ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ចិនកាលពីថ្ងៃពុធទី២២កុម្ភៈបានរិះគន់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ដោយមន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ ហើយបានបញ្ជាក់ជាថ្មីថា ខ្លួនបានដាក់ទណ្ឌកម្មក្រុមហ៊ុន Lockheed Martin និងអង្គភាពមួយរបស់ក្រុមហ៊ុន Raytheon សម្រាប់ការផ្គត់ផ្គង់សម្ភារៈយោធាដល់កោះប្រជាធិបតេយ្យដែលគ្រប់គ្រងដោយខ្លួនឯងនេះ។
ការអត្ថាធិប្បាយពីការិយាល័យកិច្ចការតៃវ៉ាន់របស់គណៈរដ្ឋមន្ត្រីចិនបានគូសបញ្ជាក់អំពីការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងវ៉ាស៊ីនតោនជុំវិញកោះតៃវ៉ាន់ បច្ចេកវិជ្ជា ការចោទប្រកាន់អំពីចារកម្ម និងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនកាន់តែខ្លាំងឡើង។
នៅពេលសួរអំពីដំណើរទស្សនកិច្ចដោយលោក មីសែល ឆេស (Michael Chase) ឧបការីរងក្រសួងការពារជាតិអាម៉េរិកទទួលបន្ទុកកិច្ចការចិន អ្នកនាំពាក្យការិយាល័យខាងលើ លោកស្រី ជូ ហ្វេងលៀន (Zhu Fenglian) បាននិយាយថា ចិន “ប្រឆាំងដាច់ខាតរាល់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយោធាផ្លូវការ” រវាងសហរដ្ឋអាម៉េរិកនិងតៃវ៉ាន់។
លោកស្រីជូបានប្រាប់អ្នកយកព័ត៌មានថា កិច្ចខិតខំប្រឹងប្រែងរបស់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់ដើម្បីពង្រឹងឯករាជ្យភាពរបស់កោះនេះជាមួយនឹងជំនួយបរទេស “នឹងត្រូវបរាជ័យ”។
ចិនបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ដែលនឹងនាំយកមកក្រោមការគ្រប់គ្រងរបស់ខ្លួនវិញដោយកម្លាំងប្រសិនបើចាំបាច់ ហើយបាននិងកំពុងបង្កើនសកម្មភាពយោធារបស់ខ្លួននៅក្បែរៗកោះនេះ។
ភាគីទាំងពីរបានបែកបាក់គ្នាក្នុងអំឡុងសង្គ្រាមស៊ីវិលក្នុងឆ្នាំ ១៩៤៩ ហើយបក្សកុម្មុយនីស្តរបស់ចិនមិនដែលងាករេចេញពីកោះនេះនោះឡើយ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណមិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើដំណើរទស្សនកិច្ចរបស់លោកឆេសនោះទេ ដោយនិយាយបញ្ជាក់ឡើងវិញថា”ការប្តេជ្ញាចិត្តរបស់យើងចំពោះតៃវ៉ាន់គឺរឹងមាំនិងរួមចំណែកដល់ការថែរក្សាសន្តិភាពនិងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់និងក្នុងតំបន់”។
ក្រសួងការបរទេសតៃវ៉ាន់និយាយថា ខ្លួនមិនមានព័ត៌មានអំពីដំណើរទស្សនកិច្ចបែបនេះទេ៕
ទង់ជាតិអាម៉េរិកបង្ហូតពីមុខក្រុមហ៊ុន Raytheon