខ្ពស់