ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ​បារាំង​កំពុង​ត្រៀមដាក់​ចេញ​ការ​រឹតត្បិត​លើ​ការ​ប្រើប្រាស់​ទឹក ​បន្ទាប់​ពី​រដូវរងា​ស្ងួតហួតហែង​បំផុត​ក្នុង​រយៈពេល​៦៤​ឆ្នាំ ខណៈ​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរកំពុង​គំរាមកំហែង​ដល់​ប្រទេស​នានា​នៅ​ទូទាំង​ទ្វីបអឺរ៉ុប។

លោក គ្រីស្តូហ្វើ បេជូ (Christophe Bechu) រដ្ឋមន្ត្រីក្រសួងបរិស្ថានរបស់បារាំង បាននិយាយកាលពីថ្ងៃពុធទី២២កុម្ភៈថា ការរឹតបន្តឹងទឹកគ្រោងនឹងដាក់ឱ្យប្រើប្រាស់ចាប់ពីខែមីនានៅក្នុងចំណាត់ការមិនធ្លាប់មានពីមុនមកសម្រាប់ពេលវេលាបែបនេះនៃឆ្នាំ២០២៣។

ឥឡូវនេះវាមានរយៈពេល ៣២ ថ្ងៃហើយចាប់តាំងពីភ្លៀងធ្លាក់ចុងក្រោយ ដែលជាអំឡុងពេលគ្មានទឹកភ្លៀងដ៏អាក្រក់បំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមកត់ក្នុងឆ្នាំ ១៩៥៩។

ដំណឹងនេះកើតឡើងខណៈបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀតប្រឈមមុខនឹងការព្រួយបារម្ភស្រដៀងគ្នាជាមួយនឹងហានិភ័យនៃគ្រោះរាំងស្ងួតដ៏មហន្តរាយ និងការកើនឡើងនៃសីតុណ្ហភាព ដោយសារតែការឡើងកម្តៅផែនដី បន្ទាប់ពីខែមករាដែលក្តៅបំផុតទីបីក្នុងកំណត់ត្រា។

អាកាសធាតុមិនសមស្របតាមរដូវនៅទូទាំងទ្វីបនេះបានឃើញអាងស្តុកទឹកស្រកដល់បាតនៅក្នុងប្រទេសអេស្ប៉ាញ ផលិតកម្មដំណាំបានធ្លាក់ចុះយ៉ាងខ្លាំង និងជំនោរចុះទាប ដែលធ្វើឱ្យទូកមិនអាចធ្វើចរាចរបាននៅតាមប្រឡាយប្រវត្តិសាស្ត្ររបស់ទីក្រុងវេនីស (Venice)។

នៅក្នុងប្រទេសបារាំង ការប្រើទឹកនិងប្រព័ន្ធធារាសាស្រ្តត្រូវបានរឹតត្បិតរួចទៅហើយនៅក្នុងក្រុងចំនួន ៨៧ នៅភាគខាងត្បូង ជាវិធានការដែលធម្មតាត្រូវបានដាក់ក្នុងរដូវក្តៅជាជាងរដូវរងា ហើយកិច្ចប្រជុំជាមួយក្រុមមន្ត្រីនៅថ្ងៃសុក្រនិងថ្ងៃចន្ទនឹងពិនិត្យមើលការបន្លាយពេលលើវិធានការរឹតត្បិត នេះបើតាមរដ្ឋមន្ត្រីក្រសួងបរិស្ថានលោកបេជូ។

លោករដ្ឋមន្ត្រីបានប្រាប់ទូរទស្សន៍ Franceinfo ថា “វាមិនធ្លាប់មានពីមុនមកទេ” នៅគ្រាបែបនេះនៃឆ្នាំនេះ។ ប្រទេសបារាំងកំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន”៕

វាមានរយៈពេល ៣២ ថ្ងៃហើយចាប់តាំងពីភ្លៀងធ្លាក់ចុងក្រោយ