ដោយ៖ ដេប៉ូ / ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា៖ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ នេះ មានមន្រ្តីដែលជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ៦៣៣ នាក់ និងបានចំណាត់ការលើពាក្យប្តឹង ៥៦ ករណី។
បើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលបានបើក កិច្ចជុំលើកទី២០ អាណត្តិទី៣ បានបញ្ជាក់ អំពីរបាយការណ៍របស់ អង្គភាពប្រឆាំងអំពើពុក រលួយ ទាក់ទិនការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺក្នុងខែកុម្ភៈនេះ មន្ត្រីដែលជាប់ កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ៦៣៣ នាក់ ក្នុងនេះ បានមកប្រកាស ទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ ចំនួន ៣១១ នាក់, មន្ត្រីទើបទទួលបានការតែង តាំងថ្មី ដែលមានជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ២៧៨ នាក់ និងមន្ត្រី ៤៤ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយ ដោយ មូលហេតុលាឈប់ពីការងារ-ចូលនិវត្តន៍ និងចប់អាណត្តិ។
ប្រភពខាងលើនេះ បានបញ្ជាក់ឱ្យដឹងថា៖ ក្នុងខែនេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែនេះ ចំនួន ៥៦ ពាក្យប្ដឹង។
ជាមួយគ្នានេះ អង្គភាព ប្រឆាំងអំពើពុករលួយ បានបញ្ជាក់បន្ថែមថា៖ ចំពោះការងារអប់រំ ក្នុងការប្រឆាំងអំពើពុករលួយ អង្គភាពរបស់ខ្លួន បានផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើ ពុករលួយ ដើម្បីបញ្ចប់ពាក្យប្ដឹង ដល់មន្ត្រីអប់រំ នៅវិទ្យាល័យហ៊ុន សែន ចាក់អង្រែ ចំនួន ៤៩ នាក់ -មន្ត្រីអប់រំនៅវិទ្យាល័យ ទួលប្រាសាទ ចំនួន ៥៥ នាក់។ ក្រៅពីនេះ បានឧទ្ទេស នាមមេរៀនចំនួន ៣ ពាក់ព័ន្ធឹងច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ដល់មេធាវី ជាកម្មសិក្សាការី សុក្រឹត្យការ វគ្គទី១៣ ចំនួន ៨៣ នាក់។
ដោយឡែក ចំពោះអំពីការបង្ការ ទប់ស្កាត់អំពើពុករលួយវិញ អង្គភាពប្រឆាំងអំពើពុករលួយ នៅខែដដែលនេះ បានចូលរួមសង្កេតការណ៍ ការប្រឡងជ្រើសរើសមន្ត្រីសុខាភិបាល បំរើការងារ នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព។ ក្រៅពីនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមសង្កេតការណ៍ ការងារលទ្ធកម្មសាធារណៈ ចំនួន ៨៧ គម្រោង របស់ក្រសួង -ស្ថាប័ន រាជធានី-ខេត្ត នៃអង្គភាពលទ្ធកម្ម ចំនួន ២៣ អង្គភាព៕ V / N