ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សារព័ត៌មាន People’s Daily Health បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២១​កុម្ភៈ​ថា ខេត្ត​មួយចំនួន​របស់​ចិន​កំពុងផ្តល់​ការ​ឈប់សម្រាក​មាន​ប្រាក់ឧបត្ថម្ភ​សម្រាប់​គូស្នេហ៍​ថ្មីថ្មោង​ចំនួន​៣០ ថ្ងៃ​ដោយ​សង្ឃឹម​លើកទឹកចិត្ត​ឱ្យ​មាន​ការ​រៀបការ និង​ជំរុញ​អត្រា​កំណើត​ដែល​កំពុង​ថយចុះ​។​

​ការ​ឈប់សម្រាក​អាពាហ៍ពិពាហ៍​ដែល​មាន​ប្រាក់​ឈ្នួល​អប្បបរមា​៣​ថ្ងៃ ប៉ុន្តែ​ខេត្ត​នានា​អាច​កំណត់​ប្រាក់ឧបត្ថម្ភ​ផ្ទាល់​ខ្លួន​បន្ថែម ចាប់ពី​ខែ​កុម្ភៈ​។​

​ខេត្ត​កាង​ស៊ូ​ភាគ​ពាយព្យ​និង​ខេត្ត​ផលិត​ធ្យូងថ្ម​សាន​ស៊ី (Shanxi) ឥឡូវ​នេះ​ផ្តល់​ពេល​សម្រាក​៣០​ថ្ងៃ ខណៈ​ទីក្រុង​សៀង​ហៃ​ផ្តល់​ពេល​សម្រាក ១០ ថ្ងៃ និង​ខេត្ត​ស៊ី​ឈ័ន​នៅតែ​ផ្តល់​ពេល​សម្រាក ៣ ថ្ងៃ​ដដែល នេះ​បើ​យោង​តាម​សារព័ត៌មាន People’s Daily Health ។​

​លោក យ៉ាង ហៃ​យ៉ាង (Yang Haiyang) ព្រឹទ្ធបុរស​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​អភិវឌ្ឍន៍​សង្គម​នៃ​សាកលវិទ្យាល័យ​ហិរញ្ញវត្ថុ​និង​សេដ្ឋកិច្ច​និរតី ត្រូវបាន​ស្រង់​សម្តី​យ៉ាង​ដូច្នេះ​ថា “​ការ​បន្លាយពេល​ឈប់សម្រាក​អាពាហ៍ពិពាហ៍​យូរ​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការបង្កើន​អត្រា​មានកូន​”​។​

​លោក​បាន​និយាយថា “​ការ​បន្លាយពេល​ឈប់សម្រាក​អាពាហ៍ពិពាហ៍​គឺ​ធ្វើឡើង​ជា​ចម្បង​នៅ​ក្នុង​ខេត្ត​-​ក្រុង​មួយចំនួន​ដែល​មាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​យឺត​” ដោយ​បន្ថែម​ថា​មាន​តម្រូវការ​បន្ទាន់​ដើម្បី​ពង្រីក​ទាំង​កម្លាំង​ពលកម្ម​និង​ជំរុញ​ទាំង​ការប្រើប្រាស់​។​

​លោក​យ៉ាង​បាន​និយាយថា គោលនយោបាយ​គាំទ្រ​មួយចំនួន​ទៀត​នៅតែ​ត្រូវការ​ជា​ចាំបាច់ រួម​ទាំង​ការឧបត្ថម្ភ​ថ្លៃ​ផ្ទះ និង​ការឈប់​សម្រាក​បិតុភាព​សម្រាប់​បុរស​។​

​យោង​តាម​ទិន្នន័យ​ផ្លូវការ​បាន​ឱ្យដឹងថា ចំនួន​ប្រជាជន​របស់​ចិន​បាន​ធ្លាក់ចុះ​កាលពី​ឆ្នាំ​មុន​ជា​លើក​ដំបូង​ក្នុង​រយៈពេល ៦ ទសវត្សរ៍ ដែល​ជា​ចំណុច​របត់​មួយ​ត្រូវ​គេ​រំពឹងថា​នឹង​បង្ហាញ​ពី​ការចាប់ផ្តើម​នៃ​ការធ្លាក់​ចុះ​រយៈពេល​វែង​។​

​កាលពី​ឆ្នាំមុន ចិន​បាន​កត់ត្រា​អត្រាកំណើត​ទាប​បំផុត​មិន​ធ្លាប់​មាន​គឺ​កំណើត ៦,៧៧ នាក់​ក្នុង ១.០០០ នាក់​។​

​ការធ្លាក់​ចុះ​ភាគច្រើន​គឺជា​លទ្ធផល​នៃ​គោលនយោបាយ “​កូន​មួយ​” ដែល​ដាក់​ចេញ​នៅ​ចន្លោះ​ឆ្នាំ ១៩៨០ និង ២០១៥ និង​ការកើនឡើង​នៃ​ការចំណាយ​លើ​ការអប់រំ​បានធ្វើឱ្យ​ជនជាតិ​ចិន​ភាគច្រើន​អស់​លទ្ធភាព​មាន​កូន​លើស​ពី​មួយ​ឬ​មិន​ហ៊ាន​យក​កូន​តែ​ម្តង​៕

​គូស្នេហ៍​ចិន​ត្រៀមខ្លួន​ថត​ឈុត​រៀបការ​នៅលើ​ថ្នល់​ក្នុង​ទីក្រុង​សៀង​ហៃ​កាលពី​ឆ្នាំ​២០២១