ដោយ៖ ដេប៉ូ / បាត់ដំបង៖ ផ្ទៃទឹកបឹងដ៏ធំ និងមានសម្រស់ដ៏ស្រស់ស្អាត ដែលគេឱ្យឈ្មោះ ថា ” បឹងអូរជាំ ” ឬអ្នកខ្លះហៅថា ” ទន្លេផែន ” ស្ថិតនៅរយៈកម្ពស់ ១.៤០០ ម៉ែត្រ ហើយកំពុងស្ថិតនៅសភាពជាអាថ៌កំបាំង និងកម្រមាននរណាម្នាក់ ទៅដល់ផងនោះ កំពុងលាក់ខ្លួន ក្នុងព្រៃជ្រៅ និងទីយ៉ាងខ្ពស់នៅលើកំពូលភ្នំ ទឹកធ្លាក់ អូរជាំ ខេត្តបាត់ដំបង។
គួរបញ្ជាក់ថា ទឹកធ្លាក់អូរជាំ គឺជារមណីយដ្ឋានធម្មជាតិ ដែលស្ថិតនៅប៉ែកខាងលិច ឆៀងខាងត្បូងទីរួមខេត្ដបាត់ដំបង មានចំងាយ ៨០ គីឡូម៉ែត្រពីទីរួមខេត្ដ ស្ថិតក្នុងភូមិ អូជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
យោងតាមក្រសួងបរិស្ថាន បានឱ្យដឹងថា នៅទីតំបន់ទន្លេផែននេះ មានដើមឈើធំៗ ខ្ពស់ៗ នៅព័ន្ធជុំវិញបឹង ដែលមានទឹកថ្លាឆ្វង់ និងមានបណ្តោយប្រវែងជាង ៤០០ ម៉ែត្រ និងទទឹងជាង ២០០ ម៉ែត្រ។ អ្នកភូមិដែលធ្លាប់កាន់តំបន់ក្បែរនេះ បានបញ្ជាក់ថាៈ ពីមុនមក កម្រមាននរណា ទៅដល់កន្លែងបឹងនេះ ។
ប្រភពខាងលើនេះ បានបញ្ជាក់ថាៈ នាកន្លងមក មានអ្នកភូមិចំនួន ៤ ទៅ ៥ នាក់ នៃឃុំអូរជាំ ស្រុកសំឡូត ខេត្តបាត់ដំបង បានទៅរកថ្នាំ បេះក្រវាញ បេះសោម ក្បែរៗនោះប៉ុណ្ណោះ ហើយក៏មិនដែលបានមកសម្រាក ក្បែរមាត់បឹងនេះ។
នាពេលថ្មីៗមកនេះ ពោលគឺ ចាប់ពីចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយលោក ជា សំអាង រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ចុះពិនិត្យ និងសិក្សាសក្តានុពល ធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃ ភ្នំសំកុស ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ។
ដោយឡែក ទាក់ទិនក្នុងរឿងនេះ លោក កត បូរាន ប្រធានមន្ទីរបរិស្ថាន ខេត្តបាត់ដំបង បានឲ្យដឹងថាៈ ការរកឃើញទន្លេផែន បឹងធម្មជាតិដ៏ធំ នៅលើកំពូលភ្នំសំកុស នឹងនាំឲ្យ ការពង្រឹងបន្ថែមទៀត លើការការពារ និងការអភិរក្សធនធានធម្មជាតិដ៏ល្អ និងមានសក្តានុ ពល សម្រាប់ទេសចរណ៍ធម្មជាតិ ថ្មីបន្ថែមទៀត ដែលផ្តល់ប្រយោជន៍បន្ថែម ដល់សេដ្ឋកិច្ចជាតិ និងដល់សហគមន៍មូលដ្ឋាន៕ V / N