ដោយៈពៅនិមល/ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងថ្នាក់ដឹកនាំបានទទួលជួបពិភាក្សាការងារជាមួយលោក SHEN Danyang អភិបាលរងខេត្តហាយណាននៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងការជំរុញការនាំចេញកសិផល ដូចជា ផ្លែដូង ផ្លែចេកស្រស់ ម្សៅដំឡូងមី កៅស៊ូ និងម្រេច ពីកម្ពុជាទៅកាន់ប្រទេសចិនជាពិសេសខេត្តហាយណាន។
ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងជំនួបការងារនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម រវាងខេត្តហាយណាន និងក្រសួងកសិកម្មកម្ពុជានាពេលកន្លងមក។ តាមរយៈជំនួបនេះ លោករំពឹងថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តដំណើរទៅមុខយ៉ាងរលូន ហើយឈានទៅជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងចិន នៅក្នុងវិស័យកសិកម្ម។
លោករដ្ឋមន្ដ្រី ឌិត ទីណា បានជំរុញដល់គណៈប្រតិភូនៃខេត្តហាយណាន សិក្សាអំពីកសិផលដែលខ្លួនត្រូវការ ហើយក្រសួងកសិកម្មកម្ពុជានិងរូបលោកផ្ទាល់ នឹងជួយសហការធ្វើយ៉ាងណាជំរុញនិងជ្រោមជ្រែងការផលិតកសិផលទាំងនោះ ស្របទៅតាមស្តង់ដារកំណត់ សម្រាប់បម្រើដល់ការនាំចេញ។
លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់បន្ថែមថា ផែនការជំនួញ (Business Plan)ជាក់លាក់ និងទីផ្សារពិតប្រាកដ គឺជាគន្លឹះជោគជ័យនៃកិច្ចសហប្រតិបត្តិការផ្នែកកសិកម្មរវាងកម្ពុជានិងចិន។ លោកបានសង្កត់ធ្ងន់ថា ក្រសួងកសិកម្ម ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយទាំងបច្ចេកទេស និងនីតិវិធីផ្សេងៗ ដើម្បីសម្រួលដល់ដំណើរការរបស់គម្រោង ដើម្បីឱ្យកើតចេញជារូបរាងឡើង និងទទួលបានផលចំណេញសម្រាប់គ្រប់ភាគីទាំងអស់៕សរន
ជំនួបការងាររវាងលោក ឌិត ទីណា និងលោក SHEN Danyang នៅទីស្តីការក្រសួង(រូបភាព៖ក្រសួងកសិកម្ម)