ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ចិនគ្រោងនឹងប្រែក្លាយយន្តហោះចម្បាំងចូលនិវត្តន៍សម័យសង្គ្រាមត្រជាក់រាប់រយគ្រឿងទៅជាដ្រូនអត្តឃាតដែលអាចប្រើសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំលើកោះតៃវ៉ាន់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា យន្តហោះចម្បាំង Chengdu J-7 ចុងក្រោយរបស់ចិន អាចនឹងចាកចេញពីសេវាកម្មសកម្មនៅឆ្នាំនេះ ហើយយន្តហោះមួយចំនួនអាចនឹងត្រូវបំប្លែងទៅជាដ្រូនអត្តឃាត។
អ្នកជំនាញជឿថា អាវុធនេះនឹងមានតម្លៃធូរថ្លៃនិងមានសមត្ថភាព នេះបើយោងតាមវេបសាយ Business Insider។ ដ្រូននេះនឹងមានលក្ខណៈស្រដៀងគ្នាទៅនឹងយន្តហោះដើមនិងកាត់បន្ថយចំនួនអ្នកស្លាប់និងរបួសរបស់ចិន។
លោក ដានីញែល រ៉ាយ (Daniel Rice) មកពីវិទ្យាស្ថានមីតឆែល (Mitchell) បាននិយាយថា យានប្រយុទ្ធគ្មានមនុស្សបើកឬដ្រូន នឹងធ្វើឱ្យវាអាចទៅរួចសម្រាប់ចិនក្នុងការប្រើប្រាស់ “ឧបករណ៍លើអាកាសដែលមានតម្លៃថោក មានសមត្ថភាព និងហានិភ័យទាប សម្រាប់ជាអាវុធដំបូងដើម្បីវាយប្រហារ ឬធ្វើឱ្យកោះតៃវ៉ាន់ចុះខ្សោយប្រព័ន្ធការពារដែនអាកាស។
យន្តហោះទាំងនេះគឺជាគំរូចម្លងពីយន្តហោះ MiG-21 របស់សូវៀតពីទសវត្សរ៍ឆ្នាំ ១៩៦០ ដែលជួនកាលត្រូវគេស្គាល់ថា “ជីតាយន្តហោះ” នោះ៕
យន្តហោះចម្បាំង Chengdu J-7 រាប់រយគ្រឿងនឹងត្រូវបំប្លែងទៅជាដ្រូនអត្តឃាត