ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានក្រុមហ៊ុនយោធាឯកជន Wagner របស់ពូទីនបានបង្ហាញគំនរដ៏ធំនៃទាហានស៊ីឈ្នួលរបស់គាត់ដែលត្រូវបានសម្លាប់ក្នុងរយៈពេលតែមួយថ្ងៃ ខណៈគាត់ចោទប្រកាន់រដ្ឋមន្ត្រីការពារជាតិថាមិនបានផ្តល់ឱ្យកងទ័ពរបស់គាត់នូវសព្វាវុធគ្រប់គ្រាន់ ដែលជាសញ្ញានៃការបែងចែកកាន់តែខ្លាំងឡើងនៅក្នុងកងកម្លាំងរុស្ស៊ី។
សង្គ្រាមបើកចំហរនៅក្នុងកងកម្លាំងប្រដាប់អាវុធរបស់លោកពូទីនកាន់តែមានភាពស៊ីជម្រៅកាលពីថ្ងៃពុធទី២២កុម្ភៈ ខណៈលោក យេវជេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ប្រធានក្រុមហ៊ុន Wagner បានចោទប្រកាន់រដ្ឋមន្ត្រីការពារជាតិលោក សឺហ្គេ សយហ្គូ (Sergei Shoigu) ថាកុហកប្រជាជនរុស្ស៊ី។
លោកបានបង្ហោះរូបភាពដ៏តក់ស្លុតមួយបង្ហាញសាកសពយុទ្ធជនរាប់សិបនាក់ ដែលគេជឿថាថតនៅជុំវិញទីក្រុងបាឃ្មុត (Bakhmut) និងត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយអះអាងថា ការស្លាប់មានចំនួនច្រើនជាងនេះ ៥ ដងដោយសារតែអសមត្ថភាពរបស់ពួកមេបញ្ជាការកំពូលរបស់រុស្ស៊ី។
លោកបាននិយាយថា សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិស្តីពីការផ្គត់ផ្គង់អាវុធនិងគ្រាប់រំសេវដល់អ្នកប្រយុទ្ធដែលគាំទ្រលោកពូទីន គឺស្មើនឹងការស្តោះទឹកមាត់ដាក់មុខពួកគេ។
លោកបានចោទប្រកាន់ពួកមេបញ្ជាការរួចហើយថា “ក្បត់ជាតិ” ចំពោះការខកខានមិនបានផ្តល់ឱ្យក្រុមហ៊ុន Wagner នូវអាវុធដែលពួកគេត្រូវការដើម្បីវាយលុកទីក្រុងបាឃ្មុត។
ដោយបង្ហោះរូបភាពនៃសាកសពរបស់ក្រុមហ៊ុន Wagner រាប់សិបនាក់ លោកនិយាយថា “នេះជាកន្លែងមួយសម្រាប់ប្រមូលអ្នកស្លាប់។ អ្នកទាំងនេះស្លាប់កាលពីម្សិលមិញដោយសារតែខ្វះគ្រាប់”។
“ចំនួនស្លាប់គួរតែតិចជាងនេះប្រាំដង។ ប្រាំដង។ ដូច្នេះ ម្តាយ ប្រពន្ធ និងកូន នឹងមកទទួលសាកសពរបស់ពួកគេ”។
“តើអ្នកណាត្រូវស្តីបន្ទោសចំពោះការស្លាប់របស់ពួកគេ? គឺអ្នកដែលសម្រេចចិត្តផ្គត់ផ្គង់គ្រាប់រំសេវគ្រប់គ្រាន់ដល់ពួកយើង”។
លោកបានស្តីបន្ទោសចំៗលើលោកសយហ្គូនិងនាយអគ្គសេនាធិកាលោក វ៉ាល់ឡឺរី ជើរ៉ាស៊ីម៉ូវ (Valery Gerasimov) ចំពោះការស្លាប់របស់ពួកគេ។
លោកនិយាយថា “ហត្ថលេខាចុងក្រោយត្រូវតែចុះដោយជើរ៉ាស៊ីម៉ូវឬសយហ្គូ។ ពួកគេទាំងពីរនាក់មិនចង់ធ្វើការសម្រេចចិត្តទេ”។
ក្រសួងរបស់សយហ្គូបានចោទប្រកាន់លោកព្រីហ្គោហ្ស៊ីនថានិយាយកុហកនិងកំពុងជួយសត្រូវ។
រឿងនេះកើតឡើងនៅពេលដែលអ្នកឃ្លាំមើលពូទីនដ៏លេចធ្លោម្នាក់បានអះអាងថា ប្រធានាធិបតី “មើលទៅមិនស្រួលជាខ្លាំង” នៅក្នុងសុន្ទរកថាដ៏សំខាន់របស់គាត់កាលពីថ្ងៃអង្គារ ដោយចោទជាសំណួរអំពី “សមត្ថភាពស្មារតី” របស់គាត់។
ការបែកធ្លាយចុងក្រោយនេះបញ្ជាក់ពីសង្គ្រាមបើកចំហនៅក្នុងជួរកងទ័ពធម្មតារបស់ពូទីនដែលគ្រប់គ្រងដោយក្រសួងការពារជាតិ និងក្រុមហ៊ុន Wagner ដែលជាកម្លាំងឯកជនដ៏សំខាន់ដែលគាត់កំពុងដាក់ពង្រាយនៅអ៊ុយក្រែន។
លោកសយហ្គូអះអាងថាគាត់បានផ្តល់ “អ្វីគ្រប់យ៉ាងដែលចាំបាច់ដល់អ្នកស្ម័គ្រចិត្តនិងទាហាននៃអង្គភាពវាយលុក”។
ការរអ៊ូរបស់លោកព្រីហ្គោហ្ស៊ីនអំពីកង្វះអាវុធនិងគ្រាប់ គឺជា “ការមិនពិត” ទាំងស្រុង៕