ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺ: មនុស្សពីរនាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូមិនប្រយ័ត្ន បុកជាមួយគោយន្តកន្ត្រៃ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៩១-៩២ ត្រង់ចំណុច ភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ២០២៣។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FI 1855 បើកបរដោយឈ្មោះ យឹម នឿន ភេទប្រុស អាយុ៤៧ឆ្នាំ (ពាក់មួកសុវត្ថិភាព) រស់នៅភូមិផ្គរ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរឈ្មោះ វ៉ា ហេង ភេទប្រុស អាយុ៤១ឆ្នាំ (ពាក់មួកសុវត្ថិភាព) រស់នៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ធ្វើដំណើរទិសដៅពីខាងកើត ទៅខាងលិច មកដល់ចំណុចខាងលើ បានឡើងវ៉ាជែងរថយន្ត ជ្រុលទៅបុកពីមុខគោយន្ត ម៉ាកគូបូតា ពណ៌ក្រហម សណ្តោងរទេះ (អ្នកបើកបរមិនស្គាល់ឈ្មោះ មិនស្គាល់អាសយដ្ឋាន បានចុះរត់គេចខ្លួន) ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នាពេញទំហឹង បណ្តាលឲ្យធ្លាក់ពី លើផ្លូវ បណ្ដាលឱ្យអ្នកជិះម៉ូតូ ស្លាប់ទាំងពីរនាក់ នៅនឹងកន្លែងកើតហេតុតែម្ដង។

ប្រភពបានបន្តទៀតថា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុប្រគល់ សពជនរងគ្រោះ ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ។ វត្ថុតាងទាំងពីរគ្រឿង ខាងលើ បានយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលឃុំអមលាំង ដើម្បីចាត់ការ តាមនីតិវិធី ៕/V/r