ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ទាហានអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ១១ នាក់ និងរាប់សិបនាក់ទៀតរងរបួស ក្នុងអំឡុងការវាយឆ្មក់នៅតំបន់កាន់កាប់វេសប៊ែង។

ការផ្ទុះនិងការបាញ់កាំភ្លើងបានបន្លឺសំឡេងឡើង ខណៈកងទ័ពបានចូលទៅក្នុងទីក្រុងចាស់ ណាប្លឺស (Nablus) កាលពីព្រឹកថ្ងៃពុធទី២២កុម្ភៈ ដោយបានបង្កឱ្យមានការប៉ះទង្គិចប្រដាប់អាវុធជាមួយខ្មាន់កាំភ្លើងប៉ាឡេស្ទីន។

យោធា​អ៊ីស្រាអែល​បាន​និយាយ​ថា ខ្លួន​បាន​សម្លាប់​ពួក​សកម្មប្រយុទ្ធដែលគេតាមចាប់ខ្លួន​បី​នាក់ ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ផ្ទះ​មួយ ព្រោះពួកគេ​មិន​ព្រម​ចុះចាញ់។

អ្នក ​ដែល​ស្លាប់​នៅ​ខាង​ក្រៅជា​ច្រើននាក់ទៀត ​ជា​ជន​ស៊ីវិល​ ក្នុង​នោះ​មាន​បុរស​ចំណាស់​ពីរ​នាក់​។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា លោក អាដណាន សាបា បារ៉ា (Adnan Saabe Baara) អាយុ ៧២ ឆ្នាំគឺជាជនរងគ្រោះម្នាក់ក្នុងចំណោមនោះ។ ​វីដេអូ​បង្ហាញសព​របស់​គាត់​នៅ​លើ​ផ្លូវ​ក្បែរ​ថង់​នំប៉័ងមួយ ដែល​ជា​ធម្មតា​ជា​តំបន់​ផ្សារ​ដ៏​មមាញឹក។

ក្រសួងបាននិយាយថា បុរសអាយុ ៦១ ឆ្នាំម្នាក់ទៀតឈ្មោះ អាប់ឌុល ហាឌី អាសកា (Abdul Hadi Ashqar) និងក្មេងប្រុសអាយុ ១៦ ឆ្នាំ ឈ្មោះ ម៉ូហាម៉េត សាបាន (Mohammad Shaaban) ក៏ត្រូវបានបាញ់សម្លាប់ដែរ។

បុរសវ័យចំណាស់ម្នាក់ទៀត ឈ្មោះ អាណាន់ សាវកាត អាន់ណាប (Anan Shawkat Annab) អាយុ ៦៦ឆ្នាំ ដែលទទួលរងការថប់ដង្ហើមពីឧស្ម័នបង្ហូរទឹកភ្នែក បានស្លាប់នៅក្នុងមន្ទីរពេទ្យកាលពីយប់ថ្ងៃពុធ។

ក្រុមសកម្មប្រយុទ្ធឈ្មោះ ឡាយអិនស៍ដិន (Lions’ Den) បាននិយាយនៅក្នុងសារ Telegram ថា សមាជិកប្រាំមួយនាក់នៃក្រុម Lions’ Den និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតត្រូវបានសម្លាប់ក្នុងអំឡុងការវាយឆ្មក់នេះ។

ចំនួនអ្នកស្លាប់គឺជាចំនួនស្លាប់ច្រើនជាងការវាយឆ្មក់របស់យោធាអ៊ីស្រាអែលកាលពីខែមុននៅទីក្រុងជេនីន (Jenin) ដែលជាចំនួនស្លាប់ច្រើនបំផុតនៅតំបន់វេសប៊ែង ចាប់តាំងពីឆ្នាំ ២០០៥។

អ្វីដែលធ្វើឱ្យការវាយឆ្មក់នេះកាន់តែគួរឱ្យកត់សម្គាល់នោះគឺចំនួនរបួសដ៏ច្រើនសន្ធឹក ដោយក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា មនុស្សជាង ៨០ នាក់បានរងរបួសដោយគ្រាប់កាំភ្លើង។ មន្ទីរពេទ្យចំនួនប្រាំផ្សេងគ្នានៅទីក្រុងណាប្លឺសបច្ចុប្បន្នកំពុងព្យាបាលពួកគេ។

មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនលោក ហ៊ូសសេន អាល់ សេក (Hussein al-Sheikh) បានថ្កោលទោសចំពោះអ្វីដែលលោកពណ៌នាថាជា “ការសម្លាប់រង្គាល” ខណៈអ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាម៉ូត អាប់បាស (Mahmoud Abbas) បាននិយាយថា លោកចាប់រដ្ឋាភិបាលអ៊ីស្រាអែលឱ្យទទួលខុសត្រូវចំពោះ “ការបង្កើនជម្លោះដ៏គ្រោះថ្នាក់នេះ ដែលកំពុងរុញច្រានតំបន់ឆ្ពោះទៅរកភាពតានតឹងនិងការផ្ទុះគ្រាប់”។

ក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បានព្រមានថា ខ្លួនកំពុង “ឃ្លាំមើលឧក្រិដ្ឋកម្មដែលកំពុងកើនឡើង ដែលប្រព្រឹត្តឡើងដោយសត្រូវ ប្រឆាំងនឹងប្រជាជនរបស់យើងនៅតំបន់កាន់កាប់វេសប៊ែង ហើយកំពុងជិតអស់ការអត់ធ្មត់ហើយ”៕

យុវជន​ប៉ាឡេស្ទីន​គប់​ដុំ​ថ្ម និង​វត្ថុ​ផ្សេង​ទៀត​ដាក់​រថពាសដែក​អ៊ីស្រាអែល