ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃអង្គារទី២១កុម្ភៈបានព្រមានអំពី “ថ្ងៃដ៏លំបាកនិងជូរចត់នៅខាងមុខ” ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជិតឈានដល់រយៈពេលមួយឆ្នាំ ប៉ុន្តែបានប្តេជ្ញាថាទោះបីជាមានរឿងអ្វីក៏ដោយ ក៏សហរដ្ឋអាម៉េរិកនិងសម្ពន្ធមិត្ត “នឹងមិនងាករេ” ក្នុងការគាំទ្រអ៊ុយក្រែននោះឡើយ។
មួយថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលរបស់គាត់ទៅកាន់ទីក្រុងគៀវ លោកបៃដិនបានប្រើសុន្ទរកថាដែលមានពាក្យពេចន៍សំខាន់ៗនៅក្នុងប្រទេសជិតខាងប៉ូឡូញដើម្បីសរសើរសម្ពន្ធមិត្តនៅអឺរ៉ុបដែលបានបង្កើនការប្រឹងប្រែងក្នុងឆ្នាំកន្លងទៅនិងផ្ញើសារយ៉ាងច្បាស់ទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថា “អង្គការណាតូនឹងមិនបែកបាក់គ្នាហើយយើងនឹងមិនចេះហត់នឿយនោះឡើយ”។
លោកបៃដិនបាននិយាយនៅចំពោះមុខហ្វូងមនុស្សរាប់ពាន់នាក់នៅខាងក្រៅប្រាសាទរ៉ូយ៉ាល់ខាសិល (Royal Castle)នៃទីក្រុងវ៉ាសូវី ថា “កាលពីមួយឆ្នាំមុន ពិភពលោកកំពុងត្រៀមខ្លួនសម្រាប់ការដួលរលំនៃទីក្រុងគៀវ។ តែពេលនេះ ខ្ញុំអាចរាយការណ៍បានថា ទីក្រុងគៀវរឹងមាំ។ គៀវឈរដោយមោទនភាព។ វាឈរខ្ពស់ ហើយសំខាន់បំផុត វាឈរដោយមានសេរីភាព”។
ដោយរុស្ស៊ីនិងអ៊ុយក្រែនសុទ្ធតែត្រៀមបើកការវាយលុកនៅនិទាឃរដូវដូចគ្នា លោកបៃដិនបានទទូចថានឹងមិនរាថយពីអ្វីដែលលោកបានចាត់ទុកថាជាការតស៊ូជាសាកលរវាងលទ្ធិប្រជាធិបតេយ្យនិងលទ្ធិអត្តាធិបតេយ្យនោះឡើយ ទោះបីជាការស្ទង់មតិបង្ហាញថា ការគាំទ្ររបស់អាម៉េរិកសម្រាប់ជំនួយយោធាជាបន្តហាក់មានភាពទន់ខ្សោយក៏ដោយ។
លោកបៃដិនបានប្រកាសថា “លទ្ធិប្រជាធិបតេយ្យរបស់ពិភពលោកនឹងឈរការពារសេរីភាពនៅថ្ងៃនេះ ថ្ងៃស្អែកនិងជារៀងរហូត”។ សហរដ្ឋអាម៉េរិកនិងសម្ពន្ធមិត្តនឹង “គាំទ្រអ៊ុយក្រែន”។
សុន្ទរកថារបស់លោកបៃដិនបានកើតឡើងមួយថ្ងៃបន្ទាប់ពីលោកបានធ្វើដំណើរដោយមិនបានប្រកាសទៅកាន់ទីក្រុងគៀវ ជាកន្លែងដែលលោកបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយបានដើរតាមដងផ្លូវក្នុងទីក្រុង ខណៈសំឡេងស៊ីរ៉ែនព្រមានអំពីការវាយប្រហារតាមអាកាសបានបន្លឺឡើង៕
លោកបៃដិនមកដល់ប៉ូឡូញកាលពីថ្ងៃអង្គារបន្ទាប់ពីទៅទីក្រុងគៀវស្ងាត់ៗ