ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អូស្ត្រាលី​មានកេរ្តិ៍ឈ្មោះ​ល្បី​ខាង​សត្វ​គ្រោះថ្នាក់ ហើយ​ក្នុង​ករណីខ្លះ​វា​ជា​រឿង​មិន​ពិត​ទេ​នៅតាម​ទីក្រុង​ដែល​ឱ្យ​អ្នក​ភ្ញៀវទេសចរ​ប្រុងប្រយ័ត្ន តែ​ក្នុងករណី​ផ្សេង​ការព្រមាន​អំពី​គ្រោះ​ថ្នាក់​គឺ​សម​ហេតុផល​។​

​រូបភាព​កំពុង​ល្បី​មួយ​ដែល​ថត​បាន​នៅ​រដ្ឋ​គ្វី​ន​ស៍លែ​ន​ខាងជើង (North Queensland) និង​ថ្មីៗ​នេះ​ត្រូវបាន​ចែករំលែក​តាម​អន​ឡាញ​គឺជា​ឧទាហរណ៍​ដ៏​ល្អឥតខ្ចោះ​មួយ​អំពី​ករណី​ខាងលើ ដោយ​ភ្ញៀវ​មិន​បាន​អញ្ជើញ​មួយ​ក្បាល​កំពុង​លាក់ខ្លួន​នៅក្រោម​ភក់​ជិត​គម្ពោត​ព្រៃ​។​

​ប៉ុន្តែ​នៅ​ចំ​កណ្តាល​ភក់ ភាពកខ្វក់ និង​ដុំថ្ម​នៅ​លើ​ច្រាំង​មាត់ទឹក​នេះ​គឺ​មាន​សត្វ​ល្មូ​ន​គ្រោះថ្នាក់​ដ៏​ធំ​សម្បើម​មួយ ដែល​ថ្គាម​ដ៏​មាន​អានុភាព​របស់​វា​អាច​កិនកម្ទេច​ជាមួយនឹង​កម្លាំង​ខ្លាំង​ជាង​ម៉ាស៊ីន​កិន​រថយន្ត​ឧស្សាហកម្ម​ទៅទៀត​។​

​ទម្រង់​រូបរាង​ក្រពើ​ដ៏​ធំ​នេះ​អាច​សង្កេតឃើញ​នៅ​ក្រោម​ភក់ ដោយ​ក្បាល​របស់​វា​បែរមុខ​ទៅ​មាត់ច្រាំង ហើយ​កន្ទុយ​លាក់​នៅក្នុង​ទឹក​ភក់​។​

​យោង​តាម​វេបសាយ National Geographic ក្រុម​អ្នកស្រាវជ្រាវ​បាន​វាស់​កំលាំង​នៃ​ការ​ខាំ​របស់​ក្រពើ​ទឹកប្រៃ​នេះ​នៅ​កម្រិត ៣.៧០០ ផោន (១.៦៧៨ គីឡូក្រាម​) ក្នុង​មួយ​អ៊ី​ញ​ការ៉េ (PSI) ដែល​វា​មាន​ឥទ្ធិពល​បំផុត​ក្នុងចំណោម​សត្វ​ល្មូ​ន​លើ​ដី​ទាំងអស់​។​

​ផ្ទុយទៅវិញ សត្វ​តោ​បង្កើត​កម្លាំង​ខាំ​បាន​ប្រហែល ១.០០០ psi ហើយ​ម៉ាស៊ីន​កិន​រថយន្ត​ឧស្សាហកម្ម​ភាគច្រើន​ត្រូវការ​ប្រហែល ២.០០០psi ដើម្បី​ធ្វើ​ការងារ​របស់​ពួកវា​។​

​យោង​តាម​វេបសាយ CrocWise ដែល​ជា​វេបសាយ​អំពី​សុវត្ថិភាព​ដែល​មាន​មូលដ្ឋាន​នៅ​តំបន់​ត្រូពិច​រដ្ឋ​គ្វី​ន​ស៍លែ​ន​ខាងជើង សត្វ​ក្រពើ​នៅក្នុង​តំបន់​នេះ​អាច​មាន​ប្រវែង​រហូតដល់ ៦ ម៉ែត្រ ហើយ​អាច​ទប់​ដង្ហើម​នៅក្រោម​ទឹក​រយៈពេល​មួយ​ម៉ោង​កន្លះ​៕

ក្រពើ​ទឹកប្រៃ​នៅ​រដ្ឋ​ឃ្វី​ន​ស៍លែ​ន​ខាងជើង​អាច​មាន​ប្រវែង ៦ ម៉ែត្រ​និង​អាច​ទប់​ដង្ហើម​នៅក្រោម​ទឹក​បាន​មួយ​ម៉ោង​កន្លះ