ដោយៈ សុក្ខារិន / ពោធិសាត់: ទីលានទុកដាក់សម្រាមក្រុងពោធិ៍សាត់ ដែលមានទីតាំង នៅខាងកើតរង្វង់មូលផ្តិល ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ តាមផ្លូវ កៅស៊ូ DBST ចម្ងាយពីផ្លូវជាតិលេខ៥ ប្រមាណ ១.៥០០ ម៉ែត្រ បានធ្វើពិធីប្រគល់ -ទទួល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

ពិធីនេះក៍មានការចូលរួមពីលោក អែនថូនី ហ្គីល តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB), លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងកែលម្អ គ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប, លោក លឹម សុខតូ អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិសាត់ ព្រមទាំងប្រធានមន្ទីរ អង្គភាព អភិបាលក្រុងពោធិ៍សាត់ ចៅសង្កាត់ និងប្រជាពលរដ្ឋប្រមាណជិត ២០០ នាក់ ។

ទីលានទុកដាក់សម្រាមក្រុងពោធិ៍សាត់នេះ ជាគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញ បឹងទន្លេសាប ជំហាន១ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី ដែលគ្រប់គ្រងដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន ។ គម្រោងទាំងមូល ត្រូវបានសាងសង់ឡើង លើផ្ទៃដីសរុប ១៥,៥០ ហិកតា ដែលនឹងគ្រោងប្រើប្រាស់ ក្នុងរយៈពេល ១៥ ឆ្នាំ (២០២២ រហូតដល់ ២០៣៧) សម្រាប់ប្រជាជនក្នុងក្រុងពោធិ៍សាត់ និងស្រុកដែលនៅ ក្បែរទីលានទុកដាក់សម្រាម។

តាមការសន្និដ្ឋានអត្រាប្រមូលសម្រាម បច្ចុប្បន្ន មានចំនួន ៧ តោន ក្នុងមួយថ្ងៃ នឹងអាច កើនឡើងដល់ ២៤ តោន ក្នុងមួយថ្ងៃ នៅឆ្នាំ២០៣៣ ខាងមុខនេះ ។ កន្លែងទុកដាក់ សម្រាម ត្រូវបានរចនាឡើង ជាពីររណ្ដៅ​ ដែលរណ្ដៅនីមួយៗ មានក្រឡាផ្ទៃ ០,៧២ ហិកតា ដែលតាមផែនការ រណ្ដៅទាំងពីរនេះ មានសមត្ថភាពផ្ទុកសម្រាមបាន ១៤០.០០០ ម៉ែត្រត្រីគុណ។

លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថាៈ នេះជាគម្រោងទី២ ក្នុងចំណោមគម្រោង ទាំង១២ ដែលធនាគារអភិវឌ្ឍន៍អាស៊ី បានជួយផ្ដល់ហិរញ្ញប្បទាន និងបច្ចេកទេស ក្នុងការសាងសង់ទីលានចាក់សម្រាម។ លោកបានថ្លែងអំណរគុណចំពោះធនាគារ អភិវឌ្ឍន៍អាស៊ី ដែលបានសហការជាមួយ រាជរដ្ឋាភិបាលលើគ្រប់វិស័យ ពិសេសប្រព័ន្ធ ចម្រោះទឹកកខ្វក់ ទីលានចាក់សម្រាម ផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀត ។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថាៈ សមិទ្ធផលទាំងនេះ បានមកដោយសារ ប្រទេសជាតិ មានសុខសន្តិភាព បើប្រទេសជាតិ គ្មានសុខសន្តិភាពទេ រាជរដ្ឋាភិបាល ក៍គ្មានឱកាសទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរបរទេស រាប់លាននាក់ ចូលមក ប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនបងប្អូន កូនចៅយើងធ្វើដែរ។ ដូច្នេះសុខសន្តិភាព ជាកត្តាមួយដ៍សំខាន់ ដែលយើងទាំងអស់គ្នា ត្រូវចូលរួមការពារ ឲ្យបានគង់វង្ស ដើម្បីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន មានឱកាសបន្ត អភិវឌ្ឍន៍ ឲ្យកាន់តែរីកចម្រើនឡើងថែមទៀត ពីមួយអាណត្តិ ទៅមួយអាណត្តិ ៕/V/r