ដោយ: ពៅនិមល / ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី២១ ដល់២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយធំៗ ត្រូវបានទម្លាក់ថ្លៃ ៥០ រៀល ក្នុងមួយលីត្រ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងពេលកន្លងទៅ។
ក្រសួងពាណិជ្ជកម្មកម្ពុជា នៅក្នុងសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ បានឲ្យដឹងថាៈ សម្រាប់ប្រេងសាំងធម្មតា បានធ្លាក់ថ្លៃពី ៤ ៤០០ រៀល មកត្រឹម ៤ ៣៥០ រៀល និងប្រេងម៉ាស៊ូត បានធ្លាក់ពី ៤ ៣៥០ រៀល មកត្រឹម ៤ ៣០០ រៀល ក្នុង១លីត្រ ។
គួររម្លឹកថា គិតរហូតមកដល់បច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាល នៅតែបន្ត និងសម្រេច បញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជាដដែល គឺចំនួន ៦,៥ សេនដុល្លារ ក្នុង១លីត្រ ដើម្បីជួយសម្រួល ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈ នៅកម្ពុជា។
តាមក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថាៈ ពាក់ព័ន្ធការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជានេះ ក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនា តាមប្រកាសដូចមានក្នុងភ្ជាប់ក្នុងឯកសារប៉ុណ្ណោះ៕/V/R