ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ផ្លូវលំធ្វើពីបេតុង ចំនួនពីរខ្សែ ប្រវែងជាង ២.០០០ ម៉ែត្រដែលភ្ជាប់ភូមិនៃឃុំ២ គឺឃុំចង្ហា និងឃុំគុត្តសតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៃគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់បឹងទន្លេសាប ជំហាន២  (TSSD-AF ) ត្រូវបានបេីកការដ្ឋានសាងសង់កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ។

លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានលើកឡើងថាៈ ទទួលបានផ្លូវបេតុងនេះ ដេីម្បីសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស ធ្វើដំណើរទៅសាលារៀន ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ  នៅក្នុងខេត្តបន្ទាយមានជ័យ  មានការអភិវឌ្ឍរីកចម្រើនដែរ លើការស្តារ ស្ថាបនាផ្លូវ ។
ផ្លូវមួយចំនួន បានប្រែក្លាយពីផ្លូវដី ទៅក្រូសក្រហម ទៅជាបេតុង  និងទៅជាកៅស៊ូជាដេីម ។

លោកបានបន្តថាៈ ដូចពេលនេះ ដៃគូអភិវឌ្ឍន៍ដែលមានមូលនិធិ ពីសហភាពអឺរ៉ុប បានផ្តល់ការកសាងកូនផ្លូវមួយខ្សែខ្លី ភ្ជាប់ភូមិ ឃុំ នៅឃុំចង្ហា មានប្រវែង ១.០០០ ម៉ែត្រ និងផ្លូវបេតុង មួយខ្សែខ្លីទៀតនេះ ឆ្លងកាត់ចំនួន ៤ភូមិ នៅឃុំគុត្តសត មានប្រវែង១.០៥០ ម៉ែត្រ ។

ការដេញថ្លៃលើគម្រោងស្ថាបនាផ្លូវបេតុងខ្លីៗទាំងនេះ  គឺជាគម្រោងរបស់ឃុំ ប្រើប្រាស់ថវិកាគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់បឹងទន្លេសាបជំហាន២ (TSSD-AF)  ដែលត្រូវចំណាយប្រមាណជាង ៤១ ម៉ឺនដុល្លារអាមេរិក និងម៉ៅការសាង់សងផ្លូវនេះ ដោយក្រុមហ៊ុន ធី.អេស.ខេ ខនស្ត្រាក់សិន ខូអិលធីឌី  (T.S.K Construction Co., Ltd)៕ V / N