​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ម្ចាស់​ក្រុមហ៊ុន​យោធា​ឯកជន​រុស្ស៊ី Wagner បាន​ចោទប្រកាន់​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ និង​នាយ​អគ្គសេនាធិការ​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​ទី​២១កុម្ភៈ​ថា​បាន​បង្អត់​អាវុធ​ដល់​យុទ្ធជន​របស់គាត់​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន ដែល​គាត់​និយាយថា ស្មើ​នឹង​ការប៉ុនប៉ង “​បំផ្លាញ​” កងកម្លាំង​របស់​គាត់​។​

​លោក យេ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន (Yevgeny Prigozhin) ជា​មហាសេដ្ឋី​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​សំឡេង​រំជួលចិត្ត​មួយ​ដែល​បាន​ចេញផ្សាយ​តាមរយៈ​អ្នកនាំពាក្យ​របស់​គាត់​ថា “​ការបដិសេធ​ដោយផ្ទាល់​” ពី​យោធា​រុស្ស៊ី “​គឺ​គ្មានអ្វី​ក្រៅពី​ការប៉ុនប៉ង​ដើម្បី​បំផ្លាញ​ក្រុមហ៊ុន Wagner នោះឡើយ​”​។​

​សេចក្តីថ្លែងការណ៍​រំជួលចិត្ត​ពី​លោកព្រី​ហ្គោ​ហ្ស៊ី​ន​និង​យុទ្ធជន​របស់​គាត់​បាន​គូសបញ្ជាក់​ពី​ភាព​តានតឹង​ជា​យូរ​រវាង​យោធា​រុស្ស៊ី និង​ក្រុមហ៊ុន Wagner ដែល​មាន​ស្ថានភាព​ផ្លូវ​ច្បាប់​មិន​ច្បាស់​លាស់ ដោយសារ​ច្បាប់​រុស្ស៊ី​ហាមឃាត់​ក្រុមហ៊ុន​យោធា​ឯកជន​។​

​លោកព្រី​ហ្គោ​ហ្ស៊ី​ន​បាន​និយាយ​ក្នុងសំឡេង​ច្រឡោតខ្លាំងៗ​ថា រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក សឺ​ហ្គេ សយ​ហ្គូ (Sergei Shoigu) និង​នាយ​អគ្គសេនាធិកា​រលោក វ៉ាល់​ឡឺរី ជើ​រ៉ាស៊ី​ម៉ូ​វ (Valery Gerasimov) កំពុង​ចេញ​បញ្ជា “​ឆ្វេង​ស្តាំ​” មិន​ឱ្យ​ផ្គត់ផ្គង់​ក្រុមហ៊ុន Wagner ជាមួយ​គ្រាប់រំសេវ​និង​ឬ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​។ ក្រុមហ៊ុន​នេះ​បាន​ចូលរួម​ក្នុងការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន​។​

​លោកព្រី​ហ្គោ​ហ្ស៊ី​ន​បាន​និយាយថា “​នេះ​អាច​ត្រូវបាន​ប្រដូច​ទៅ​នឹង​ការ​ក្បត់ជាតិ​កម្រិត​ខ្ពស់​ក្នុងពេល​ដែល​ក្រុមហ៊ុន Wagner កំពុង​ប្រយុទ្ធ​ដើម្បី​ដណ្តើម​ទីក្រុង​បា​ឃ្មុត (Bakhmut) ដោយ​បាត់បង់​អ្នក​ប្រយុទ្ធ​រាប់រយ​នាក់​ជា​រៀងរាល់ថ្ងៃ​”​។​

​ការអះអាង​របស់​គាត់​មិន​អាច​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​បានទេ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​បដិសេធ​ចោល​នូវ “​សេចក្តីប្រកាស​ដ៏​រំជើបរំជួល​” ថា គ្រាប់រំសេវ​ត្រូវបាន​បង្អាក់​មិន​បញ្ជូន​ឱ្យ​អ្នកស្ម័គ្រចិត្ត​នៅ​ក្នុងការ​វាយ​លុក​ជុំវិញ​ទីក្រុង​បា​ឃ្មុត ហើយ​បាន​និយាយថា អាទិភាព​ត្រូវបាន​ផ្តល់ជូន​យ៉ាង​ពិតប្រាកដ​ដើម្បី​ឱ្យ​ក្រុម​ទាំងនោះ​អាច​បំពាក់អាវុធ​បាន​យ៉ាង​ល្អ​៕

​លោក យេ​វ​ហ្គេ​នី ព្រី​ហ្គោ​ហ្ស៊ី​ន ជា​មហាសេដ្ឋី​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន