ដោយៈសុផល / ភ្នំពេញ៖ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការ គ្រប់គ្រងគម្រោង ហូកា រួមជាមួយលោក Christian Volder Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការ Swisscontact បានអញ្ជើញចូលរួម ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល “អ្នកវាយតម្លៃបង្គោល ហូកា ជំនាញ ការិយាល័យជួរមុខ គេហកិច្ច និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី” ដែលប្រព្រឹត្តិទៅនៅ សណ្ឋាគារ Sunway រាជធានីភ្នំពេញ។

លោក ប៉ាក់ សុខុម បានលើកឡើងថាៈ ការចូលរួមដ៏មានតម្លៃរបស់ គ្រប់ភាគីពាក់ព័ន្ធ ក្នុងកម្មវិធីនេះ បានបង្ហាញអំពីការរួបរួមគ្នា យកចិត្តទុកដាក់ លើការលើកកម្ពស់ជំនាញ វិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា ការស្តារសម្បទាវិជ្ជាជីវៈទេសចរណ៍ បង្កើតឱកាសការងារ ដល់យុវជន និងរួមគ្នាគៀងគរអ្នកជំនាញ ដែលបានចាកចេញពីជំនាញវិជ្ជាជីវៈទេសចរណ៍ អំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩ ឲ្យត្រឡប់មកចាប់ជំនាញវិជ្ជាជីវៈទេសចរណ៍ឡើងវិញ ក៏ដូចជា ការពង្រឹងពង្រឹងជំនាញវិជ្ជាជីវៈ សំដៅធានានូវគុណភាពសេវាកម្មទេសចរណ៍ ផងដែរ។

លោក បានបន្តទៀតថាៈ វគ្គបណ្តុះបណ្តាល អ្នកវាយតម្លៃបង្គោល ហូកានេះ គឺជាវគ្គពង្រឹង សមត្ថភាពបន្ថែមដល់លោកគ្រូ អ្នកគ្រូបង្គោល តាមបណ្តាលខេត្តគោលដៅគម្រោង ដើម្បីទទួលបានជំនាញបច្ចេកបន្ថែមទៀត លើការធ្វើតេស្ត និងវាយតម្លៃសមត្ថភាពរបស់ សិក្ខាកាម ក្រោយវគ្គបណ្តុះបណ្តាល។ កម្មវិធីនេះ នឹងចូលរួមពង្រឹងដល់និរន្តរភាពនៃ ការបណ្តុះបណ្តាល ទៅថ្ងៃអនាគត ដោយយើងអាចនិយាយបានថា មន្ត្រីបង្គោលតាមខេត្ត គោលដៅ នឹងមានសមត្ថភាពផ្នែកបណ្តុះបណ្តាលបច្ចេកទេសផង និងការធ្វើតេស្ត សមត្ថភាពផង សំដៅធានាឲ្យបាន នូវគុណភាព និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាល បដិសណ្ឋារកិច្ចហូកា ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

ចំណែក លោក Christian Volker Ide បានបង្ហាញជំហរមុតមាំរបស់អង្គការ Swisscontact ដើម្បីគាំទ្រគណៈកម្មការ ការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេស ចរណ៍ ឲ្យមានដំណើរការ បានយ៉ាងរលូន ប្រកបដោយប្រសិទ្ធភាព និងគុណភាព ជាពិសេសការចូលរួមចំណែក ដល់វិស័យទេសចរណ៍កម្ពុជា តាមរយៈការពង្រឹង និង លើកកម្ពស់ជំនាញវិជ្ជាជិវៈទេសចរណ៍ ដូចដែលលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ តែងលើកឡើងថា “ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក (Tourism Skills Is your Life)”។

លោក ជួប រតនា ប្រធាននាយកដ្ឋាន ផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធាន លេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានបញ្ជាក់ថាៈ រហូតមកដល់ បច្ចុប្បន្ន គណៈកម្មការគ្រប់គ្រងគម្រោងហូកា ក្រោមកិច្ចសហការ ជាមួយអង្គការ Swisscontact និងអនុវត្តសកម្មភាព ដោយមន្ទីរទេសចរណ៍ ខេត្តគោលដៅទាំង ១០ ទូទាំងប្រទេស បានធ្វើការបណ្តុះបណ្តាល អ្នកជំនាញកម្រិតទាប យុវជនក្រីក្រ ប្រជាសហគមន៍ទេសចរណ៍/អេកូទេសចរណ៍ អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មទេសចរណ៍ បានចំនួនប្រមាណជាង ៣.០០០ រូប ចាប់ពីឆ្នាំ២០១៥ ដល់ ២០២២ និងអាជីវកម្ម ច្រើនជាង ៤០០ នឹងទទួលផលពីការបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ហូកា នៅឆ្នាំ២០២៣ នេះ។

លោកបានបន្តទៀតថាៈ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានខិតខំគៀងគរដៃគូ អភិវឌ្ឍន៍ និងអង្គការជាតិអន្តរជាតិ ដើម្បីជ្រោមជ្រែងការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព (Up-Skilling) ដល់អ្នកជំនាញទេសចរណ៍ ក្នុងដំណាក់កាលគៀងគរមកវិញ នូវអ្នកជំនាញដែលបានឈប់សម្រាក កន្លងមក ដោយវិបត្តិជំងឺកូវីដ-១៩ និងបានពង្រឹង សមត្ថភាពអ្នកជំនាញ ដែលកំពុងបម្រើការងារ បច្ចុប្បន្ន បានយ៉ាងល្អប្រសើរ ហើយ កន្លងមក កម្មវិធីបណ្តុះបណ្តាល បដិសណ្ឋារកិច្ច ហូកា ត្រូវបានទទួលស្គាល់ជារបៀបវារៈ នៃការបណ្តុះបណ្តាលថ្នាក់ក្រោមជាតិ ដែលមានការទទួលស្គាល់ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ លើគុណភាព ប្រសិទ្ធភាព តម្លាភាព និងកិច្ចសហការដ៏ល្អ៕/V/R