ដោយៈ សុផល / ភ្នំពេញ៖ ក្នុងពេលទទួលជួបសវនាការ ជាមួយលោក Cherdkiat ATTHAKOR ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសា ធារណការ និងដឹកជញ្ជូន បានលើកឡើង អំពីវឌ្ឍនភាព​​ការងារសាងសង់ ស្ថានីយច្រកព្រំដែនអន្តរជាតិថ្មី ស្ទឹងបត់ ក្រុងប៉ោយប៉ែត និងច្រកព្រំដែនអន្តរជាតិ បានណងអៀន ស្រុកអារញ្ញប្រាថេត ដោយបានបញ្ជាក់ថាៈ វឌ្ឍនភាពគម្រោងការងារនេះ គឺមានសន្ទុះទៅមុខ ដូចដែលមានក្នុងផែនការ និងរំពឹងទុកថា ការបើកឲ្យដំណើរការ នូវច្រកព្រំដែនអន្តរជាតិថ្មី សម្រាប់ការដឹកជញ្ជូនធុនធ្ងន់ ឆ្លងកាត់ព្រំដែន រវាងប្រទេសកម្ពុជា និងថៃ ។ ច្រកនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងកាត់បន្ថយការកកស្ទះ នៅ​ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត បានមួយចំណែកធំផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានស្នើឱ្យភាគីថៃ ពន្លឿនការងារសាងសង់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ សំដៅឈានទៅរកការបើ ​ឱ្យដំណើរការជាផ្លូវការច្រកទ្វារ អន្តរជាតិទ្វេភាគីមួយនេះបាន នាពេលដ៏ខ្លីខាងមុខនេះ។

លើសពីនេះទៅទៀត លោកទេសរដ្ឋមន្ត្រី បានជម្រាប អំពីការពិនិត្យលទ្ធគម្រោងសាងសង់ ច្រកព្រំដែនអន្តរជាតិថ្មដា ដើម្បីឈានទៅដល់ការបើកច្រក​ព្រំដែនអន្តរជាតិថ្មីមួយនេះ រវាងប្រទេសកម្ពុជា-ថៃ នាពេលអនាគត ដើម្បីប្រែក្លាយខ្សែបន្ទាត់ព្រំដែនមួយនេះ ឱ្យទៅជា តំបន់សេដ្ឋកិច្ចពិសេសមួយ ដូចច្រកអន្តរជាតិផ្សេងៗទៀតដែរ តាមរយៈដំណើរកម្សាន្ត របស់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងការដោះដូរទំនិញគ្នាទៅវិញទៅមក រវាងប្រទេស ទាំងពីរ កម្ពុជា-ថៃ។

លោកទេសរដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យភាគីថៃ ពិនិត្យលទ្ធភាព ជំរុញការតភ្ជាប់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ដែលនៅសល់ត្រឹមតែមួយគីឡូម៉ែត្រទៀត​ប៉ុណ្ណោះ ដើម្បីភ្ជាប់មកផ្លូវ ជាតិលេខ៥៥ របស់កម្ពុជា។ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថាៈ ការបើកច្រកព្រំដែន អន្តរជាតិថ្មីមួយនេះ ត្រូវបានរំពឹងថា នឹងជួយបង្កើនកិច្ចសហប្រតិបត្តិការ ទៅលើវិស័យ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង ថែមមួយកំរិតទៀត និងបើកឱកាសឱ្យបានកាន់តែទូលំទូលាយ ដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារធ្វើ និងការទាក់ទាញភ្ញៀវ ទេសចរ សម្តៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិនៃប្រទេសទាំងពីរផងដែរ។

លោកឯកអគ្គរាជទូត ក្នុងនាមរាជរដ្ឋាភិបាលថៃ បានសម្តែងនូវសុឆន្ទៈ និងសង្ឃឹមយ៉ាង មុតមាំថា តាមរយៈបេសកកម្មការទូត ក្នុងអាណត្តិនេះ លោក នឹងខិតខំអនុវត្តឱ្យសម្រេច បានសមិទ្ធផលថ្មីៗ ដែលរួមចំណែកដល់ការពង្រឹងពង្រីក ទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ រវាងរាជរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត៕/V/R