ដោយ: ភ្នំខៀវ / បាត់ដំបង÷ ក្រុមជាងបានប្រទះឃើញក្បាលគ្រាប់កាំភ្លើង និងរំសេវជាតិផ្ទុះជាច្រើន ខណ:ជីកដីចាក់គ្រឹះផ្ទះហើយក្រោយពីរាយការណ៍និងចុះពិនិត្យសមត្ថកិច្ចអះអាងថា ទាំងនេះជាយុទ្ធភ័ណ្ឌសល់ពីសម័យសង្គ្រាម។
នគរបាលគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ការប្រទះគ្រាប់យុទ្ធភ័ណ្ឌដែលនៅរាយប៉ាយកប់ក្នុងដីសេសសល់ពីសម័យសង្គ្រាមនេះបានបង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងក្រុមទី ៧ ភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ក្បាលគ្រាប់កាំភ្លើង ( UXO ) ដែលប្រទះឃើញនេះដែររួមមាន: ប្រភេទ ៣៧មីលីម៉ែត្រចំនួន ៣០គ្រាប់ និងរំសេវចំនួន ៣ គីឡូក្រាមផងដែរដែលមួយចំនួនអាចបង្កការគ្រោះថ្នាក់បាន។
ក្រោយចុះពិនិត្យកម្លាំងនគរបាលមូលដ្ឋាន បានសហការជាមួយមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់ រួចរំដោះក្បាល់គ្រាប់ និងរំសេវខាងលើយកទៅរក្សាទុករងចាំពេលវេលាកម្ទេចចោលពេលក្រោយ៕/R