ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ បុរសម្នាក់ បានដុតផ្ទះខ្លួនឯងចោល បង្កើតទារុណភាពដ៏សោកសង្រេងមួយ ក្នុងមួយពព្រេចភ្នែក ដោយបណ្តាលឲ្យប្រពន្ធនិងកូនៗ គ្មានទីជំរកស្នាក់នៅ និងអ្វីៗសម្រាប់ជីវិត ក្នុងមួយរយ:ពេល ។

នគរបាលស្រុកភ្នំស្រុក និងប៉ុស្តិ៍រដ្ឋបាលឃុំ បានចាប់ឃាត់ខ្លួនបុរសនេះ បន្ទាប់ពីបង្កភ្លើងឆេះ កាលពីវេលាម៉ោងជាង ៥ ល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថាៈ បុរសសង្ស័យ ដែលបានបែកថ្នាំញៀននោះមានឈ្មោះ សុ ឡាន់ (ហៅ ដេត) អាយុ ៣៣ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
ជននេះ បានដុតផ្ទះខ្លួនឯង ធ្វើអំពីឈើ ២ ខ្នងជាប់ ប្រក់ស័ង្កសី ជញ្ជាំងក្តារ ដែលមានទំហំទំហំ ៧ម៉ែត្រ គុណនឹង ៩ម៉ែត្រ បណ្តាលឲ្យឆេះទាំងស្រុង រួមទាំងសម្ភារៈ ទ្រព្យសម្បត្តិ នៅក្នុងផ្ទះឆេះខ្ទេចខ្ទីគ្មានសល់ ។

ក្រោយពីទទួលបានព័ត៌មានពីអគ្គិភ័យនេះ លោកបានដឹកនាំកម្លាំង និងរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ចុះសំដៅទៅកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ពន្លត់ ។
ប៉ុន្តែដោយផ្លូវតូចចង្អៀត និងផ្ទះនៅដាច់ឆ្ងាយដាច់ស្រយាលពីគេ រថយន្តមិនអាចចូលទៅដល់ ហើយភ្លើងបានបង្កឆេះផ្ទះ និងទ្រព្យសម្បត្តិអស់។

ស្ត្រីមេផ្ទះ ជាម្ចាស់ផ្ទះ រងទុក្ខរកពណ៌នា មិនត្រូវ។ ឯបុរសឆ្កួតនឹងគ្រឿងញៀននោះ  ពេលភ្លើងកំពុងឆេះសន្ធោរសន្ធៅនោះ បាននាំកូនប្រុសទាំង ២នាក់ រត់គេចខ្លួនចូលក្នុងព្រៃមួយ ។ ប៉ុន្តែបន្ទាប់មក ត្រូវបានម្លាំងនគរបាលស្រាវជ្រាវ និងឃាត់ខ្លួនបាន នៅវេលាម៉ោង ១១ យប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នាំយកមកសួរនាំ និងធ្វើតេស្តឃើញវិជ្ជមានសារធាតុញៀន ។

ចំពោះមុខ កម្លាំងជំនាញ កំពុងរៀបចំសំណុំរឿង បញ្ជូនបុរសនោះ ទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធី ។
ឯមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច និងសាខាកាកបាទក្រហមកម្ពុជា ក៏ប្រញាប់នាំស្បៀងអាហារ សម្ភារ: សម្លៀកបំពាក់ តង់និងសង់ជម្រកឱ្យគ្រួសារស្ត្រីនេះ បានជ្រកកោនបណ្តោះអាសន្ន ៕ V / N