ដោយៈ សុផល / ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី ហ្កាប្រីអែល កាតស្មារ៉ែក (Mrs. Gabriele KATZMAREK) ប្រធានគណៈប្រតិភូក្រុមសភាសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកអាស៊ាន ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

លោកស្រី ហ្កាប្រីអែល កាតស្មារ៉ែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេច ប្រធាន បានអនុញ្ញាតឱ្យគណៈប្រតិភូលោកស្រី បានចូលជួបសម្តែងការគួរសម នា ឱកាសនេះ។ លោកស្រី បានអបអរសាទរ ចំពោះការរីកចម្រើនដ៏ឆាប់រហ័ស របស់កម្ពុជា នៅលើគ្រប់វិស័យ នាពេលបច្ចុប្បន្ននេះ។

លោកស្រី​ប្រធានគណៈប្រតិភូ បានលើកឡើងថាៈ ​ប្រទេសកម្ពុជា និងអាល្លឺម៉ង់ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយគ្នា តំាងពីយូរណាស់មកហើយ។ ដូច្នេះប្រទេសទំាងពីរ ត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះ ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត នៅក្នុងការកសាងសមិទ្ធផលថ្មីៗ ដល់ប្រទេសទំាងសងខាង។

សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានលើកឡើងថាៈ អាល្លឺម៉ង់ បានចូលរួមចំណែក យ៉ាងសំខាន់ ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅ​កម្ពុជា សព្វថ្ងៃ តាមរយៈ ការឧបត្ថម្ភគាំទ្រ និងការផ្តល់ជំនួយសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍន៍នានា និងតាមរយៈ ការធ្វើកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច-​សង្គម ​និងវប្បធម៌ ដ៏ល្អជាមួយគ្នាផងដែរ។

សម្តេចបានគូសបញ្ជាក់ថាៈ កម្ពុជា-អាល្លឺម៉ង់ មានទំនាក់ទំនងការទូត ជាមួយគ្នា រយៈពេលជាង ៥ ទសវត្សរ៍មកហើយ។ ទំនាក់ទំនងដ៏ល្អនេះ ត្រូវបានបន្តលើកកម្ពស់ កាន់តែល្អប្រសើរឡើង ជាបន្តបន្ទាប់។ កាលពីសប្តាហ៍មុន លោកប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ដែលបានបើកទំព័រប្រវត្តិសាស្រ្តថ្មី នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ កម្ពុជា-អាល្លឺម៉ង់។ ដំណើរទស្សនកិច្ចរបស់លោកស្រី និងគណៈប្រតិភូ នាពេលនេះ នឹងកាន់តែជួយលើកកម្ពស់ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមាន ស្រាប់ ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ឱ្យកាន់តែស្អិតរមួត និងរីកចម្រើនខ្លាំងក្លា ទ្វេដងថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានជម្រាបប្រតិភូថាៈ សុខសន្តិភាពពេញលេញ ដែលកម្ពុជា បាន កំពុងមាននាពេលនេះ ជាកាលានុវត្តភាព ដ៏ប្រសើរក្រៃលែង​ក្នុងការធ្វើឱ្យកម្ពុជា បន្តអភិវឌ្ឍលើគ្រប់វិស័យ ដោយឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គោរពសិទ្ធិមនុស្ស និងអភិបាលកិច្ចល្អ។

មុននឹងបញ្ចប់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអរគុណចំពោះ រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជា តាំងពីដំណាក់កាលស្វែងរកសន្តិភាព រហូតដល់ការរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា លើគ្រប់វិស័យ រួមមាន អប់រំ វប្បធម៌ ការអភិវឌ្ឍជនបទ ថាមពល ការបោសសម្អាតមីន ការកាត់បន្ថយភាពក្រីក្រ ការធ្វើកំណែទម្រង់ដីធ្លី ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ចល្អជាដើម៕/V-PC