ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ទីលានទុកដាក់សម្រាម ស្ថិតក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេ សាប ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានសម្ពោធដាក់ឱ្យ ប្រើប្រាស់ ជាផ្លូវការហើយ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង។
លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាៈ ទីលានទុកដាក់សំរាម ក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានសាងសង់ នៅលើផ្ទៃដីសរុបទំហំ ១១,៦៥ ហិកតា ស្ថិតក្នុងភូមិ ត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ កន្លែងទុកដាក់សំរាម ត្រូវបានរចនា ឡើង ជាពីររណ្ដៅ ដែលរណ្ដៅនីមួយៗ មានក្រឡាផ្ទៃ ០,៦៤ ហិកតា (បណ្ដោយ៨០ម៉ែត្រ ទទឹង៨០ម៉ែត្រ និងជំរៅ១ម៉ែត្រ) និងមានសមត្ថភាពផ្ទុកសំរាម បានចំនួន ១២០.០០០ ម៉ែត្រគីប។ គម្រោងនេះ បានចំណាយថវិកាសាងសង់ ប្រមាណ ១,៣៩ លានដុល្លារ អាមេរិក ហើយគ្រោងដាក់ឱ្យប្រើប្រាស់ ក្នុងរយៈពេល ១០ឆ្នាំ (ឆ្នាំ២០២២ ដល់ឆ្នាំ ២០៣២) សម្រាប់ប្រជាជន ក្នុងក្រុងកំពង់ឆ្នាំង និងស្រុកដែលនៅក្បែរ ទីលានទុកដាក់ សំរាម ។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជាដៃគូអភិវឌ្ឍន៍មួយ តែងតែចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈកម្ចីឥណទាន និងបានថ្លែងអំណរក្រុមហ៊ុនសាង សង់ ក្រុមការងារត្រួតពិនិត្យបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការ យ៉ាងល្អប្រសើរ ជំរុញឱ្យការងារសាងសង់ អាចដំណើរការទៅបានដោយរលូន និងបញ្ចប់តាមផែនការ គ្រោងទុកទីលានទុកដាក់សំរាម និងចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាព ការរស់នៅរបស់បងប្អូននៅក្នុងតំបន់ និងតំបន់ជុំវិញ ជាពិសេស គឺការកាត់បន្ថយបញ្ហា ប្រឈម ទៅលើកត្តាសុខភាព និងការបំពុល បំផ្លាញបរិស្ថានផងដែរ។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាៈ កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី បានធ្វើឱ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព ដែលបានអនុញ្ញាត ឱ្យមានការសិក្សា ការសាងសង់ស្តារ និងលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ-ស្ពាន ជាបន្តបន្ទាប់ ការលើកកម្រិតគុណភាពផ្លូវជាតិ /ផ្លូវខេត្ត គម្រោងសាងសង់ផ្លូវល្បឿនលឿន គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងគម្រោងសាសង់អាកាសយានដ្ឋានថ្មីៗ ជាដើម។
ដោយសារមានសុខសន្តិភាពពេញលេញ ទើបប្រទេសមានការអភិវឌ្ឍ និងនាំមកនូវការ វិនិយោគគ្រប់ទម្រង់ ជាមួយផ្តល់ឱកាសការងារជាច្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលទាំងអស់នេះ គឺជាបច្ច័យដែលធ្វើឱ្យអត្រាអាយុសង្ឃឹមរស់ របស់ប្រជាជនខ្មែរយើង មានការកើនឡើង បើធៀបនឹងរយៈពេលជាង ២០ ឆ្នាំមុន។ អ្វីដែលជាមោទនភាពនោះ គឺអត្រាអាយុសង្ឃឹមរស់របស់កម្ពុជាយើង មានការកើនឡើង បើទោះជាប្រទេសយើង ជាប្រទេសកំពុងអភិវឌ្ឍន៍ក៏ដោយ៕ V / N