ដោយៈ យោធិន / ភ្នំពេញៈ នារាត្រីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ កងកម្លាំងកំទេចគ្រឿងផ្ទុះ លេខ៩៨ ចំនួន៩៨នាក់ ក្នុងនោះមាននារីចំនួន ១០ នាក់ រួមនឹងសុខនហិតមីន និង គ្រឿងផ្ទុះកែច្នៃ ចំនួន ២ក្បាល បានចេញដំណើរទៅកាន់តំបន់បេសកកម្មនៅសាធារណរដ្ឋ អាហ្វ្រិកកណ្តាល (MINUSCA) ។

ពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជា បានធ្វើឡើង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សា សន្តិភាព ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិជាច្រើនរូបទៀត នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានក្រើនរម្លឹកដល់កម្លាំងទាំងអស់ ត្រូវបន្តរួមសាមគ្គី គ្នាជាធ្លុងមួយ ស្របតាមបណ្តាំរបស់លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការបញ្ជូន កងកម្លាំងចូលរួមបេសកកម្ម អង្គការសហប្រជាជាតិ គឺ “​នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ” និងប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ គឺ “ទៅគ្រប់មកគ្រប់” និងត្រូវយកចិត្តទុកដាក់ គិតគូរពីសុវត្ថិភាពជាចម្បង ពិសេសអំឡុងពេលអនុវត្តភារកិច្ច មិនត្រូវមើលស្រាលស្ថាន ការណ៍ណាមួយឡើយ ហើយត្រូវចេះដកបទពិសោធន៍ និងមេរៀនល្អៗ កែតម្រូវនូវរាល់ កំហុសឆ្គង ដែលបានកើតមានឡើង ដើម្បីសម្រេចបានជោគជ័យ ជូនជាតិមាតុភូមិ ក្រុមគ្រួសារ និងខ្លួនឯងផ្ទាល់។

ប្រមុខកងយោធាមួកខៀវកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថាៈ ប្រតិបត្តិការស្វែងរកសន្តិភាព ឲ្យដល់បណ្តាប្រទេស មានវិបត្តិជម្លោះប្រដាប់អាវុធ គឺជាគោលការណ៍សកល ដែលបាននិងកំពុងដើរតួនាទី យ៉ាងសំខាន់ តាមរយៈការចូល រួមពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិប្រតិបត្តិការរួមគ្នា ក្នុងការជួយដល់បណ្តាប្រទេស ដែលរងការហែកហួរ ដោយសារជម្លោះប្រដាប់អាវុធ ភ្លើងសង្គ្រាម និងចូលរួមជាមួយ សាមីប្រទេស ក្នុងការស្តារនីតិសម្បទារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ស្របតាមគោល ការណ៍អង្គការសហប្រជាជាតិ សំដៅកសាងមាគ៌ា ឆ្ពោះទៅកាន់ពិភពលោកមួយ ដែលមានសន្តិភាព និងវឌ្ឍនភាព។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថាៈ ក្នុងរយៈពេលជាង ១៦ ឆ្នាំកន្លងទៅនេះ កម្ពុជាសម្រេចទទួលបានស្នាដៃ យ៉ាងធំធេង ក្នុងបេសកកម្ម ក្រោមឆត្រ អង្គការសហប្រជាជាតិ រួមមានៈ ការដោះមីន ការកំទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនា សំណង់ ផ្តេក-បញ្ឈរ ផ្តល់ការការពារក្បួន និងសុវត្ថិភាពជូន ឥស្សជនជាន់ខ្ពស់ក្នុង តំបន់បេសកកម្ម។ ចូលរួមក្នុងសកម្មភាពមនុស្សធម៌ ដូចជាៈ ផ្តល់ទឹកស្អាត ការព្យាបាល ផ្តល់សម្ភារៈសិក្សា ដល់សិស្សានុសិស្ស កុមារកំព្រា និងគ្រឿងឧបភោគ បរិភោគ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ក្នុងតំបន់បេសកកម្ម។

ទន្ទឹមនឹងនោះ ស្នាដៃរបស់វីរយុទ្ធនារីកម្ពុជា នាចុងឆ្នាំ២០២២នេះ បន្តទទួលបានលំដាប់ ថ្នាក់លេខ២ ក្នុងសហគមន៍អាស៊ាន និងលំដាប់លេខ១២ ក្នុងចំណោម ១២៣ ប្រទេស បរិច្ចាគកងកម្លាំង។ នេះបើតាមការវាយតម្លៃពីសំណាក់មន្ត្រីជាន់ខ្ពស់ អង្គការសហប្រជា ជាតិ។

សូមបញ្ជាក់ថាៈ មកដល់ពេលបច្ចុប្បន្ននេះ កម្លាំងកម្ពុជា សរុបចំនួន ៨.៨៥៩ នាក់ ក្នុងនោះនារី ចំនួន ៦៨១ នាក់ បានចេញបំពេញបេសកកម្ម ចំនួន១១ ក្នុងប្រទេសចំនួន៩ រួមមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និង យេមែន លើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្ម អាកាសយានដ្ឋាន កំទេចគ្រាប់ មិនទាន់ផ្ទុះ នាយទាហាន សេនាធិការ និងសង្កេតការណ៍យោធា។

បច្ចុប្បន្ន កម្លាំងកម្ពុជា ចំនួន ៧៨៨ នាក់ ក្នុងនោះនារី ចំនួន ១៣០ នាក់ បាននិងកំពុង បំពេញបេសកកម្ម នៅប្រទេសចំនួន៤ រួមមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី ៕/V/R