ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ: លោក វ៉ាត់ ចំរើនអគ្គលេខាធិការ គណ:កម្មាធិការជាតិ រៀបចំស៊ីហ្គេម ២០២៣ (Camsoc) ដែលទើបត្រឡប់មកពីមើលការហ្វឹកហាត់ របស់កីឡាករ កីឡាការិនី ដែលកំពុងបោះជម្រំហ្វឹកហាត់ នៅប្រទេសចិននោះ បាននិយាយថា ពួកគេកំពុងដំណើរការហាត់យ៉ាងល្អ ក្រោមការយកចិត្តទុកដាក់ពីម្ចាស់ផ្ទះ។

កីឡាករ កីឡាការិនី ដែលកំពុងហ្វឹកហាត់ នៅប្រទេសចិន មានចំនួន ១៦១ នាក់ លើ ១២ ប្រភេទកីឡា។ ពួកគេកំពុងតែហ្វឹកហាត់ នៅខេត្តណាននីង និងខេត្តគុនមីង ។

លោកអគ្គលេខាធិការ Camsoc បាននិយាយថា ពួកគេហ្វឹកហាត់មានវិន័យល្អ កន្លែងហ្វឹកហាត់ មានលក្ខណ:ពិសេស គ្រូល្អៗដែលសុទ្ធជាគ្រូជម្រើសជាតិចិន។ រយ:ពេល ៥ខែនេះ កម្រិតបច្ចេកទេស មានការរីកចម្រើនខ្លាំង។ ការរស់នៅរបស់ពួកគេ មានសុខដុមរមនា កន្លែងស្នាក់នៅសមរម្យ អាហារគ្របគ្រាន់ មានកាឡូរីតាមស្ដង់ដារកីឡា រួមជាមួយការហ្វឹកហាត់ តាមបែបវិទ្យាសាស្ត្រ។

សូមបញ្ជាក់ថា កីឡាករ កីឡាការិនី ១៦១ នាក់លើ ១២ ប្រភេទកីឡានេះ រួមមាន អត្តពលកម្ម ហែលទឹក កាយសម្ព័ន្ធ យូដូ វូស៊ូ បាល់បោះ វាយកូនឃ្លីលើតុ វាយសី ចំបាប់ លើកទម្ងន់ បាល់ទាត់នារី និងបាល់ទះនារី។ ការហ្វឹកហាត់នេះ នឹងបញ្ចប់នាចុងខែមេសា ទើបត្រឡប់មកកម្ពជាវិញ ដើម្បីចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ពីថ្ងៃទី៥ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣៕/V/R