ប្រែសម្រួលៈបំណង(ដេល្លីម៉េល,ស្ត្រេតថែមស៍)៖ ចិននៅថ្ងៃពុធទី២២កុម្ភៈនេះបាននិយាយថា អ្នកការទូតកំពូលរបស់ខ្លួនលោក លោកវ៉ាង យី បានជួបប្រធានសន្តិសុខរុស្ស៊ីហើយភាគីទាំងពីរបានយល់ស្របគ្នាថា សន្តិភាពនិងស្ថិរភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិកគួរត្រូវរក្សាការពារជាដាច់ខាត ហើយប្រឆាំងការដាក់ចេញ«គំនិតសង្គ្រាមត្រជាក់»ណាមួយ។
លោកវ៉ាងបានជួបពិភាក្សាជាមួយក្រុមមេដឹកនាំក្រុមយន្តការប្រឹក្សាយោបល់យុទ្ធសាស្ត្រចិន-រុស្ស៊ីនិងលោក នីកូឡាយ ប៉ាទ្រូសេវ(Nikolai Patrushev)លេខានៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ហើយភាគីទាំងពីរបានពិភាក្សាអំពីវិធីធ្វើអោយប្រសើរឡើងអភិបាលកិច្ចសកល នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។
វាបាននិយាយថា «ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាអំពីស្ថានការណ៍អ៊ុយក្រែន សម្តែងបំណងក្នុងការអនុវត្តរួមគ្នា”ពហុភាគីនិយមពិត ប្រឆាំងការសម្លុតគំរាមគ្រប់ទំរង់និងជំរុញប្រជាធិបតេយូបនីយកម្មនៃទំនាក់ទំនងអន្តរជាតិ និងពិភពលោកពហុប៉ូល»។
លោកវ៉ាងត្រូវជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនៅថ្ងៃពុធ ជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោកនៅទីក្រុងមូស្គូ។
អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថាលោកមិនច្រានចោលលទ្ធភាពដែលលោកវ៉ាងជួបប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីនទេ ដោយថា«មានកិច្ចការជាច្រើនត្រូវពិភាក្សា»។
លោក នីកូឡាយ ប៉ាទ្រូសេវ ដែលជាសម្ពន្ធមិត្តជិតដិតរបស់ពូទីន កាលពីថ្ងៃអង្គារបានប្រាប់លោកវ៉ាងថា រដ្ឋាភិបាលទីក្រុងមូស្គូគាំទ្រគោលជំហររបស់ចិនប៉េកាំងជុំវិញបញ្ហាតៃវ៉ាន់ ហុងកុង និហស៊ីនជាំង។
មន្ត្រីជាន់ខ្ពស់ទាំងពីរបានជួបគ្នានៅក្រុងមូស្គូ នៅពេលចិនទំនងជំរុញកិច្ចការទូតរបស់ខ្លួនដើម្បីស្វែងរកដំណោះស្រាយសន្តិភាពមួយចំពោះវិបត្តិអ៊ុយក្រែននៅពេលតែប៉ុន្មានម៉ោងក្រោយលោកពូទីនប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងសព្វាវុធនុយក្លេអ៊ែរជាមួយអាម៉េរិក៕
លោក នីកូឡាយ ប៉ាទ្រូសេវ ជួបពិភាក្សាជាមួយលោកវ៉ាង យីង នៅក្រុងមូស្កូកាលពីថ្ងៃអង្គារ