ដោយ:សុខុម/ស្ទឹងត្រែង÷ កសិករដាំដំណាំស្វាយចន្ទីនៅខេត្តស្ទឹងត្រែង បានត្អូញត្អែរថានៅដើមរដូវប្រមូលផលនេះឈ្មួញកណ្តាលបានទិញគ្រាប់ស្វាយចន្ទីស្រស់ ទម្លាក់ថ្លៃទីផ្សារធ្វើឲ្យកសិករដាំស្វាយចន្ទីបាត់ប្រាក់ចំណូលយ៉ាងច្រើន។
កសិករបានឲ្យដឹងថានៅដើមរដូវគ្រាប់ស្វាយចន្ទី មានតម្លៃ៦.៨០០រៀល ក្នុងមួយគីឡូមកដល់ពាក់កណ្ដាលខែកុម្ភៈនេះ បានធ្លាក់តម្លៃមកត្រឹមតែ៥.២០០ទៅ៥.០០០រៀលក្នុងមួយគីឡូក្រាមរហូតដល់ជាង៤.០០០រៀលក៏មានដែរ។
លោក ប៉ូ ស៊ីថា កសិករម្នាក់បានបញ្ជាក់ថា តម្លៃគ្រាប់ស្វាយចន្ទីបានធ្លាក់ស្ទើររៀងរាល់ថ្ងៃ។ពីមួយឆ្នាំទៅមួយឆ្នាំឈ្មួញទិញចេះតែទម្លាក់ថ្លៃរហូតទីផ្សារមិននឹងនោះធ្វើឲ្យកសិករជួបការលំបាកក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃជាពិសេសនោះមិនអាចទប់ទល់ទៅនឹងការចំណាយក្នុងការដាំដុះថែទាំរហូតដល់រដូវប្រមូលផលបាន។
លោក ហេង ពេជ្រ អ្នកទទួលទិញគ្រាប់ស្វាយចន្ទីប្រចាំនៅក្រុងស្ទឹងត្រែង បានអះអាងថា គ្រាប់ស្វាយចន្ទីក្រុមហ៊ុនបានបែងចែកជាបីប្រភេទ គឺគ្រាប់ពូជ M23 មានលេខ១ និងលេខ២។ ចំណែកពូជ០៩គ្រាប់តូច គិតតម្លៃផ្សេងតម្រូវទៅតាមទីផ្សារក្រៅប្រទេសដែលបានកំណត់ ព្រោះគ្រាប់ស្វាយមានគុណភាពខុសគ្នា ខ្លះទុកមិនបានយូរបណ្តាលឲ្យខូចគុណភាព ទំរាំដឹកចេញទៅរោងចក្រកែច្នៃ។
លោកទទួលស្គាល់ថា បច្ចុប្បន្នក្រុមហ៊ុនទិញគ្រាប់ស្វាយចន្ទីបានឲ្យតម្លៃទៅលើកត្តាពូជ ដូចជាពូជក្នុងស្រុកទិញតម្លៃជាង៤.០០០រៀលក្នុងមួយគីឡូក្រាម ចំណែកពូជ M២៣ មានតម្លៃជាង៥.០០០រៀល ព្រោះវាមានគុណភាពល្អគ្រាប់ធំ និងងាយស្រួលនាំយកទៅលក់បន្ត។
លោក កែវ ណារិទ្ធ ប្រធានមណ្ឌលសភាពាណិជ្ជកម្មក្រចេះ.ស្ទឹងត្រែង.រតនគីរី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បញ្ហានេះសភាពាណិជ្ជកម្មបានប្រឹងប្រែងទាក់ទងក្រុមហ៊ុនប្រមូលទិញឲ្យមកបោះទីតាំងនៅតាមបណ្តាខេត្តនីមួយៗ និងតម្រូវឲ្យធ្វើកិច្ចសន្យាជាមួយសហគមន៍កសិករដើម្បីចុះកុងត្រាទិញ ដើម្បីធានាតម្លៃទីផ្សារជូនកសិករ៕/PC