ដោយ:បូកគោ/កំពត៖ និវត្តន៍ជន និងអតីតយុទ្ធជនកំពុងសប្បាយរីករាយ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានដំឡើងប្រាក់សោធនជូនពួកគាត់។

លោក អុក សុខន រស់នៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពតបានប្រាប់ឱ្យដឹងថា លោកបានចូលនិវត្តន៍​រយៈពេលប្រាំពីរ​ឆ្នាំ​មកហើយ។ ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ មន្ត្រីចូលនិវត្តន៍ អតីត​យុវជន និងចាស់ជរាទូទៅត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់​ខ្ពស់​បំផុត។ ជាក់ស្តែងបន្ទាប់ពីពេលចូលនិវត្តន៍ លោកមានជីវភាពសមរម្យ​ដែលកន្លងមក ប្រាក់សោធនរបស់លោកទទួលបានចំនួន៨៦ម៉ឺនរៀល​។មួយខែបើកពីរដងតាមរយៈធនាគារ។

និវត្តន៍ជនរូបនេះបានបញ្ជាក់ថា លោកជឿជាក់ថាដរាបណាសម្តេច ហ៊ុន សែន បន្តដឹកនាំប្រទេស នោះនិវត្តជន អតីតយុទ្ធជន និងចាស់ជរាទូទៅ​នៅតែ​ទទួល​បានការយកចិត្តទុកដាក់ជានិច្ច។

អ្នកស្រី កូវ វួចលី អតីតគ្រូបង្រៀនបានរៀបរាប់ថា អ្នកស្រីបានចូលនិវត្តន៍​កាលពីឆ្នាំ២០១៥។ ប្រាក់សោធនរបស់អ្នកស្រីដំបូងបើកបាន៦០ម៉ឺនរៀល និងឡើងបន្តបន្ទាប់ដល់៦៩ម៉ឺនរៀល។ សម្រាប់ឆ្នាំ២០២៣នេះ រាជរដ្ឋា​ភិបាលនឹងដំឡើងរហូតដល់៧៧ម៉ឺនរៀល។

អតីតគ្រូបង្រៀនរូបនេះបានបន្តថា អ្នកស្រី សប្បាយចិត្តយ៉ាងខ្លាំង​ចំពោះ​ការអភិវឌ្ឍ និងគុណបំណាច់នៃសន្តិភាពដែលប្រមុខរាជរដ្ឋាភិបាលខិត​ខំស្វែងរកបានទាំងលំបាកនោះ។

លោកស្រី ព្រំ សុភាព ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា​​បានប្រាប់ឲ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ ខេត្តកំពតមានអតីតយុទ្ធជន​ចំនួន៥.៣៩២នាក់ និងមន្ត្រីចូលនិវត្ត២.២២៨នាក់។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ គឺប្រាក់សោធនចាប់ពី៦៩ម៉ឺនរៀលនឹងត្រូវបន្ថែមឱ្យ​ដល់៧៧​ម៉ឺនរៀលក្នុងមួយខែ។ ចំណែកប្រាក់សោធនចន្លោះចាប់ពី៧៧ម៉ឺន និង១​រៀលឡើងនឹងត្រូវបន្ថែមឱ្យ​ដល់១លានរៀល។ រីឯអ្នកទទួលប្រាក់សោធនចាប់ពី១លាននិង១រៀលឡើងនឹងត្រូវបន្ថែមឱ្យដល់ត្រឹម១លាន២ម៉ឺនរៀល៕សរន/r