ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ក្នុងអំឡុងពេលជួបពិភាក្សាកាលពីថ្ងៃពុធនៅវិមានក្រឹមឡាំង អ្នកការទូតកំពូលចិនលោកវ៉ាង យី បានប្រាប់ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន ថាទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំងនិងមូស្គូមិនអាចស្ថិតក្រោមឥទ្ធិពលនៃប្រទេសដទៃបានទេ ។
លោកពូទីន បាននិយាយថាលោកទន្ទឹងរង់ចាំដំណើរទស្សនកិច្ចណាមួយរបស់ប្រធានាធិបតីចិន ស៊ី ជីនភីង នៅទីក្រុងមូស្គូហើយនឹងការពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ នៅពេលតែប៉ុន្មានថ្ងៃក្រោយពីអាម៉េរិកបានព្រមានចិនប៉េកាំងកុំអោយផ្តល់ជំនួយយោធាសំរាប់ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ជំនួយសព្វាវុធរបស់ចិនដល់រុស្ស៊ីនឹងពង្រីកសង្គ្រាមអ៊ុយក្រែនទៅជាការប្រឈមមុខមួយរវាងរុស្ស៊ីបូករួមចិនទល់នឹងអ៊ុយក្រែនរួមជាមួយសម្ពន្ធភាពយោធាណាតូដឹកនាំដោយអាម៉េរិក។
មុននេះលោកវ៉ាងបានជួបរដ្ឋមន្ត្រីការបរទេស សឺហ្គេ ឡាវរ៉ូវ ដែលបាននិយាយថាលោកទន្ទឹងរង់ចាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីៗក្នុងអំឡូងពេលលោកវ៉ាងធ្វើទស្សនកិច្ចទីក្រុងមូស្គូ។លោកវ៉ាងបាននិយាយថា« មិនថាសភាពការណ៍អន្តរជាតិផ្លាស់ប្តូរយ៉ាងណាទេ ចិននៅតែតាំងចិត្តជាមួយរុស្ស៊ីខិតខំរក្សានិន្នាការវិជ្ជមាននៅក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងមហាអំណាច»។
លោកបានបន្ថែមថា លោកនឹងធ្វើការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំងនិងមូស្គូ ។លោកមិនបានបញ្ជាក់លម្អិតទេថានឹងមានកិច្ចព្រមព្រៀងអ្វីត្រូវចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចនេះ។
កាលពីលោកពូទីននិងលោកស៊ីជួបគ្នានៅក្រុងប៉េកាំងមុនរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសចូលអ៊ុយក្រែនបន្តិចកាលពីថ្ងៃ២៤កុម្ភៈ ឆ្នាំ២០២២ មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើភាពជាដៃគូ«គ្មានព្រំដែន»រវាងចិននិងរុស្ស៊ី ជាហេតុនាំអោយលោកខាងលិចព្រួយបារម្ភ។
ក្នុងជំនួបកាលពីថ្ងៃអង្គារជាមួយប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីលោក នីកូឡាយ ប៉ាទ្រូសេវ(Nikolai Patrushev) លោកវ៉ាងបាននិយាយថាទំនាក់ទំនងរវាងចិននិងរុស្ស៊ី«រឹងមាំដូចថ្ម ហើយនឹងឈរជម្នះរាល់ការផ្លាស់ប្តូរសភាពការណ៍អន្រជាតិ»៕
លោកវ៉ាង ចូលជួបលោកពូទីន នៅវិមានក្រឹមឡាំងកាលពីថ្ងៃ២២កុម្ភៈ