ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃពុធទី២២កុម្ភៈថា លោក ស៊ី ជីនភីង របស់ចិននឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដោយនិយាយថា ទំនាក់ទំនងបានឈានដល់ “ព្រំដែនថ្មី” ចំពេលមានការព្រួយបារម្ភពីសហរដ្ឋអាម៉េរិកថា រដ្ឋាភិបាលក្រុងប៉េកាំងអាចនឹងផ្តល់ជំនួយជាសម្ភារៈដល់ការឈ្លានពានលើអ៊ុយក្រែន។

ការ​ផ្គត់ផ្គង់​សព្វាវុធ​របស់​ចិន​ដល់​រុស្ស៊ី​អាចនឹង​គំរាមឱ្យមានលទ្ធភាពផ្ទុះការ​ប្រឈមមុខ​ដាក់គ្នា​រវាង​រុស្ស៊ី​និង​ចិន​នៅភាគី​ម្ខាង និង ​អ៊ុយក្រែន​និង​សម្ពន្ធមិត្ត​យោធា​ណាតូ​ដែល​ដឹកនាំ​ដោយ​អាម៉េរិក ​នៅភាគីម្ខាង​ទៀត។

លោកពូទីនបានស្វាគមន៍អ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី មកកាន់វិមានក្រឹមឡាំង ដោយប្រាប់លោកថា ពាណិជ្ជកម្មទ្វេភាគីមានភាពល្អប្រសើរជាងការរំពឹងទុក ហើយឆាប់ៗនេះអាចឈានដល់ ២០០ ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ដែលកើនឡើងពី ១៨៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២។

លោកពូទីនបានប្រាប់លោកវ៉ាងថា “យើងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនមកកាន់រុស្ស៊ី យើងបានយល់ព្រមលើរឿងនេះហើយ”។

លោកពូទីនបាន​និយាយថា “អ្វីៗគឺមានវឌ្ឍនភាព និង រីកចម្រើន។ យើង​កំពុង​ឈាន​ដល់​ព្រំដែន​ថ្មី”។

លោកវ៉ាងជួបលោកពូទីននៅវិមានក្រឹមឡាំងកាលពីថ្ងៃពុធ

ទីភ្នាក់ងារសារព័ត៌មាន Tass បានដកស្រង់សម្តីលោកវ៉ាង ដែលបានរៀបចំកិច្ចប្រជុំដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេស សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) ដោយនិយាយថា ចិននឹង “ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលជំហរដែលមានគោលបំណងនិងមិនលម្អៀង ហើយដើរតួនាទីស្ថាបនាក្នុងការដោះស្រាយវិបត្តិនយោបាយ”។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខ្លួនស្វាគមន៍ចិនដែលដើរតួយ៉ាងសកម្មបន្ថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន ហើយបាននិយាយថា ខ្លួនវាយតម្លៃខ្ពស់ចំពោះ “វិធីសាស្រ្តរក្សាតុល្យភាព” របស់ចិន។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងបាននិយាយថា លោកឡាវរ៉ូវនិងលោកវ៉ាងមិនបានពិភាក្សាអំពីផែនការសន្តិភាពរបស់ចិនដែលបានរាយការណ៍នោះទេ។

សម្រាប់លោកពូទីន ការគាំទ្ររបស់មហាអំណាចចិនចំពេលមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតជាមួយលោកខាងលិចចាប់តាំងពីទីបញ្ចប់នៃសង្រ្គាមត្រជាក់ បានអនុញ្ញាតឱ្យគាត់បោះចោលនូវភាពឯកោរបស់រុស្ស៊ីនៅលោកខាងលិចនិងងាកមករកអាស៊ីវិញ។

លោកវ៉ាងបានប្រាប់លោកពូទីនថាទំនាក់ទំនងរវាងប្រទេសទាំងពីរបានទប់ទល់នឹងសម្ពាធពីស្ថានភាពអន្តរជាតិដែលងាយនឹងបង្កជាហេតុ ហើយវិបត្តិទាំងនោះបានផ្តល់នូវឱកាសមួយចំនួន។

លោកវ៉ាងបាននិយាយថា ទំនាក់ទំនងរវាងចិននិងរុស្ស៊ីមិនមែនសំដៅប្រឆាំងនឹងភាគីទីបីណាមួយទេ ប៉ុន្តែក៏ស្មើនឹង “ការមិនចុះញ៉មនឹងសម្ពាធពីភាគីទីបីផងដែរ” ដែលនេះជាការនិយាយដៀមដាមច្បាស់ក្រឡែតដាក់សហរដ្ឋអាម៉េរិក៕