​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ នាយករដ្ឋមន្ត្រី​អ៊ីតាលី លោកស្រី ច​ច​ចា មេ​ឡូ​នី (Giorgia Meloni) បាន​និយាយ​ក្នុងអំឡុង​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​គៀវ​កាលពី​ថ្ងៃ​អង្គារ​ទី​២១​កុម្ភៈ​ថា អ៊ីតាលី​នឹង​បន្ត​គាំទ្រ​អ៊ុយ​ក្រែន​ក្នុងការ​ទប់ទល់​នឹង​ការវាយប្រហារ​របស់​រុស្ស៊ី ប៉ុន្តែ​មិន​មាន​គម្រោង​ផ្តល់​យន្តហោះ​ចម្បាំង​នោះទេ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​លោកស្រី​ទៅ​អ៊ុយ​ក្រែន​ចាប់តាំងពី​ការឈ្លានពា​ន​របស់​រុស្ស៊ី​កាល​ពី​មួយ​ឆ្នាំ​មុន មេដឹកនាំ​អ៊ីតាលី​រូប​នេះ​គឺជា​អ្នកគាំទ្រ​ដ៏​រឹងមាំ​របស់​រដ្ឋាភិបាល​ក្រុង​គៀវ ប៉ុន្តែ​អ្នក​ផ្សេង​ទៀត​ក្នុង​សម្ពន្ធ​ស្តាំនិយម​របស់​លោកស្រី​មិន​មាន​ភាព​ច្បាស់លាស់​លើ​បញ្ហា​នេះ​ទេ​។​

​លោកស្រី​មេ​ឡូ​នី​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ថា “​នៅពេល​នេះ​ការផ្គត់ផ្គង់​យន្តហោះ​មិន​ស្ថិតនៅ​លើ​តុ​ទេ​”​។​

​លោក​ស្រី​កំពុង​ឆ្លើយតប​ទៅនឹង​សំណួរ​អំពី​របាយការណ៍​មួយ​របស់​កាសែត​អ៊ីតាលី La Repubblica ដែល​លើកឡើង​ថា រដ្ឋាភិបាល​ក្រុង​រ៉ូម​អាច​នឹង​ផ្គត់ផ្គង់​យន្តហោះ​ទម្លាក់​គ្រាប់បែក AMX ចំនួន​ប្រាំ​គ្រឿង​។​

​ការស្ទង់មតិ​បានបង្ហាញ​ថា ជនជាតិ​អ៊ីតាលី​ភាគច្រើន​ប្រឆាំង​ការបញ្ជូន​អាវុធ​ទៅ​អ៊ុ​យក្រែន ហើយ​ចង់​សម្រេច​បាន​សន្តិភាព​តាមរយៈ​ការ​ធ្វើ​សម្បទាន​ដល់​រុស្ស៊ី​ជា​ជម្រើស​ដែល​លោកស្រី​មេ​ឡូ​នី​​បាន​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​។​

​អតីត​នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក ស៊ី​ល​វី​យ៉ូ ប៊ែរ​លូ​ស្កូនី (Silvio Berlusconi)​ដែល​ជា​មិត្ត​ចាស់​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​ក្នុង​ខែ​នេះ​ថា​គាត់​មិន​ចង់​ជួប​ជាមួយ​​លោក​ហ្សេ​លេន​ស្គី​ទេ ហើយ​បន្ទោស​គាត់​ចំពោះ​សង្គ្រាម​នេះ​។​

​កាលពី​ថ្ងៃ​អង្គារ លោក​ហ្សេ​លេន​ស្គី​បាន​ច្រាន​ចោល​ការអត្ថាធិប្បាយរ​បស់​លោក​ប៊ែរ​លូ​ស្កូនី ដោយ​និយាយថា មហាសេដ្ឋី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាយុ ៨៦​ឆ្នាំ​រូប​នេះ​មិន​បាន​មក​រស់នៅ​ក្រោម​កា​រ​ទម្លាក់​គ្រាប់បែក​​ប្រចាំថ្ងៃ និង​ការ​ដាច់​ភ្លើង​ដែល​បណ្តាល​មកពី​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​នោះទេ​។​

​លោកស្រី​មេ​ឡូ​នី​បាន​សង្កត់ធ្ងន់ថា អ៊ីតាលី​នឹង​បន្ត​ផ្តល់​ការគាំទ្រ​របស់​ខ្លួន ដោយ​និយាយថា បរាជ័យ​របស់​អ៊ុ​យក្រែន “​អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការឈ្លានពាន​ដែល​អាច​កើតមាន​លើ​រដ្ឋ​អឺរ៉ុប​ផ្សេងទៀត​”​។​

​ដោយ​សំដៅលើ​លោក​ប៊ែរ​លូ​ស្កូនី លោកស្រី​បាន​និយាយថា សម្ពន្ធ​របស់​លោកស្រី​មាន​ភាពរឹងមាំ​ក្នុង​ការគាំទ្រ​អ៊ុ​យក្រែន ជាមួយនឹង “​អង្គហេតុ​” និង​ការបោះឆ្នោត​ក្នុង​សភា ដោយ​មិន​ខ្វល់​ពី​ការលើកឡើង​របស់​បុគ្គ​ល​នយោបាយ​នីមួយៗ​នោះឡើយ​៕

​លោកស្រី​មេ​ឡូ​នី​ជួប​លោក​ហ្សេ​លេន​ស្គី​ក្នុង​ទីក្រុង​គៀវ​កាលពី​ថ្ងៃ​អង្គារ