ដោយ:ពៅនិមល/ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុនកសិកម្ម និងធនាគារជប៉ុន នៅទីស្តីការក្រសួង។

នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក លោករដ្ឋមន្រ្តី បានសសេរថា ក្រុមហ៊ុនកសិកម្ម និងធនាគារជប៉ុនទាំងនោះ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនេះ មានដូចជា ក្រុមហ៊ុន Maru Co.,LTD, ក្រុមហ៊ុន CJCG Co.,LTD និងធនាគារ AFP Bank Subsidiary។

ជាមួយគ្នានេះ លោកបានបង្ហាញនូវការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ចំពោះការដាំជីរបន្លាក្នុងផ្ទះសំណាញ់តាមស្តង់ដារបស់ជប៉ុន សម្រាប់នាំចេញទៅកាន់ប្រទេសជប៉ុនផងដែរ។

លោករដ្ឋមន្ត្រី ឌិត ទីណា បានបញ្ជាក់ជូនភ្ញៀវថា ក្រសួងកសិកម្មត្រៀមខ្លួនជួយ ដើម្បីជួយឱ្យដំណើរការនេះប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យ។ ក្នុងការធ្វើការជាមួយកសិករ លោកក៏បានណែនាំដល់ក្រុមហ៊ុន ឱ្យកសាងទំនុកចិត្ត តាមរយៈការផ្ដល់បច្ចេកទេស ធានានូវការវិនិយោគ ជាពិសេសទីផ្សារសម្រាប់កសិករនៅពេលប្រមូលផល៕/R