ដោយៈ សុផល / ភ្នំពេញ៖ ការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំបំផុត របស់កម្ពុជា សម្រេចបាន ៩០% ហើយ នៅពេលនេះ។ នេះបើយោងតាមការប្រកាសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) នៅក្នុងពិធីបើកការដ្ឋានខួងដាក់ បំពង់ទឹកស្អាត ក្រោមបាតទន្លេសាបដោយប្រើប្រាស់ម៉ាស៊ីនខួងរូងក្រោមដីខ្នាតតូច នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។ ម៉ាស៊ីននេះ នឹងខួងដាក់បំពង់ទឹក អង្កត់ផ្ចិត ២ម៉ែត្រ និងបណ្តោយ ៥៥០ ម៉ែត្រ ដែលនឹងក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធដ៏ធំមិនធ្លាប់មាន នៅកម្ពុជា។ រោងចក្រផលិតទឹកស្អាតបាក់ខែង នឹងបង្កើនសមត្ថភាពផលិត ជិតពីរដងនៅ រាជធានីភ្នំពេញ ពោលគឺ ពី ០,៦ ទៅ ១ លានម៉ែត្រគូប ក្នុងមួយថ្ងៃ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំង ប្រចាំកម្ពុជា បានឱ្យដឹងថាៈ រដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ (PPWSA) បាននិងកំពុងប្រឈមមុខនឹងតម្រូវការទឹក ដែលកំពុងកើនឡើង យ៉ាងឆាប់រហ័ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០១០ ដោយសារ ការរីកចម្រើនដ៏ខ្លាំងនៃវិស័យសំណង់ និងកំណើនប្រជាជន។ បន្ទាប់ពីបង្កើនសមត្ថភាព ផលិតទឹករបស់ខ្លួនទ្វេដងរវាងឆ្នាំ២០១២ និង២០១៧ បច្ចុប្បន្ន PPWSA មានគោលដៅរក្សាការផ្គត់ផ្គង់ទឹក ដល់អតិថិជនចាស់របស់ខ្លួន ព្រមទាំងពង្រីកតំបន់ សេវាកម្ម នៅទូទាំងរាជធានី នៅឆ្នាំ២០២៥ ដោយមានការគាំទ្ររួមគ្នា ពីទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍ (AFD) ធនាគារវិនិយោគអឺរ៉ុប (EIB)និងសហភាពអឺរ៉ុប (EU)។
គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំជាងគេ ដែលបាន កំណត់ក្នុងផែនការមេទី៣ ឆ្នាំ២០១៦-២០៣០ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ រោងចក្រនេះនឹងមានសមត្ថភាពផលិតទឹកស្អាតសរុប៣៩០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយសាងសង់ជា ២ ដំណាក់កាល។ សមត្ថភាពផលិតទឹកបន្ថែមនេះ នឹងមានបរិមាណ គ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតទឹក បច្ចុប្បន្ន នៅក្នុងរាជធានីភ្នំពេញ ដែលប៉ាន់ស្មានថាមានចំនួន ២០០.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅរដូវប្រាំង។
ពីរឆ្នាំបន្ទាប់ ពីពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដំណាក់កាលទី១ នៃគម្រោងសម្រេចការសាងសង់បាន ៩០% ហើយគ្រោងនឹងដាក់ឱ្យដំណើរការ នៅត្រីមាសទី២ ឆ្នាំ២០២៣។ រោងចក្រនេះ នឹងមានសមត្ថភាពផលិតពេញលេញ បន្ទាប់ពីបញ្ចប់ការសាងសង់ ដំណាក់កាលទី២ មួយឆ្នាំក្រោយ។
គម្រោងនេះ ត្រូវបានគាំទ្រដោយឥណទាន ចំនួនពីរ របស់ទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍ ក្នុងទំហំទឹកប្រាក់ ១៧៧,៣ លានអឺរ៉ូព្រមទាំងឥណទាន ១០០ លានអឺរ៉ូ ពីធនាគារវិនិយោគអឺរ៉ុប និងជំនួយឥតសំណងចំនួន ១៣ លានអឺរ៉ូ ពីសហភាពអឺរ៉ុប តាមរយៈមូលនិធិវិនិយោគអាស៊ី និងការវិនិយោគផ្ទាល់របស់ PPWSA ចំនួន ៨០ លានដុល្លារ។ ការផ្តល់ហិរញ្ញប្បទានរបស់សហភាពអឺរ៉ុប គឺផ្តោតជាពិសេស លើការផ្គត់ផ្គង់ទឹក ទៅកាន់សហគមន៍ក្រីក្រ នៅក្នុងតំបន់ជុំវិញរាជធានីភ្នំពេញ។
ក្នុងពិធីបើកការដ្ឋានខាងលើ លោក Rémy Rioux អគ្គនាយកនៃក្រុមទីភ្នាក់ងារ AFD បានលើកឡើងថាៈ «ទីភ្នាក់ងារ AFD មានមោទនភាពយ៉ាងខ្លាំងចំពោះ ភាពជាដៃគូជាប្រវត្តិសាស្ត្រ ជាមួយរដ្ឋាករទឹក PPWSA ជាង ២០ ឆ្នាំកន្លងទៅនេះ។ គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាឧទាហរណ៍ដ៏ល្អមួយ សម្រាប់បង្ហាញអំពី របៀបដែលក្រុមអឺរ៉ុបអាចផ្តល់ការគាំទ្រយ៉ាងពេញទំហឹងរួមគ្នាជាមួយជំនាញដ៏ទំនើប។
លោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការរីកចម្រើនដ៏គួរឱ្យកត់សម្គាល់ នៃការសាងសង់ត្រឹមតែរយៈពេលពីរឆ្នាំ បន្ទាប់ពីការចាប់ផ្តើម ដោយសារការខិតខំរបស់ ថ្នាក់ដឹកនាំ PPWSA រួមសហការជាមួយក្រុមហ៊ុន VinciGrand Projets និង Safège។ លោកសូមឆ្លៀតឱកាសនៃដំណើរទស្សនកិច្ចនេះ ដើម្បីបញ្ជាក់ជាថ្មីពីការគាំទ្រដ៏ខ្លាំងក្លារបស់លោកចំពោះ PPWSA ដើម្បីសម្រេចបេសកកម្មរបស់ខ្លួន គឺផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ»។
ចំណែកលោក ឡុង ណារ៉ូ អគ្គនាយក PPWSA បានមានប្រសាសន៍ថាៈ «ដោយសហការជាមួយទីភ្នាក់ងារបារាំង សម្រាប់អភិវឌ្ឍន៍ ធនាគារវិនិយោគអឺរ៉ុប និងសហភាពអឺរ៉ុប PPWSA បានបន្តអភិវឌ្ឍ ជួសជុល និងពង្រីករោងចក្រផលិតទឹក ស្អាត និងបណ្តាញចែកចាយ។ បន្ទាប់ពីការបញ្ចប់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែងក្នុងឆ្នាំ២០២៤ សមត្ថភាពផលិតរបស់យើង នឹងកើនឡើងពី ០,៦ ទៅ ១លានម៉ែត្រគូប ក្នុងមួយថ្ងៃ។ សមត្ថភាពនេះ នឹងឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័ស នៃតម្រូវការទឹក ដោយសារការពង្រីករាជធានីភ្នំពេញនៅគ្រប់ទីកន្លែង។ គម្រោងនេះ នឹងរួមចំណែកដល់ ការសម្រេចបាននូវ គោលដៅ ៦.១.១ នៃការអភិវឌ្ឍដោយចីរភាពរបស់កម្ពុជា តាមរយៈ ការផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាជន ៩៦% នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅលើផែនការ ៩៥% ត្រឹមឆ្នាំ២០២៣ ព្រមទាំងជួយឲ្យកម្ពុជា សម្រេចបានគោលដៅ ក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ »។
លោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប ទទួលបន្ទុកប្រតិបត្តិការ នៅកម្ពុជា បានមានប្រសាសន៍ថាៈ «ខ្ញុំសប្បាយចិត្តណាស់ ដែលថ្ងៃនេះ យើងបានបោះ ជំហានទៅមុខបន្ថែមទៀត ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ដែលមាន គោលដៅធានាថា ប្រជាជនកម្ពុជា ទទួលបានទឹកស្អាត ប្រកបដោយសុវត្ថិភាព និងតម្លៃ សមរម្យ។ នេះគឺជាអ្វីមួយដែលយើងហៅថា សិទ្ធិរបស់មនុស្ស មិនមែនជាបុព្វសិទ្ធិទេ។
ជាមួយដៃគូរបស់យើង មកពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ សហភាពអឺរ៉ុប និងរដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ យើងកំពុងរួមគ្នាលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា រាប់ពាន់នាក់។ កិច្ចសហការគ្នានេះ នឹងជួយឲ្យយើងផ្តល់ដំណោះស្រាយ ប្រកបដោយ និរន្តរភាព នៅកន្លែងណា ដែលមានតម្រូវការបំផុត»។
«ខ្ញុំរីករាយដែលមានវត្តមាន នៅក្នុងពិធីបើកការដ្ឋានខួង ដាក់បំពង់ទឹកស្អាតក្រោមបាត ទន្លេសាប នៅថ្ងៃនេះ។ វាគឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ដើម្បីដោះស្រាយបញ្ហា ខ្វះទឹកស្អាត នៅរាជធានីភ្នំពេញ។ គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង បានប្រមូលផ្តុំក្រុម អឺរ៉ុបក្នុងក្របខ័ណ្ឌ Global Gateway ជុំវិញគោលបំណងរួមមួយ គឺរួមចំណែក ដល់វិបុលភាព សេដ្ឋកិច្ចរបស់ប្រទេស និងប្រជាជនកម្ពុជា។ រោងចក្រផលិតទឹកស្អាតបាក់ ខែង នឹងនាំមកនូវទឹកស្អាត ប្រកបដោយសុវត្ថិភាព ដល់ប្រជាជនខ្មែរ រាប់ពាន់គ្រួសារ។ វាក៏នឹងផ្តល់លទ្ធភាពទទួលបានទឹកស្អាត ដែលអាចទុកចិត្តបានសម្រាប់ឧស្សាហកម្មកម្ពុជា
ព្រមទាំងបង្កើតឱកាសការងារថ្មីៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
សហភាពអឺរ៉ុបមានមោទនភាព ដែលបានក្លាយជាផ្នែកមួយនៃ គម្រោងវិនិយោគដ៏ធំនេះ ដើម្បីជាប្រយោជន៍ដល់ប្រទេសកម្ពុជា» នេះគឺជាការលើកឡើងរបស់លោកស្រី Carmen MORENO ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា៕ V / N