ដោយៈ ទេព មង្គល / ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការ នៃក្រសួងការបរទេសជប៉ុន ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ ចំនួន ៣.៩៨៦ លានយ៉េន (ប្រមាណ ៣០,៦ លានដុល្លារអាមេរិក) ដើម្បីអនុវត្ត «គម្រោងពង្រីកប្រព័ន្ធ ផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង» នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រសួងការបរទេស បានបញ្ជាក់ថាៈ លិខិតប្ដូរសារខាងលើ គឺជាការធ្វើវិសោធនកម្មទៅលើ ចំនួនទឹកប្រាក់ ដែលបានចែងនៅក្នុងលិខិតប្ដូរសារ ដែលបានចុះហត្ថលេខារួច នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២។
ប្រភពដដែល បានបញ្ជាក់ថាៈ កាយវិការសប្បុរសរបស់រដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែក យ៉ាងសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ជាបន្តបន្ទាប់របស់ រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងធ្វើឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អ ប្រសើរ ដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការ កំពុងលូតលាស់ លើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំនេះ កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត៕/V/r