ដោយៈ ប.ខុន / ភ្នំពេញៈ ការសាងសង់ផ្លូវបេតុងឆ្អឹងដែក លើខ្នងទំនប់អាងត្រពាំងថ្ម ដែលមានទទឹង ៦ ម៉ែត្រ  ដោយក្រសួងធនធានទឹក និងឧតុនិយម អាចនឹងរួចរាល់ នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីបានបន្ថយប្រវែង មកនៅតែជាង ១៧ គីឡូម៉ែត្រ ដោយសារប្រវែងជាង ២ គីឡូម៉ែត្រ ជាន់ជាមួយគម្រោងក្រសួងអភិវឌ្ឍន៍ជនបទ ដែលត្រូវចាក់កៅស៊ូ។

លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានប្រាប់ ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ថាៈ គម្រោងសាងសង់ផ្លូវបេតុង លើខ្នងទំនប់អាងត្រពាំងថ្ម អាចនឹងរួចរាល់ នៅពាក់កណ្តាលខែមីនា ឆ្នាំ២០២៣  ដោយពេលនេះ (២១កុម្ភៈ) ចាក់បេតុង ពេញទំហំទទឹង ៦ ម៉ែត្រ បានដល់ប្រវែង ១៥.១៦៦ ម៉ែត្រ នៅសល់តែប្រមាណជា ២ គីឡូម៉ែត្រទៀត គឺរួចរាល់ជាស្ថាពរហើយ។

ប្រធានមន្ទីរខាងលើ បានបញ្ជាក់ថាៈ ការចាក់បេតុង កំរាស់ ០,២ ម៉ែត្រ ទទឹង ៣ ម៉ែត្រ (មួយចំហៀងផ្លូវ) បានប្រវែង ១៧.៤៦០ ម៉ែត្រ គឺបានដល់គោលដៅហើយ។ ឯការចាក់ បេតុងពេញទទឹង ៦ ម៉ែត្រ បានប្រវែង ១៥.១៦៦ ម៉ែត្រ។ ពីមុន គ្រោងចាក់ដល់ប្រវែង ២១ គីឡូម៉ែត្រ តែនៅពេលនេះ បានកាត់ចេញប្រវែងជាង ២ គីឡូម៉ែត្រវិញ ដោយសារវា ជាន់លើគម្រោងរបស់ ក្រសួងអភិវឌ្ឍន៍ជន ដែលត្រូវសាងសង់បន្ត ដោយចាក់កៅស៊ូ ដោយនៅពេលនេះ គេកំពុងតែចាប់ផ្តើមធ្វើការសាងសង់ឡើងដែរ។

គម្រោងសាងសង់ផ្លូវបេតុង ដោយក្រសួងធនធានទឹក និងឧតុនិយម នៅលើខ្នងទំនប់ អាងទឹកត្រពាំងថ្មនេះ កើតមានឡើងបន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេស អ្នករស់នៅ និងប្រើប្រាស់ផ្លូវនេះផ្ទាល់ បានស្នើសុំសម្តេចតេជោ នៅក្នុងឱកាស សម្តេច អញ្ជើញចូលរួមក្នុងកម្មវិធី ទិវាមច្ឆាជាតិ នៅអាងត្រពាំងថ្ម កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅរួចមក។ គម្រោងខាងលើនេះ តាមពិតត្រូវចាក់កៅស៊ូ តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ តែដោយសារមាន ការប្រទាញប្រទង់គ្នា ជាមួយនឹងស្ថាប័នជំនាញ ផ្សេងទៀត ទើបធ្វើឱ្យការសាងសង់ផ្លូវនេះ ខកខានរហូតដល់ពេលសព្វថ្ងៃ ៕/V/R