ប្រែសម្រួល : កញ្ញាដាលីស (Drive) ៖ ក្រុមហ៊ុន Toyota គ្រោងនឹងបង្កើនល្បឿននៃការណែនាំរថយន្តអគ្គិសនី ដែលដឹកនាំដោយក្រុមហ៊ុនផ្នែករថយន្តប្រណីត Lexus របស់ខ្លួន ក្រោមការដឹកនាំរបស់នាយកប្រតិបត្តិថ្មី ចំពេលមានការរិះគន់ថា ក្រុមហ៊ុនមានភាពយឺតយ៉ាវក្នុងការដាក់លក់រថយន្តដែលដំណើរការដោយអាគុយ។
ទោះយ៉ាងណា ក្រុមហ៊ុនរថយន្តយក្សរបស់ជប៉ុននេះបានរក្សានូវជំនឿរបស់ខ្លួនក្នុងការផ្តល់ជូននូវរថយន្តដែលបញ្ចេញឧស្ម័នតិចជាច្រើនប្រភេទ រួមទាំងរថយន្តហាយប្រ៊ីដ ហាយប្រ៊ីដសាកភ្លើង និងថាមពលអ៊ីដ្រូសែន ដើម្បីបំពេញតម្រូវការរបស់អ្នកទិញដែលមិនទាន់អាចប្តូរទៅប្រើរថយន្តថាមពលអគ្គិសនីសុទ្ធបាន។
នៅក្នុងសន្និសីទសារព័ត៌មាននាពេលរាត្រីថ្ងៃទី១៤កុម្ភៈ ប្រធាននិងជានាយកប្រតិបត្តិថ្មីរបស់ Toyota លោក កូជី សាតូ (Koji Sato) ដែលខែមេសាខាងមុខនេះនឹងជំនួសតំណែងរបស់ប្រធានក្រុមហ៊ុនដែលកាន់តំណែងរយៈពេល ១៣ ឆ្នាំលោក អាគីអូ តូយ៉ូដា (Akio Toyoda) ដែលបាននាំមកនូវភាពរំភើបបន្ថែមទៀតចំពោះរូបរាងនិងរបៀបដែលរថយន្ត Toyota ដំណើរការនោះ បាននិយាយថា ក្រុមហ៊ុននឹងបង្កើនការដាក់លក់យន្តអគ្គិសនី។
លោកសាតូបាននិយាយថា “ដើម្បីចែកចាយរថយន្តអគ្គិសនីដ៏គួរឱ្យទាក់ទាញដល់អតិថិជនកាន់តែច្រើន យើងត្រូវកែសម្រួលរចនាសម្ពន្ធរថយន្ត ហើយជាមួយនឹងផ្នត់គំនិតផ្តោតលើរថយន្តអគ្គិសនីជាចម្បង យើងត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងនូវវិធីដែលយើងធ្វើអាជីវកម្ម រាប់ចាប់ពីការផលិតរហូតដល់ការលក់និងសេវាកម្ម”។
“ឥឡូវនេះដោយហេតុថាពេលវេលាត្រឹមត្រូវបានមកដល់ យើងនឹងពន្លឿនការអភិវឌ្ឍរថយន្តអគ្គិសនីជាមួយនឹងវិធីសាស្ត្រថ្មីមួយ”។
លោកសាតូបាននិយាយថា ក្រុមហ៊ុនផ្នែករថយន្តប្រណីតរបស់ Toyota គឺ Lexus ដែលបានបង្ហាញផែនការរួចហើយថានឹងដំណើរការដោយអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ ២០៣៥ ទូទាំងពិភពលោក នឹងដឹកនាំការផ្លាស់ប្តូរនេះ ជាមួយនឹងម៉ូដែលអគ្គិសនី “ជំនាន់បន្ទាប់” ជាច្រើននៅឆ្នាំ ២០២៦។
នាយកប្រតិបត្តិ ដែលធ្លាប់ដឹកនាំ Lexus រួមជាមួយនឹងក្រុមហ៊ុនរថយន្ត Gazoo Racing របស់ក្រុមហ៊ុន Toyota បាននិយាយថា ក្រុមហ៊ុនរថយន្តយក្សនេះមានបំណងប្រកាន់ខ្ជាប់នូវគោលដៅដែលបានប្រកាសពីមុនរបស់ខ្លួនក្នុងការលក់រថយន្តអគ្គិសនីឱ្យបានចំនួន ៣,៥ លានគ្រឿងក្នុងមួយឆ្នាំនៅត្រឹមឆ្នាំ ២០៣០។
ក្រុមហ៊ុនបានប្រកាសផែនការនានាក្នុងឆ្នាំ ២០២១ ដើម្បីដាក់លក់រថយន្តអគ្គិសនីចំនួន ៣០ ប្រភេទនៅត្រឹមឆ្នាំ ២០៣០៕
Lexus របស់ Toyota ក្រោមការដឹកនាំរបស់លោកសាតូ នឹងពន្លឿនការផលិតនិងលក់រថយន្តអគ្គិសនីថ្មីៗជាច្រើនប្រភេទ