ដោយ: សរិទ្ធ/ភ្នំពេញ: បន្ទាប់ពីហេតុការណ៍បាក់ស្រុតផ្ទះប្រជាពលរដ្ឋមួយខ្នង ចូលរណ្តៅដីដ៏ជ្រៅមួយកន្លែង ដែលមានដក់ទឹក ប្រៀបដូចបឹងដ៏ធំមួយ ស្រាប់តែស្អែកឡើងប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ បានស្លាប់អណ្តែតទឹកក្នុងទីតាំងរណ្តៅដីមួយនេះ បង្កជាការភ្ញាក់ផ្អើល ខណៈដែលពលរដ្ឋក្នុងភូមិមិនបានស្គាល់បុរសម្នាក់នេះទេ ហើយក៏ពុំមែនជាសមាជិកគ្រួសាររបស់ពលរដ្ឋដែលបានបាក់ស្រុតផ្ទះចូលរណ្តៅដីនេះដែរ។

ហេតុការណ៍ប្រទះឃើញសពអណ្តែតទឹកនេះ បានបង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧៖៥០នាទីព្រឹក ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ក្នុង​ទឹក​រណ្ដៅ​ដី​«​តា​សុ​ន​» ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រភពព័ត៌មានបានឲ្យដឹងថា សពមានសភាពហើមស្អុយទៅហើយ មានពាក់អាវពណ៌លឿងឆ្នូតខ្មៅ ស្លៀកខោខ្លីពណ៌ខ្មៅ ហើយបើតាមកោសស្យវិច្ឆ័យ និងការស្រាវជ្រាវរបស់មន្រ្តីនគរបាលបានអោយដឹងថាសពជនរងគ្រោះមានឈ្មោះ រឹម ស៊ីយ៉ា ភេទប្រុស អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិស្រែចារ ស្រុកស្នួល ខេត្តក្រចេះ បានស្លាប់ដោយសារលង់ទឹក។

សូមជម្រាបថា រណ្តៅដីក្នុងទីតាំងកើតហេតុនេះ ត្រូវបានអ្នកភូមិហៅថា រណ្ដៅ​ដី​តា​សុ​ន ព្រោះកាលពីប្រមាណ ២០ឆ្នាំមុន មានឈ្មួញម្នាក់ឈ្មោះ ​នួន សុ​ន ជីក​យក​អាច​ម៌​ដី​ទៅលក់ ដែលធ្វើឲ្យទីតាំងនេះ មានដក់ទឹកប្រៀបដូចបឹងធំល្វឹងល្វើយ ខណៈមា​នទំហំ​ជា​ច្រើន​ហិច​តា​ និង​មាន​ជម្រៅ​ដ៏​ជ្រៅ​ប្រមាណ​៧០​ម៉ែត្រ។

ក្រោយពេលសមត្ថកិច្ចធ្វើការពិនិត្យសពរួចរាល់ សមត្ថកិច្ចបានយកសពទៅតម្កល់នៅវត្តទឹកថ្លារងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕/R