ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ រថយន្ត Wuling Hongguang Mini EV ដែលជារថយន្តអគ្គិសនីខ្នាតតូចលក់ដាច់បំផុតនៅក្នុងប្រទេសចិនគ្រោងនឹងដំឡើងនិងលក់នៅក្នុងប្រទេសវៀតណាមចាប់ពីឆ្នាំនេះតទៅ។
ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយសាជីវកម្ម TMT Motorsរបស់វៀតណាម និង SGMW ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន General Motors របស់សហរដ្ឋអាម៉េរិក និងក្រុមហ៊ុន SAICនិង Wuling របស់ចិន ក្រុមហ៊ុន TMT Motors នឹងដំឡើងរថយន្តនៅក្នុងរោងចក្ររបស់ខ្លួននៅខេត្តហុងអៀន (Hung Yen) ភាគខាងជើង ហើយចែកចាយវា។
ចាប់តាំងពីដាក់លក់ក្នុងខែកក្កដា ឆ្នាំ ២០២០ មក រថយន្ត Wuling Hongguang Mini EV បានក្លាយជារថយន្តអគ្គិសនីខ្នាតតូចដែលលក់ដាច់ជាងគេបំផុតលើពិភពលោកដោយពាក់កណ្តាលនៃការលក់របស់វាចំនួន ១,១ លានគ្រឿងគឺចេញមកពីចិន។
នៅក្នុងទីផ្សារចិន រថយន្តនេះមានបួនប្រភេទដែលមានតម្លៃ ៤.៨០០-១៤.៧០០ ដុល្លារ ដោយរថយន្តតម្លៃទាបបំផុតគឺស្មើនឹង ៩០ ភាគរយនៃការលក់។
ម៉ូដែលនេះត្រូវបានលក់នៅអឺរ៉ុប ខណៈម៉ូដែល FreZe Nikrob EV លក់ក្នុងតម្លៃចាប់ពី ១០.០០០ ដុល្លារឡើងទៅ។ នៅអាស៊ីអាគ្នេយ៍រថយន្តនេះត្រូវបានដាក់លក់នៅឥណ្ឌូនេស៊ីកាលពីខែមិថុនាឆ្នាំមុនក្នុងតម្លៃ ១៦.៧០០-២០.០០០ ដុល្លារ។
តម្លៃគឺប្រែប្រួលពីប្រទេសមួយទៅប្រទេសមួយ អាស្រ័យលើការឧបត្ថម្ភធនសម្រាប់រថយន្តអគ្គិសនី។
ឡានខ្នាតតូចសម្រាប់ទីក្រុងនេះមានទំហំ ២,៩x១,៩x១,៦ ម៉ែត្រ និងមានប្រវែងគន្លាតពីកង់មុខទៅកង់ក្រោយត្រឹមតែ ១,៩៤ ម៉ែត្រ ឬ តូចជាងរថយន្ត Kia Morning ទៅទៀត។ វាជារថយន្តកៅអីបួន ដែលស្ទើរតែស្ងាត់គ្មានសំឡេងតែម្តង។
ម៉ាស៊ីនរបស់វាមានកំណែជាច្រើនប្រភេទរាប់ចាប់ពី ២៧ HP ដល់ ៤១ HP ហើយរថយន្តនេះអាចរត់បានពី ១២០ ទៅ ៣០០ គីឡូម៉ែត្រក្នុងពេលសាកភ្លើងពេញ ហើយអាចបើកក្នុងល្បឿនអតិបរមា ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
លោក ប៊ុយ វ៉ាន់ ហ៊ូ (Bui Van Huu) ប្រធានក្រុមហ៊ុន TMT Motors បាននិយាយថា ម៉ូដែលផ្សេងទៀតនឹងត្រូវណែនាំនៅពេលអនាគត ដើម្បីទាញយកសមត្ថភាពពេញលេញរបស់រោងចក្រ Hung Yen ដែលអាចផលិតរថយន្តបាន ៣០.០០០ គ្រឿងក្នុងមួយឆ្នាំ។
ក្រុមហ៊ុន GM គឺស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តកំពូលទាំងបីនៅសហរដ្ឋអាម៉េរិក Wuling គឺជាក្រុមហ៊ុនផលិតរថយន្តធំទីពីរនៅក្នុងប្រទេសចិន ហើយក្រុមហ៊ុន SAIC (Shanghai Automotive Industry Corporation) គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនរថយន្តរដ្ឋ “Big Four” (ធំៗទាំង៤) របស់ចិន៕
រថយន្ត Wuling Hongguang MiniEV