ដោយៈសុផល/ភ្នំពេញ៖កម្ពុជាបានប្រារព្ធកម្មវិធីសិក្ខាសាលា CamTESOL លើកទី១៩ ដែលជាជំនួបដ៏ធំឈានមុខគេមួយប្រចាំអាស៊ី និងជាការពង្រឹងវិស័យអប់រំ ដោយផ្តោតលើការបង្រៀនភាសាអង់គ្លេស ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ ការបង្កើនភាពធន់ និងការ ត្រៀម ខ្លួនសម្រាប់អនាគតក្នុងការបង្រៀនភាសាអង់គ្លេសតាមគន្លងប្រក្រតីថ្មី “Our Next Normal: Resilience Building and Future-Ready ELT”។
ពិធីបើកកម្មវិធីសនិ្នសីទ CamTESOLត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងគីឡា ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ឯកឧត្តម Dominic Williams ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជា និង លោក Michael DeTar អនុប្រធានស្ថានបេសកកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និង លោក ម៉ៅ ស្រេង នាយកស្ថាប័នអប់រំ អាយ ឌី ភី (IDP Education) កម្ពុជា នៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។
CamTESOL នាំមកនូវការជួបជុំគ្នាក្នុងចំណោមគ្រួបង្រៀនភាសាអង់គ្លេស និងគ្រូឧទ្ទេស អ្នកស្រាវជ្រាវក្នុងវិស័យផ្នែកបង្រៀនភាសាអង់គ្លេស (ELT) និងភាសាវិទ្យាបុគ្គលិករដ្ឋបាលរបស់សាលារៀននិងសាកលវិទ្យាល័យដែលបណ្តុះបណ្តាលផ្នែកភាសាអង់គ្លេសនិងអ្នកអប់រំដែលមានចំណាប់អារម្មណ៍ក្នុងការអប់រំភាសាអន្តរជាតិ។ ព្រឹត្តិការណ៍សនិ្នសីទ CamTESOL បានទាក់ទាញគណៈប្រតិភូក្នុងស្រុក និងក្រៅស្រុកចំនួនជាង ១៦០០ នាក់ មកពីជាង ៣៩ ប្រទេសជារៀងរាល់ឆ្នាំ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរលើការរៀបចំទទួលគណៈប្រតិភូ និងធ្វើសន្និសីទ CamTESOL ឡើងបានយ៉ាងល្អប្រសើររបស់ស្ថាប័នអប់រំ អាយ ឌី ភី (IDP Education)។ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានថ្លែងបន្ថែមទៀតថា៖«ការផ្លាស់ប្តូរនូវបទពិសោធន៍បង្រៀនរវាងអ្នកជំនាញក្នុងតំបន់ និងអន្តរជាតិពិតជាបានពង្រឹងគុណភាពនៃការអប់រំនៅក្នុងប្រទេសកម្ពុជាដោយក្នុងនោសិស្សនិស្សិតនៅកម្ពុជានឹងទទួលបាននូវជំនាញភាសាដែលប្រកបដោយគុណភាព ព្រមទាំងជំនាញទន់ផ្សេងៗ រួមមាន ការត្រិះរិះពិចារណាឲ្យបានស៊ីជម្រៅនិងការដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព»។
លោករដ្ឋមន្ត្រីបានបន្តថា៖ភាសាអង់គ្លេស ពិតមានសារសំខាន់នៅក្នុងប្រទេសកម្ពុជា ខណៈមិនត្រឹមតែជាភាសាប្រើប្រាស់ផ្លូវការរបស់អាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចូលទៅកាន់ចំណេះដឹងទូលំទូលាយ និងការចូលទៅកាន់និងចាប់យកជំនាញបច្ចេកវិទ្យាផងដែរ។
ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា បានលើកឡើងថា សន្និសិទ CamTESOL គឺជាវេទិកាដ៏ធំនិងមានសារៈសំខាន់ឈានមុខគេសម្រាប់អ្នកជំនាញបង្រៀនភាសាអង់គ្លេសនៅកម្ពុជា។ ឯកឧត្តមក៏បានបញ្ចាក់ផងដែរថា៖ ក្រៅពីការបង្កើនភាពធន់ការត្រៀមខ្លួសម្រាប់អនាគត និងការសន្មត់ភាពបម្រែបម្រួល ដោយធ្វើការផ្លាស់ប្តូរផ្នត់គំនិត ការសាកល្បង និងអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗសម្រាប់អនាគតពិតជាមានសារៈសំខាន់។
ឯកឧត្តម Dominic Williams ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជា បានលើកឡើងពីសារៈសំខាន់និងអត្ថប្រយោជន៍នៃសន្និសីទCamTESOL។ ក្នុងនោះឯកឧត្តមឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសបានផ្តោតលើតួនាទីភាសាអង់គ្លេសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសនានាទួទាំងសកលលោក។ ការចូលរួមសន្និសិទ CamTESOL ផ្តល់ឱកាសដល់អ្នកជំនាញបង្រៀនភាសាអង់គ្លេសនិងអ្នកស្រាវជ្រាវមកពីបណ្តាប្រទេសនានាជុំំវិញពិភពលោកដើម្បីបង្កើតទំនាក់ទំនង និងផ្លាស់ប្តូរនូវវិធីសាស្ត្របង្រៀនល្អៗរបស់ខ្លួនរវាងគ្នា។
លោក Michael DeTar អនុប្រធានស្ថានបេសកកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចូលរួមក្នុងពិធីបើកសន្និសិទ CamTESOLនិងលើកឡើង៖ CamTESOL ជាវេទិកាដ៏មានតម្លៃសម្រាប់លោកគ្រូ អ្នកគ្រូ ក្នុងការស្វែងរកនូវគំណិតអភិវឌ្ឍន៍ថ្មីៗ ក្នុងនោះបន្ថែមលើការបង្រៀនក៏មានការយល់បន្ថែមពីបច្ចេកវិទ្យាផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យការអប់រំទទួលបាននូវភាពជោគជ័យនិងបណ្តុះបណ្តាលសិស្សានុសិស្សឲ្យបង្កើនភាពធន់ទោះក្នុងកាលៈទេសៈណាក័ដោយ។ សន្និសិទឆ្នាំនេះពិតជាបានបន្តជម្រុញគណៈប្រតិភូចូលរួម ដែលជាអ្នកជំនាញបង្រៀនភាសាអង់គ្លេសដ៏ឆ្នើមនិងពេញសមត្ថភាព បន្តនៅការអភិវឆ្ឍន៍ និងបង្កើតសមិទ្ធផលថ្មីៗក្នុងវិស័យអប់រំ។
លោក ម៉ៅ ស្រេង នាយកស្ថាប័នអប់រំ អាយ ឌី ភី (IDP Education) កម្ពុជា បានមានប្រសាសន៍ក្នុងពិធីបើកសនិ្នសិទថា៖ ព្រឹត្តិការណ៍សនិ្នសីទ CamTESOL បានពង្រឹងចំណងមិត្តភាពរបស់អ្នកជំនាញផ្នែកបង្រៀនភាសាអង់គ្លេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអន្តរជាតិ ហើយសនិ្នសីទដ៏ធំប្រចាំតំបន់មួយនេះក៏ទទួលបានការគាំទ្រពីស្ថាប័នធំៗលំដាប់ពិភពលោកជាច្រើនជាបន្តបន្ទាប់។
លោកក៏បានបន្ថែមទៀតថា ការចូលរួមគាំទ្រពីស្ថាប័ន និងគណៈប្រតិភូទាំងក្នុងប្រទេស និងអន្តរជាតិ ព្រមទាំងក្រុមការងារ និងយុវជនស្ម័គ្រចិត្ត បានធ្វើឲ្យវេទិកាសនិ្នសីទ របស់យើងកាន់តែប្រសើរដើម្បីបន្តពង្រឹងគុណភាព និងរីកចម្រើនលូតលាស់លើវិស័យអប់រំនៅកម្ពុជា និងអាស៊ីអាគ្នេយ៍។
រៀបចំឡើងដោយស្ថាប័នអប់រំ អាយ ឌី ភី (IDP Education) ក្នុងឆ្នាំ ២០០៥ សនិ្នសីទ CamTESOLដ៏ធំនេះបានរួមបញ្ចូលនូវការធ្វើបទបង្ហាញប្រមាណជាង ៣៥០ ដោយអ្នកជំនាញផ្នែកបង្រៀនភាសាអង់គ្លេស (ELT)។ស្ថាប័នអប់រំ អាយ ឌី ភី (IDP Education) បន្តទទួលស្គាល់និងសម្តែងការសាទរពីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ស្ថានទូតអូស្ត្រាលី ស្ថានទូតអាមេរិក ស្ថានទូតអង់គ្លេស និងស្ថាប័ននានាជាច្រើនព្រមទាំងអ្នកដែលពាក់ព័ន្ធនៅក្នុងផ្នែកបង្រៀនភាសាអង់គ្លេសនៅក្នុងប្រទេសកម្ពុជា តំបន់អាស៊ីអាគ្នេយ៍ និងអន្តរជាតិទាំងមូល។ទន្ទឹមនឹងនោះក៏មានការចូលរួមតាំងពិព័រណ៍ពីស្ថាប័នបោះពុម្ភជាច្រើនដូចជា Cambridge, Macmillan, National Geographic, Oxford University Press, និង McGraw Hill ជាដើម។
សនិ្នសីទ CamTESOL បន្ទាប់នឹងប្រព្រឹត្តិទៅនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ បណ្តុះបណ្តាលសិស្សដើម្បីភាពជោគជ័យ ដោយនាំយកនូវភាសា ប្រើប្រាស់មកបង្រៀនក្នុងថ្នាក់ ’Preparing Successful Learners: Bringing Real Language into the ELT Classroom’៕Ph