​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ហ្វីលីពីន​និង​អូស្ត្រាលី​កំពុង​ស្វែងរក​ការ​ល្បាត​ដែនសមុទ្រ​រួមគ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ចំ​ពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​បង្កើន​សកម្មភាព​យោធា​នៅក្នុង​​ដែនទឹក​មាន​ជម្លោះ​។​

​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អូស្ត្រាលី លោក រី​ឆាត ម៉ា​ឡេស (Richard Marles) បាន​និយាយថា លោក​បាន​ពិភាក្សា​អំពី​ការ​ល្បាត​រួមគ្នា​ជាមួយ​សម​ភាគី​ហ្វីលីពីន លោក ខា​លី​តូ ហ្គាល់​វ៉េស ជូនៀ (Carlito Galvez Jr) ក្នុងអំឡុង​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទីក្រុង​ម៉ានីល​នៅ​ថ្ងៃ​ពុធ​ទី​២២​កុម្ភៈ​នេះ​។​

​លោក​ម៉ា​ឡេស​បាន​និយាយថា “​ក្នុងនាម​ប្រទេស​ដែល​ប្តេជ្ញា​ចិត្ត​ចំពោះ​សណ្តាប់ធ្នាប់​ដែល​ផ្អែកលើ​ច្បាប់​សកល វា​ជា​រឿង​ធម្មតា​ទេ​ដែល​យើង​គួរតែ​គិត​អំពី​វិធី​ដែល​យើង​អាច​សហការ​ក្នុងន័យនេះ​”​។​

“​ដូច្នេះហើយ យើង​បាន​និយាយ​នៅ​ថ្ងៃនេះ​អំពី​លទ្ធភាព​នៃ​ការ​ល្បាត​រួមគ្នា ហើយ​យើង​នឹង​បន្ត​ការងារ​នោះ ហើយ​យើង​សង្ឃឹម​ថា​វា​នឹង​មាន​ផ្លែផ្កា​ក្នុងពេល​ឆាប់ៗ​”​។​

​លោក​ម៉ា​ឡេស​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន លោក ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ (Ferdinand Marcos Jr) និង​អនុ​ប្រធានាធិបតី​លោកស្រី សា​រ៉ា ឌុយ​ទែត (Sara Duterte)​នៅ​ថ្ងៃ​ពុធ​​នេះ មុនពេល​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ​នៅ​ចុង​សប្តាហ៍​នេះ​។​

​កិច្ច​ពិភាក្សា​ស្តីពី​លទ្ធភាព​ល្បាត​រួមគ្នា​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ធ្វើឡើង​បន្ទាប់​ពី​មាន​ការពិភាក្សា​ស្រដៀង​គ្នា​រវាង​ហ្វីលីពីន​និង​សហរដ្ឋ​អាម៉េរិក​។​

​ហ្វីលីពីន​គឺជា​សម្ពន្ធមិត្ត​យោធា​របស់​អូស្ត្រាលី​និង​សហរដ្ឋ​អាម៉េរិក​ហើយ​ប្រទេស​ទាំង​បី​កំពុង​ពង្រឹង​ទំនាក់ទំនង​សន្តិសុខ​ដើម្បី​ជំរុញ​ឱ្យ​មាន​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​សេរី​និង​បើកចំហ​ប្រឆាំង​នឹង​ឥទ្ធិពល​​កំពុង​កើនឡើង​របស់​ចិន​នៅក្នុង​តំបន់​។​

​លោក​ម៉ា​ឡេស​និយាយថា អូស្ត្រាលី​ចាត់ទុក​ហ្វីលីពីន​ជា​ភាគី “​កណ្តាល​បំផុត​” ចំពោះ​ផលប្រយោជន៍​របស់​ប្រទេស​លោក​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។​

​ទីតាំង​របស់​ហ្វីលីពីន​បាន​ធ្វើឱ្យ​ប្រទេស​នេះ​ក្លាយជា​ដៃគូ​សន្តិសុខ​និង​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​អូស្ត្រាលី ប្រសិនបើ​ភាព​តានតឹង​ផ្ទុះឡើង​ជុំវិញ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​និង​ជម្លោះ​ចិន​-​តៃវ៉ាន់​។​

​លោក​បាន​និយាយថា “​យើង​ទាំង​ពីរ​គឺជា​ប្រទេស​ដែល​បាន​វិនិយោគ​យ៉ាង​ស៊ីជម្រៅ​ក្នុង​ការទទួលស្គាល់​នូវ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​នៅ​ទូទាំង​ពិភពលោក នៅ​កន្លែង​ដូចជា​សមុទ្រ​ចិន​ខាងត្បូង​ជាដើម កន្លែង​ដែល​ពាណិជ្ជកម្ម​ភាគច្រើន​របស់​អូស្ត្រាលី​បាន​ឆ្លងកាត់​”៕

លោក​ម៉ា​ឡេស (​ឆ្វេង​) ជួប​លោក​ខា​លី​តូ នៅ​ក្រុង​ម៉ានីល​នៅ​ថ្ងៃ​ពុធ​នេះ