ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ចិនកាលពីថ្ងៃពុធទី២២កុម្ភៈបាននិយាយថា ខ្លួនមានកង្វល់ដោយសារតែការបង្កើនកម្លាំងយោធារបស់ជប៉ុន តែរដ្ឋាភិបាលទីក្រុងតូក្យូបានវាយបកវិញអំពីទំនាក់ទំនងយោធារបស់រដ្ឋាភិបាលទីក្រុងប៉េកាំងជាមួយរុស្ស៊ីនិងការសង្ស័យថាចិនប្រើបាឡុងចារកម្មទៀតផង នេះបើតាមការឆ្លើយឆ្លងសម្តីរវាងមន្ត្រីនៃប្រទេសទាំងពីរក្នុងអំឡុងកិច្ចពិភាក្សាសន្តិសុខផ្លូវការលើកដំបូងរបស់មហាអំណាចអាស៊ីទាំងពីរក្នុងរយៈពេលបួនឆ្នាំមកនេះ ។
កិច្ចពិភាក្សាក្នុងបំណងបន្ថយភាពតានតឹងរវាងប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរ និងទីបីក្នុងលោក កើតឡើងនៅពេលរដ្ឋាភិបាលទីក្រុងតូត្យូ បារម្ភថាចិនប៉េកាំងនឹងប្រើកម្លាំងដើម្បីដណ្តើមកោះតៃវ៉ាន់មកគ្រប់គ្រងក្រោយការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ដែលអាចទាញជប៉ុនអោយចូលពាក់ព័ន្ធនិងរំខានដល់ពាណិជ្ជកម្មសកល។
ជប៉ុនកាលពីខែធ្នូ បាននិយាយថា ខ្លួននឹងបង្កើនចំណាយយោធាមួយជាពីរនៅប្រាំឆ្នាំទៅមុខអោយស្មើនឹង២ភាគរយនៃផលិតផលសរុបក្នុងស្រុករបស់ខ្លួន គឺប្រហែល៣២០ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងសកម្មភាពយោធារបស់ចិន។រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលបានបង្កើនចំណាយយោធា៧,១ភាគរយកាលពីឆ្នាំមុន ចំណាយលើសជប៉ុនជាងបួនដងលើកងកម្លាំងរបស់ខ្លួន។
រដ្ឋាភិបាលទីក្រុងតូក្យូមានផែនការរកអោយបានកាំជ្រួចចម្ងាយឆ្ងាយឡើងដែលអាចវាយប្រហារដល់ចិនដីគោកនិងស្តុកទុកគ្រាប់រំសេវ ដែលខ្លួនត្រូវការដើម្បីប្រើក្នុងការប្រយុទ្ធណាមួយរួមជាមួយកងកម្លាំងអាម៉េរិកដែលឈរជើងនៅជប៉ុន។
អនុរដ្ឋមន្ត្រីការបរទេសចិនលោក ស៊ុន វ៉េដុង( Sun Weidong)បាននិយាយនៅពេលចាប់ផ្តើមកិច្ចពិភាក្សាជាមួយសមភាគីជប៉ុន ស៊ីហ្គេអូ យ៉ាម៉ាដា( Shigeo Yamada)ថា « ស្ថានភាពសន្តិសុខអន្តរជាតិកំពុងផ្លាស់ប្តូរធំណាស់ ហើយយើងឃើញការវិលមកវិញនៃឯកតោភាគីនិយម គាំពារនិយមនិងគំនិតសង្គ្រាមត្រជាក់មួយ»។
ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន ស្មើនឹងមួយភាគប្រាំនៃការនាំចេញរបស់ខ្លួន និងជិតស្មើមួយភាគបួននៃការនាំចូលរបស់ខ្លួន។វាក៏ជាមូលដ្ឋានផលិតកម្មឧស្សាហកម្មធំមួយសំរាប់បណ្តាក្រុមហ៊ុនជប៉ុនផងដែរ។
លោកយ៉ាម៉ាដា បានប្រាប់លោកស៊ុនថា «នៅពេលទំនាក់ទំនងរវាងជប៉ុននិងចិនមានលទ្ធភាពច្រើន យើងក៏ជួបបញ្ហាជាច្រើននិងការព្រួយបារម្ភច្រើនផងដែរ»។លោកបានចង្អុលទៅជម្លោះកោះនៅសមុទ្រចិនខាងកើតដែលជប៉ុនហៅសេនកាគុ និងចិនហៅថាទាវយុ សមយុទ្ធយោធារវាងចិននិងរុស្ស៊ីកាលពីពេលថ្មីៗនិងការបង្ហោះបាឡុងចិនដែលគេសង្ស័យថាធ្វើចារកម្មលើជប៉ុនយ៉ាងតិចបីលើកចាប់តាំងពីឆ្នាំ២០១៩។
ក្នុងសេចក្តីថ្លែងការណ៍មួយក្រោយកិច្ចប្រជុំ ក្រសួងការបរទេសជប៉ុនបាននិយាយថាខ្លួនក៏បានបញ្ជាក់អំពីសារសំខាន់នៃសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ប្រទេសទាំងពីរបានព្រមព្រៀងគ្នាថានឹងព្យាយាមនិងបង្កើតខ្សែទំនាក់ទំនងផ្ទាល់មួយ៕
អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ស៊ីហ្គេអូ យ៉ាម៉ាដា(ទីពីរពីខាងស្តាំ)និយាយទៅកាន់អនុរដ្ឋមន្ត្រីការបរទេសចិន ស៊ុន វ៉េដុង (ទីពីរខាងឆ្វេង)ក្នុងអំឡុងកិច្ចពិភាក្សាសន្តិសុខជប៉ុន-ចិនកាលពីថ្ងៃពុធនៅទីក្រុងតូក្យូ