​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រដ្ឋមន្ត្រីការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២១​កុម្ភៈ​ថា ប្រទេស​លោក​ចង់​ដើរតួនាទី​មួយ​ក្នុង​ការបញ្ចប់​សង្គ្រាម​នៅ​អ៊ុ​យក្រែន ដោយ​បារម្ភ​ជាខ្លាំង​ខ្លាចក្រែង​ជម្លោះ​នេះ​រាលដាល​លែង​អាច​គ្រប់គ្រង​បាន​និង​បាន​អំពាវនាវ​អោយ​ប្រទេស​មួយចំនួន​ឈប់​«​ចាក់​ប្រេង​លើ​ភ្លើង​» នៅក្នុង​ការនិយាយ​ដែល​ទំនង​សំដៅ​សហរដ្ឋ​អាម៉េរិក​។​

​លោក ឈីន ហ្កាង​(Qin Gang) បាន​ប្រាប់​អ្នកចូលរួម​នៅ​សន្និសីទ​សន្តិសុខ​មួយ​នៅ​ទីក្រុង​ប៉េកាំង​ថាចិន​បារម្ភ​ថាសង្គ្រាម​ចំណាស់​មួយ​ឆ្នាំ​នេះ​កាន់តែ​«​រាលដាល​ហួស​ពី​ការ​អាច​គ្រប់គ្រង​បាន​»ហើយ​ប្រទេស​មួយចំនួន​ឈប់​«​ចាក់​ប្រេង​លើ​ភ្លើង​ជាបន្ទាន់ »​និង​ឈប់​និយាយ​បំប៉ោង​ថា «​ថ្ងៃនេះ​អ៊ុ​យក្រែន ថ្ងៃស្អែក​តៃវ៉ាន់​»​តទៅទៀតទៅ​។​

«​យើង​ប្រឆាំង​ជាដាច់ខាត​អនុត្តរភាព​ក្នុង​ទំរង់​ណាមួយ ប្រឆាំង​ការជ្រៀតជ្រែក​បរទេស​នៅក្នុង​កិច្ចការ​របស់​ចិន​»​។​

​លោក​បាន​បញ្ជាក់ថា ចិន​នឹង​បន្ត​អំពាវនាវ​អោយមាន​កិច្ច​ពិភាក្សា​រក​សន្តិភាព ហើយ​ផ្តល់​«​ទស្សនៈ​ចិន​»​ដើម្បី​ឈានដល់​ដំណោះស្រាយ​នយោបាយ​មួយ​ចំពោះ​វិបត្តិ​អ៊ុ​យក្រែន​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដែល​កាលពី​ឆ្នាំមុន​បានប្រកាស​«​ភាព​ជា​ដៃគូ​គ្មាន​ព្រំដែន​»​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ បាន​ទប់​មិន​ព្រម​ចេញ​ការ​ថ្កោលទោស​អ្វីដែល​លោក​ខាង​លិច​ថា​ជាការឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែនទេ ហើយ​បន្ទោស​លើ​ពួក​លោក​ខាងលិច​គិតតែ​ពង្រីក​សម្ពន្ធភាព​យោធា​ទៅ​កៀក​នឹង​ព្រំដែន​រុស្ស៊ី ដោយ​មិន​ខ្វល់​នឹង​ការព្រួយបារម្ភ​សន្តិសុខរបស់​រុស្ស៊ី​។​

​អាម៉េរិក​បាន​ព្រមាន​ចិន​ជា​បន្តបន្ទាប់​អំពី​ផលវិបាក បើសិនជា​ចិន​ផ្តល់​ការគាំទ្រ​យោធា​ដល់​រុស្ស៊ី ។​

​ទោះជា​បដិសេធ​ថា​ខ្លួន​មិន​ធ្វើ​ដូច្នេះ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំ​ង​បាន​កាលពី​ម្សិលមិញ​បានបញ្ជាក់​ថា អាម៉េរិក​គ្មាន​សិទ្ធិ​អ្វី​មក​ប្រាប់​ចិន​អោយ​ធ្វើ​ដូចនេះ​ដូច​នោះ​ពាក់ព័ន្ធ​នឹង​វិបត្តិ​អ៊ុ​យក្រែនទេ​ហើយ​ថា គឺ«​អាម៉េរិក​ខ្លួនឯង មិនមែន​ចិន​ទេ​ដែល​បញ្ជូន​សព្វាវុធ​ចូល​សមរភូមិ​អ៊ុ​យក្រែន​»។​

​ការលើកឡើង​របស់​លោក​ឈីន កើត​ឡើង​នៅ​ពេល​ទីភ្នាក់ងារ​សារព័ត៌មាន​តាស​( TASS)​របស់​រុស្ស៊ី បាន​និយាយថា​អ្នកការទូត​កំពូល​ចិនលោក​វ៉ាង យី ត្រូវ​ទៅ​ដល់​ទីក្រុង​មូ​ស្គូ​នៅ​ថ្ងៃ​អង្គារ​និង​ប្រមុខរដ្ឋ​ចិន​លោក​ស៊ី ជីន​ភីង ត្រូវ​គេ​រំពឹងថា​នឹង​ថ្លែង​«​សុន្ទរកថា​សន្តិភាព​»​មួយ​នៅ​ថ្ងៃ​សុក្រ ចំ​ខួប​មួយ​ឆ្នាំ​នៃ​ប្រតិបត្តិការ​យោធា​ពិសេស​រុស្ស៊ី​ចូល​អ៊ុ​យក្រែន​។​

​ក្នុងពេល​ឈប់​សំចត​នៅ​ហុងគ្រី លោក​វ៉ាង​កាលពី​ថ្ងៃ​ចន្ទ​ក៏​បាន​អំពាវនាវ​អោយ​មាន​ដំណោះស្រាយ​តាម​ការចរចា​មួយ​ចំពោះ​សង្គ្រាម​អ៊ុ​យក្រែន ចំ​ថ្ងៃ​ដែល​ប្រធានាធិបតី​អាម៉េរិក​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​អ៊ុយ​ក្រែន​ដើម្បី​បង្ហាញ​សាមគ្គីភាព ហើយ​ប្រកាស​ផ្តល់​ជំនួយ​យោធា​៥០០​លាន​ដុល្លារ​បន្ថែម​។​

​ក្នុងជំនួប​ជាមួយ​សម​ភាគី​អាម៉េរិក​កាលពី​ថ្ងៃ​សៅរ៍​នៅ​សន្និសីទ​សន្តិសុខ​មួយ​នៅ​ក្រុង​មុយ​និច លោក​វ៉ាង​ក៏​បាន​និយាយាថា អាម៉េរិក​គួរ​ជំរុញ​ការស្វែងរក​ដំណោះស្រាយ​នយោបាយ​មួយ​ចំពោះ​វិបត្តិ​នេះ​ជាជាង​«​បន្ថែម​ប្រេង​លើ​ភ្លើង​»៕

​រដ្ឋមន្ត្រីការបរទេស​ចិន ឈីន ហ្កាង បង្ហាញ​កាយវិកា​ស្វាគមន៍​ប្រតិភូ​មក​ចូលរួម​សន្និសីទ​សន្តិសុខ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​២១​កុម្ភៈ​