ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បានហៅការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការផ្អាកសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ New Start ជាកំហុសដ៏ធំមួយ។
ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីចំណាត់ការនេះកាលពីថ្ងៃអង្គារទី២១កុម្ភៈនៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់គាត់ទៅកាន់ប្រទេសជាតិ។
កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១០ គឺកំហិតចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់អាម៉េរិកនិងរុស្ស៊ី ហើយផ្តល់អំណាចឱ្យគ្នាក្នុងការត្រួតពិនិត្យអាវុធរបស់ភាគីទាំងសងខាង។
ការលើកឡើងរបស់លោកបៃដិនបានកើតឡើង ខណៈរូបលោកជួបក្រុមសម្ពន្ធមិត្តណាតូដ៏សំខាន់ក្នុងប្រទេសប៉ូឡូញ។
ក្រុមបណ្តារដ្ឋអឺរ៉ុបខាងកើត ដែលគេស្គាល់ថា ប៊ូការ៉េសប្រាំបួន (Bucharest Nine) បានរំលឹកឡើងវិញនូវការថ្កោលទោសរបស់ពួកគេចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជិតមួយឆ្នាំចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម។
ការសម្រេចចិត្តរបស់ពូទីនក្នុងការផ្អាកការជាប់ពាក់ព័ន្ធក្នុងសន្ធិសញ្ញានុយក្លេអ៊ែរត្រូវបានជំរុញជាផ្លូវការដោយសភាទាំងពីររបស់រុស្ស៊ីកាលពីថ្ងៃពុធ។
ប៉ុន្តែក្រសួងការបរទេសរុស្ស៊ី ក្រោយមកបាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូនឹងបន្តអនុវត្តតាមការរឹតបន្តឹងនៃសន្ធិសញ្ញា New Start នៅក្នុង “វិធីសាស្រ្តដែលមានទំនួលខុសត្រូវ”។
មន្ត្រីយោធាជាន់ខ្ពស់ម្នាក់បានប្រាប់សភាជាន់ទាបរបស់រុស្ស៊ីថា ប្រទេសនេះនឹងនៅតែបន្តសង្កេតមើលការរឹតបន្តឹងដែលបានព្រមព្រៀងលើប្រព័ន្ធចែកចាយនុយក្លេអ៊ែរ ដែលនេះចង់សំដៅលើ មីស៊ីលនិងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ៕