ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ: ក្នុងការប្រកួតជាមិត្តភាព ជើងទី២ រវាងក្រុមបាល់ទះ ជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើស U-19 បារាំង នាថ្ងៃទី២២ កុម្ភៈ កម្ពុជាបានសង សឹកយកឈ្នះវិញ ក្នុងលទ្ធផល ៣សិតទល់១សិត។

ការប្រកួតដែលលេង រហូតដល់ ៤ សិតនោះ ក្រុមកម្ពុជា បានយកឈ្នះក្រុមបារាំង មុន ២សិតជាប់ៗឝ្នា ដែលសិតទី១ កម្ពុជាឈ្នះក្នុងលទ្ធផល ២៥ទល់២០ និងសិតទី២ កម្ពុជាបន្ដឈ្នះ ក្នុងលទ្ធផល ២៥ទល់២១ តែនៅសិតទី៣ កម្ពុជាចាញ់ក្រុម U-19 បារាំង ក្នុងលទ្ធផល ២១ទល់២៥។ សិតទី៤ ដែលជាសិតកាត់ក្ដីនោះ កម្ពុជា បានឈ្នះក្រុម U-19 បារាំង ក្នុងលទ្ធផល ២៥ទល់១៩។

សូមបញ្ជាក់ថា ក្នុងជំនួបជើងទី១ កាលពីថ្ងៃទី១៩ កុម្ភៈ កម្ពុជា ចាញ់ក្រុម U-19 បារាំង ០ទល់៣សិត ក្នុងលទ្ធផល ២៣ទល់២៥, ២១ទល់២៥ និង ២៣ទល់២៥។

លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ប្រមុខសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានអញ្ជើញទៅ ទស្សនា ការប្រកួតជាមិត្តភាពនេះ នៅពហុកីឡដ្ឋានជាតិ៕/V/r